adverise with khmeread 1

គន្លឹះ ១០ ជួយ​ឱ្យ​ការនិយាយ​ភាសា​អង់គ្លេស​របស់​អ្នក​ឆាប់​ស្ទាត់ជំនាញ​

​    ​ការអនុវត្ត​ការនិយាយ​ភាសា​អង់គ្លេស​គឺជា​ផ្នែក​មួយ​ដ៏​សប្បាយរីករាយ​បំផុត​ចំពោះ​អ្នករៀន​ភាសា​អង់គ្លេស​។ នៅពេលណា​ដែល​អ្នក​ចាប់ផ្តើម​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​តិចតួច​ភ្លាម វិធី​ជាច្រើន​ដើម្បី​ពង្រឹង​ជំនាញ​និយាយ​នឹង​ហូរ​មក​ដោយ​ឯកឯង​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​ចំនួន ១០ សម្រាប់​ជួយ​ឱ្យ​អ្នក​ពង្រឹង​ការនិយាយ​ភាសា​អង់គ្លេស និង​អាច​រក្សា​ភាព​រីករាយ​ថែម​ទៀតផង​ខណៈ​កំពុង​អនុវត្តតាម​៖

​    ​១. និយាយ​, និយាយ​, និយាយ​! កុំ​ខ្លាច​ខុស​
​    ​ត្រូវ​និយាយ​អង់គ្លេស​រាល់ថ្ងៃ​ទៅកាន់​មិត្តភក្តិ​ឱ្យបាន​ច្រើន ឬ​នរណា​ក៏បាន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ កុំ​ខ្មាសអៀន​។ កុំ​ខ្លាច​កំហុស​។ ការដែល​កាន់តែ​អនុវត្ត អ្នកនឹង​កាន់តែ​មាន​ទំនុកចិត្ត​។ ជាពិសេស​កុំ​បារម្ភ​អំពី​ការបញ្ចេញ​សំឡេង ព្រោះ​អ្នក​អាច​កាច់​តុង​បាន​តាម​ក្រោយ​ទេ នៅពេល​និយាយបាន​ស្ទាត់ជំនាញ​។

​    ​២. ប្រើ​បច្ចេកវិជ្ជា​
​    ​ស្មា​ត​ហ្វូ​ន​អាចជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​រៀន​ភាសា​។ ប្រើ​វា​ដើម្បី​ថត​សំឡេង​ខ្លួនឯង​រួច​ចាក់​ស្តាប់​ឡើងវិញ​ថា​តើ​សំឡេង​ភាសា​អង់គ្លេស​របស់​អ្នក​ទៅកាន់​អ្នកដទៃ​វា​យ៉ាងម៉េច​ខ្លះ​។ ក្រៅពីនេះ​អ្នក​អាច​ស្វែងរក App ល្អៗ​ជាច្រើន​សម្រាប់​យកមក​អនុវត្តតាម​ផងដែរ ដូចជា​កម្មវិធី NaturalEnglish ជាដើម​។
​    ​
​    ​៣. ស្តាប់​
​    ​ត្រូវ​ស្តាប់​ព័ត៌មាន​និង​ចម្រៀង​ជា​ភាសា​អង់គ្លេស ដើម្បី​ស្តាប់​ឱ្យ​ស្គាល់​ការប្រកប​ពាក្យ​នីមួយៗ​។ តាម​វិធី​នេះ អ្នក​ក៏​អាច​រៀន​ពាក្យ និង​ឃ្លា​ថ្មីៗ​ផងដែរ​។ កាន់តែ​ស្តាប់ កាន់តែ​ចេះ​! ព្យាយាម​និយាយ​តាម​អ្វីដែល​អ្នក​បាន​ស្តាប់ និង​រៀន​ស្តាប់​ពី​របៀប​សង្កត់​សំឡេងរ​បស់ពាក្យ​នីមួយៗ​។

​    ​៤. អាន​ឱ្យឮៗ​
​    ​អាន​ទស្សនា​វ​ដ្តី​ឬ​កាសែត​ជា​ភាសា​អង់គ្លេស​ឱ្យឮៗ​សម្រាប់​ស្តាប់​ខ្លួនឯង​។ អ្នក​ក៏​អាច​ជ្រើស​យក​សម្រង់​អត្ថបទ​ចេញពី​កម្មវិធី​ទូរទស្សន៍​ដែល​ពេញចិត្ត​យកមក​អាន​ក៏បាន​! នេះ​គឺជា​វិធី​អស្ចារ្យ​បំផុត​ដើម្បី​អនុវត្ត​ការប្រកប ព្រោះ​អ្នកត្រូវការ​ផ្តោត​តែ​លើ​របៀប​បញ្ចេញ​សំឡេង​ឱ្យ​អស្ចារ្យ​តែប៉ុណ្ណោះ ដូច្នេះ​សូមកុំ​បារម្ភ​អំពី​សំណង់​ប្រយោគ ឬ​វេយ្យាករណ៍​ឱ្យសោះ​។

​    ​៥. រៀន​ពាក្យថ្មីៗ​រៀងរាល់ថ្ងៃ​
​    ​ជ្រើសរើស​ពាក្យ​ដែល​យល់ថា​ល្អ ហើយ​យក​វា​មក​អនុវត្ត​ក្នុង​ប្រយោគ​ខុសៗ​គ្នា​ឱ្យបាន​ច្រើន​។ ប្រើពាក្យ​នេះ​រហូត​ទាល់តែ​ចេះ​ស្ទាត់ សឹម​បន្ត​ស្វែងរក​ពាក្យថ្មី​បន្ទាប់​ទៀត​។

​    ​៦. មើល​ភាពយន្ត​ជា​ភាសា​អង់គ្លេស
​    ​សូម​ទស្សនា​ភាពយន្ត​ជា​ភាសា​អង់គ្លេស និង​យកចិត្តទុកដាក់​លើ​ពាក្យថ្មីៗ និង​ការប្រកប​។ ធ្វើ​ត្រាប់​តាម​តួអង្គ​ក្នុង​រឿង រួច​និយាយ​តាម​នឹង​ពិតជា​ធ្វើឱ្យ​អ្នក​រីករាយ​នឹង​ការរៀន​អង់គ្លេស​ជាក់​ជាពុំខាន​។

​    ​៧. បង្កើត​មិត្ត​
​    ​បង្កើត​មិត្ត​ជាមួយ​មនុស្ស​ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស ឬ​អ្នក​ដែល​កំពុង​រៀន​និយាយ​ភាសា​អង់គ្លេស​។ និយាយ​ពីអ្វី​ដែល​អ្នក​បាន​រៀន និង​ផ្លាស់ប្តូរ​គំនិត​គ្នា​ទៅវិញទៅមក​។

​    ​៨. ធ្វើ​សកម្មភាព​ដែល​ចាប់អារម្មណ៍​ជា​ភាសា​អង់គ្លេស
​    ​រៀន​ធ្វើ​ម្ហូប​ជា​ភាសា​អង់គ្លេស ឬ​ចូលរួម​ក្លឹប​អាន​សៀវភៅ​អង់គ្លេស (​បើ​អត់​មាន​អ្នក​អាច​កេណ្ឌ​គ្នីគ្នា​បង្កើត​វា​ឡើង​ក៏បាន​)! ត្រូវ​ប្រាកដថា​រាល់​សកម្មភាព​ដែល​ធ្វើ​គឺ​ត្រូវ​និយាយ​ជា​ភាសា​អង់គ្លេស​ទាំងអស់​។ ការនិយាយ​អង់គ្លេស​អំពី​រឿងរ៉ាវ​នានា​ដែល​អ្នក​ចូល​ចិត្តនឹង​ធ្វើឱ្យ​ការនិយាយ​កាន់តែ​ឆាប់​ស្ទាត់ជំនាញ​។

​    ​៩. តស៊ូ​មតិ​
​    ​ត្រូវ​តស៊ូ​មតិ​គ្រប់​ប្រធានបទ​ដែល​អារម្មណ៍​ជាមួយ​មិត្តភក្តិ ជា​ភាសា​អង់គ្លេស​។ ព្យាយាម​ប្រើពាក្យ​ដែល​ចេះ​ទាំង​អំបាលម៉ាន​តាម​លទ្ធភាព​ដែលមាន ដើម្បី​លើកឡើង​ពី​ចំណុច​ដែល​ខ្លួន​អ្នក​កំពុង​តស៊ូ​មតិ ដូច្នេះ​ទើប​អ្នក​អាច​ការពារ​ប្រធានបទ​របស់​អ្នក​ដោយមាន​ប្រសិទ្ធភាព​។

​    ​១០. ប្រើ​វចនានុក្រម​អន​ឡាញ​ឬ​អេ​ឡិច​ត្រូ​និ​ច​
​    ​វចនានុក្រម​អន​ឡាញ​ភាគច្រើន​មាន​ឧទាហរណ៍​ជា​សំឡេង ដូច្នេះ​អ្នកនឹង​អាច​ឆែក​មើល​ការប្រកប​។ ក្រៅពីនេះ​ក៏មាន​កម្មវិធី​វចនានុក្រម​អស្ចារ្យ​ជាច្រើន​នៅលើ​ទូរស័ព្ទ​ផងដែរ​។ អ្នក​អាច​រកបាន​គ្រប់​ប្រភេទ​វចនានុក្រម​ទាំងអស់​ដែល​អ្នកត្រូវការ​។ តែ​ត្រូវ​ធ្វើឱ្យ​ប្រាកដថា អ្នក​នឹងមិន​ពឹងផ្អែក​ខ្លាំង​ទៅលើ​ឧបករណ៍​ទាំងនេះ​ទេ​៕

adverise with khmeread
ប្រភព៖ englishlive

អ្នកនឹងចូលចិត្ត

មតិយោបល់