ភ្នំពេញ ៖ ជ្រុងមួយនៃភាពក្រីក្របានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជួបការលំបាកយ៉ាងខ្លាំង និង ដោយកត្តាជាច្រើននៃសង្គមបច្ចុប្បន្ន ទោះបីពលរដ្ឋភាគច្រើនមានជីវភាពកាន់តែប្រសើរក៏ដោយ ។
ជនក្រីក្រ ជនអនាថា កុមារអនាថានៅតែមានសកម្មភាពដើរសុំទាននៅគ្រប់ទីកន្លែង ជាពិសេសនៅម្តុំផ្លូវកែងភ្លើងស្តុប។ស្ត្រីរកស៊ីផ្លូវភេទនៅទីកន្លែងមួយចំនួន ពិសេសម្តុំវត្តភ្នំ ចាប់យ៉ាងណាក៏មិនអស់ដែរ ។
គេសង្កេតឃើញអាជ្ញាធរមូលដ្ឋានជារឿយៗបានចាប់ប្រមូលបញ្ជូនជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវ: ។ ប្រសិទ្ធភាពនៃការអប់រំនិងការបណ្តុះបណ្តាលដល់ពួកគេទាំងនោះទំនងជានៅកម្សោយ ទើបពួកគេចេញមកវិញសុំទាននិងបោយដៃហៅភ្ញៀវបន្តទៀតមុខដដែលៗ ។
រាជរដ្ឋាភិបាលគួរកែទម្រង់នៅចំណុចអសកម្មនេះ ដើម្បីលើកស្ទួយពួកគេឲ្យមានមុខរបរនិងអាជីពពិតប្រាកដ ទើបអាចកាត់បន្ថយនិងលុបបំបាត់បាន ។
តាមពិតព័ត៌មានពេលនេះខ្មែររីដចង់លើកឡើងពីជនអនាថា២នាក់ដែលដេកស្លាប់តាមចិញ្ចើមថ្នល់កាលពីម្សិលម៊ិញ រហូតមកទល់ថ្ងៃនេះនៅតែមុនស្គាល់អត្តសញ្ញាណ មិនដឹងថាពួកគេមានស្រុកកំណើតនៅឯណា?មានបងប្អូនឬអត់?
ជាក់ស្តែង ជនអនាថាជាស្ត្រីម្នាក់ដេកស្លាប់មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៣០ឆ្នាំជនជាតិខ្មែរសម្បុរខ្មៅស្រអែម សក់ខ្លីត្រឹមក ពាក់អាវដៃវែង ពណ៌ឈាមជ្រូក ផ្កាពណ៌ក្រហមកំពស់ប្រហែល ១,៥៥ម៉ែត្រ។ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១រសៀលថ្ងៃទី២កុម្ភះឆ្នាំ២០១៦នៅក្រោមស្ពានជ្រោយចង្វារត្រើយខាងលិច សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមការបំភ្លឺរបស់អ្នករស់នៅជិតកន្លែងកើតហេតុបំភ្លឺថា ជនរងគ្រោះជាសព កាលពី១៥ថ្ងៃមុនបានមកដេកក្រោមស្ពានដោយអត់អីហូប គាត់ក៏យកបាយទឹកឲ្យរួចសួរនាំជនរងគ្រោះថា" គាត់នៅកោះធំ"។
លុះដល់ថ្ងៃកើតហេតុ ឃើញគេរោមមើល ទើបគាត់ដឹងថាជនរងគ្រោះដែលគាត់ឲ្យបាយទឹកថ្ងៃមុនស្លាប់បាត់ទៅហើយ។សពបូជានៅវត្តទួលសង្កែ។
ករណីមួយទៀត ជនអនាថាជាបុរសម្នាក់ទៀតត្រូវបានគេប្រទះឃើញដេកស្លាប់នៅវាលខ្សាច់បឹងកក់ ផ្លូវR5 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១កន្លះថ្ងៃទី២កុម្ភះ ឆ្នាំ២០១៦ ។
ជនអនាថារូបនោះមានអាយុប្រហែល៤០ឆ្នាំសម្បុរខុមៅ កម្ពស់១,៧០ម៉ែត្រអត់ពាក់អាវស្លៀកសារុង សក់រួញអង្គារដី ។
តាមការបំភ្លឺពីសន្តិសុខនៅក្បែរនោះបានឲ្យដឹងថា គាត់ឃើញជនរងគ្រោះមកទីនេះ២ថ្ងៃហើយ ។ ដោយឃើញដេកមិនក្រោកសោះគាត់ក៏ទៅដាស់គាត់ស្លាប់បាត់ទៅហើយ។បន្ទាប់មកក៏រាយការណ៍ប្រាប់ប៉ូលិសមកពិនិត្យរួចដឹកយកទៅបូជានៅវត្តទួលអស់លោក ៕
