adverise with khmeread 1

ប៉ូលិស​ខំ​ចាប់ តុលាការ​ខំ​ដោះលែង​

   ភ្នំពេញ ៖ មន្ត្រីប៉ូលិស​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​ចំណាត់ការ​ទុនខ្សោយ​របស់​មន្ត្រី​តុលាការ​ក្រោយពី​ជនសង្ស័យ​២៥​នាក់​ពាក់ព័ន្ធ នឹង​បទល្មើស​គ្រឿងញៀន ដែល​កម្លាំង​ប៉ូលិស​ចាប់ខ្លួនបាន​ទាំង​លំបាក ត្រូវបាន​ដោះលែង​អស់ហើយ បន្ទាប់ពី​បញ្ជ​ន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​៣ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នេះ​។​

   លោក ប៊​ន សំអាត ស្នងការរង​ប៉ូលិស​រាជធានី​ភ្នំពេញ ទទួល​ផែន​គ្រឿងញៀន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ថា "​ជនសង្ស័យ​ទាំងអស់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង អ៊ុំ សុភ​ក្ត្រ ដោះលែង​អស់ហើយ ក្រោយ​ចាប់ខ្លួន ជា​បន្តបន្ទាប់​ដែល​ខ្លះ​នៅ​តំបន់​បឹង​ឈូក​ដ៏​ស្មុគស្មាញ​"​។​

   លោក​ស្នងការរង​រូបនេះ​បាន​បញ្ជាក់ថា "​យើង​ជា​សមត្ថកិច្ច​តាម​ចាប់ចង់​ងាប់​គ្មាន​ពេលដេក​ពួន តែ​ពេល​បញ្ជូនទៅ​តុលាការ​ស្រាប់តែ​ដោះលែង ដោះលែង​គ្មាន​ការគិតគូ​ពី​ភាព​នឿយហត់​របស់​សមត្ថកិច្ច​នោះឡើយ​» ។​

   លោក​បាន​បន្តទៀតថា «​តាម​បញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស្នងការ គឺ​អ្នកប្រើប្រាស់​ត្រូវបញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ប៉ុន្តែ​ពេល​យើង​ខំ​ទៅ​ចាប់ ដើម្បី​រក្សា​សន្តិសុខ​តាម​មូលដ្ឋាន កាត់បន្ថយ​បទល្មើស​លួច ឆក់ ប្លន់ បែរជា​លោក​ព្រះរាជអាជ្ញា និង​លោក​ចៅក្រម​មួយចំនួន ដោះលែង​ទាំងអស់ តើ​យុត្តិធម៌​ទេ ហើយ​ខ្ញុំ​ប្រតិកម្ម​បែបនេះ​ចង់​ដកដំណែង​ខ្ញុំ​នៅ​ថ្ងៃស្អែក ក៏​ដក​ទៅ​"​។​

   បើតាម​ស្នងការរង​រូបនេះ កន្លងទៅ​ក៏មាន​ព្រះរាជអាជ្ញា និង​ចៅក្រម​មួយចំនួន បាន​ដោះលែង​មុខសញ្ញា​គ្រឿងញៀន​នេះ ដោយ​គ្មាន​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​នោះឡើយ​។ សូម្បីតែ​តែ​ការអំពាវនាវ​របស់​ចៅហ្វាយក្រុង ក៏​មិន​ស្តាប់​ផង ដូច្នេះ​លោក​សូម​អំពាវនាវ​ដល់​តុលាការ គិតគូរ​ពី​ការនឿយហត់ និង​ការលំបាក​របស់​សមត្ថ​កិច្ច​ផង កុំ​ឲ្យ​ចាប់​បញ្ជូនទៅ​ដោះលែង​ស្រួលៗ​នោះ តើ​យើង​មាន​កម្លាំង​ឯណា​ចុះ​ចាប់​ជនល្មើស​ទៀត​។​

   ពាក់ព័ន្ធ​នឹង​ករណីនេះ ខ្មែរ​រីដ​មិនអាច​សុំ​ការបំភ្លឺ​ការ​ពី​ខាង​ស្ថាប័ន​តុលាការ បាន​នោះទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​នេះ ។​

    សូមបញ្ជាក់ថា នៅ​យប់​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦  កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​តាម​មូលដ្ឋាន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ជា​បន្តបន្ទាប់​រហូត​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​២៥​នាក់ ដកហូត​ថ្នាំ​ជាង​៥០​កញ្ចប់ និង​ម៉ូតូ​១០​គ្រឿង ហើយក៏​បញ្ជូន​ខ្លូន​ទៅ​តុលាការ ស្រាប់តែ​តុលាការ​សម្រេច​ដោះលែង​ទាំងអស់​តែម្តង​៕​

adverise with khmeread

មតិយោបល់