adverise with khmeread North korea 5 2

ជប៉ុន​ប្រមូល​សព្វ​អស់​សព្វាវុធ​ទំនើបៗ​ចាំ​ត្រៀម​បាញ់​រ៉ុក្កែត​កូរ៉េខាងជើង​

​    ​ប្រទេស​ជប៉ុន​បានដាក់​យោធា​របស់ខ្លួន​ឱ្យ​ប្រុង​ជើងការ​ខ្ពស់​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បាញ់​ទម្លាក់​រ៉ុក្កែត​កូរ៉េខាងជើង ប្រសិនបើ​វា​គំរាមកំហែង​ដល់​ប្រទេស​ជប៉ុន ខណៈ​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា កូរ៉េខាងជើង​នឹង "​ខាតបង់​ធ្ងន់ធ្ងរ​" ប្រសិនបើ​ខ្លួន​នៅតែ​បន្ត​ការបាញ់​ផ្កាយរណប ដែល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ចាត់ទុកថា​ជាការ​ធ្វើតេស្ត​មី​ស៊ី​ល​នោះ​។ 

​    ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា កូរ៉េខាងជើង​គួរតែបញ្ឈប់​ការបាញ់​រ៉ុក្កែត​ដែល​បានគ្រោង​ទុក​នេះ​ជាបន្ទាន់ ដែល​នេះ​ជាការ​រំលោភ​មួយ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ (UN)​។ 

​     ការព្រមាន​របស់​សេ​អ៊ូ​ល​ធ្វើឡើង​បន្ទាប់ពី កូរ៉េខាងជើង​បាន​ជូនដំណឹង​ដល់​បណ្តា​ទីភ្នាក់ងារ​របស់ UN កាលពី​ថ្ងៃ​អង្គារ​អំពី​ផែនការ​របស់ខ្លួន​ក្នុង​ការបាញ់​បង្ហោះ​នូវ​អ្វីដែល​ខ្លួន​ហៅថា "​ផ្កាយរណប​អង្កេត​លើ​ផែនដី​" នៅ​ចន្លោះ​ថ្ងៃទី ៨ និង ២៥ ខែកុម្ភៈ​។ 

​    ​វិមាន​ខៀវ ឬ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បានឱ្យដឹងថា "​សេចក្តីជូនដំណឹង​រប​ស់​កូរ៉េខាងជើង​ដើម្បី​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ដែល​ធ្វើឡើង​ចំពេល​ដែលមាន​ការពិភាក្សា​ដើម្បី​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ទាក់ទង​នឹង​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់​កូរ៉េខាងជើង​នោះ គឺជា​ការ​បបួល​រករឿង​ដោយផ្ទាល់​ចំពោះ​សហគមន៍​អន្តរជាតិ​។ យើង​សូម​ព្រមាន​ខ្លាំងៗ​ថា កូរ៉េខាងជើង​នឹង​ខាតបង់​ធ្ងន់ធ្ងរ​...​ប្រសិនបើ​ខ្លួន​នៅតែ​បន្ត​ផែនការ​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​"​។ 

​    ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បាន​មានប្រសាសន៍ថា លោក​អាច​នឹង​សហការ​ជាមួយ​អាមេរិក និង​ប្រទេស​ផ្សេងទៀត "​ដើម្បី​ទាមទារ​យ៉ាងទទូច​" ឱ្យ​កូរ៉េខាងជើង​ដកថយ​ចេញពី​អ្វីដែល​លោក​ពណ៌នា​ថា​ជាការ​បាញ់​មី​ស៊ី​ល​ដែល​បាន​គ្រោងទុក​នោះ​"​។ 

​    ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍ ណា​កា​តានី បាន​បញ្ជា​ឱ្យ​អង្គភាព​ការពារ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ឬ​បាល​លី​ស្ទីក​រួមទាំង​នាវា​ពិឃាត Aegis នៅ​សមុទ្រ​ជប៉ុន និង​ក្រុម​រថយន្ត​ខែល​ការពារ​មី​ស៊ី​ល Patriot នៅ​មាត់សមុទ្រ​ត្រៀមខ្លួន​បាញ់​ទម្លាក់​រ៉ុក្កែត​កូរ៉េខាងជើង​ណា​ដែល​គំរាម​ដល់​ប្រទេស​ជប៉ុន​ផងដែរ​។ 

     ​គួរ​បញ្ជាក់ថា រ៉ុក្កែត​ទំនងជា​ហោះ​រំលង​កោះ​អូ​គី​ណា​វ៉ា​ភាគខាងត្បូង​ប្រទេស​ជប៉ុន​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​នៅ​រយៈកម្ពស់​ធៀប​នីវ៉ូ​សមុទ្រ​ប្រមាណ​រាប់រយ​គីឡូម៉ែត្រ​៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់