adverise with khmeread 1

អ្វី​ទៅជា​វីរុស​ហ្ស៊ី​កា​? តើ​វា​មាន​គ្រោះថ្នាក់​កម្រិតណា​?

    ​មនុស្ស​ជាច្រើន​ចង់ដឹង​ច្រើន​អំពី​ជំងឺ​ដែល​កំពុង​រាតត្បាត​យ៉ាង​លឿន​ទូទាំង​ទ្វីបអាមេរិក​ខាងត្បូង និង​កណ្តាល​។ វា​ត្រូវបាន​គេ​ហៅថា វីរុស​ហ្ស៊ី​កា (Zika)​។

​    ​លោកស្រី ម៉ា​ហ្គា​រ៉េត ចាន់ (Margaret Chan) អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO បាន​ថ្លែង​ក្នុង​សន្និសីទ​ពិសេស​មួយ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា "​កាលពី​ឆ្នាំមុន ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅ​ទ្វីបអាមេរិក ជាទី​ដែល​វា​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​បំផុត​"​។

​    ​លោកស្រី​ម៉ា​ហ្គា​រ៉េត​បាន​ថ្លែងថា "​ទម្រង់​ហានិភ័យ​របស់​ហ្ស៊ី​កា​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ពី​ការគំរាមកំហែង​កម្រិត​ស្រាល​ទៅជា​ការគំរាមកំហែង​ដ៏​គួរឱ្យ​ភ័យខ្លាច​។ ឧប្បត្តិហេតុ​នៃ​សភាព​មាន​ក្បាល​តូច​ជាង​ធម្មតា ឬ​ហៅថា Microcephaly គឺជា​ការប្រកាសអាសន្ន​ដ៏​ច្បាស់ក្រឡែត​មួយ ខណៈដែល​វា​បាន​បន្ថែម​ការលំបាក​គួរឱ្យ​ខ្លោចចិត្ត​ទៅលើ​ក្រុមគ្រួសារ និង​សហគមន៍​នានា​"​។

​    ​ឥឡូវនេះ​មាន​ករណី​ដែល​បាន​រាយការណ៍​ក្នុង​សហរដ្ឋអាមេរិក​រួចទៅហើយ​។ WHO បាន​ព្យាករណ៍​ថា ជំងឺ​នេះ​នឹង​រីក​រាលដាល​ពេញ​ទ្វីបអាមេរិក​កណ្តាល ខាងត្បូង និង​ខាងជើង លើកលែង​ប្រទេស​ពីរ គឺ​កាណាដា និង​ស៊ី​លី​។ គេ​ជឿថា​មូស​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការចម្លង​ជំងឺ​នេះ​។ ហ្ស៊ី​កា​អាច​ឆ្លង​រាលដាល​តាមរយៈ​ការបញ្ចូល​ឈាម​ផងដែរ ប្រសិនបើ​ឈាម​ដែល​ផ្តល់ឱ្យ​នោះ​មាន​ផ្ទុក​វីរុស​ហ្ស៊ី​កា​។

​    ​រោគសញ្ញា​នៃ​ជំងឺ​ហ្ស៊ី​កា​គឺ​ស្រដៀង​ទៅនឹង​ជំងឺ​ផ្តាសាយធំ​ដែរ ក្នុងនោះ​មាន​គ្រុនក្តៅ កន្ទួល ឈឺសន្លាក់ និង​ភ្នែក​ក្រហម​។ មនុស្ស​តែ ១​គត់​ក្នុងចំណោម ៥ នាក់ ដែល​ឆ្លង​វីរុស​នេះ​បាន​វិ​វត្ត​ទៅជា​ជំងឺ​ហ្ស៊ី​កា ហើយ​ជាទូទៅ​អ្នក​ឆ្លង​នឹង​ធូរស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​ឬ​ទៅមួយ​សប្តាហ៍​។

​    ​រី​រុស​ហ្ស៊ី​កា​មាន​គ្រោះថ្នាក់​ទ្វេដង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​អាច​បណ្តាលឱ្យមាន​ពិការភាព​ពី​កំណើត​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​កូន​របស់​ពួកគេ ភាគច្រើន​គឺ​កើតមក​មាន​ក្បាល​តូច​ខុសធម្មតា​។ ទារក​ដែល​កើតមក​ជាមួយនឹង​ជំងឺ​នេះ​គឺមាន​ក្បាល​តូច​ខុសពី​ធម្មតា ហើយ​ខួរក្បាល​មិនអាច​អភិវឌ្ឍ​បាន​ប្រក្រតី​ទេ​ពេល​ស្ថិតក្នុង​ស្បូន​។ វា​អាច​ពាំ​នាំមក​នូវ​ជំងឺ​ផ្សេងៗ​មកជា​មួយទៀត​ដូចជា ប្រកាច់ ងងឹតភ្នែក និង​ជំងឺ​វិកល​ច​រិ​ក​។

​    ​សព្វថ្ងៃ​ពុំទាន់​មាន​វ៉ាក់សាំង​សម្រាប់​វីរុស​ហ្ស៊ី​កា​នៅឡើយ​ទេ​។ អ្នក​អាច​ចៀស​ផុតពី​ជំងឺ​នេះ​បាន​ទាល់តែ​ចៀស​កុំឱ្យ​មូស​ខាំ​។ អ្នក​គួរ​ស្លៀកពាក់​អាវដៃវែង និង​ខោជើងវែង ដើម្បី​កុំឱ្យ​ចេញ​ស្បែក ឬ​ប្រើ​ធូបមូស​។ ក្រៅពី​ថ្នាំ​បាញ់​មូស ប្រេង​លាប​សំខាន់ៗ​មួយចំនួន​ក៏​អាច​ទប់​កុំឱ្យ​មូស​មក​ខាំ​បានដែរ​។ ប្រេង​ស្លឹកគ្រៃ និង​ប្រេងខ្យល់​គឺ​ស្ថិត​ក្នុងចំណោម​ប្រេង​ដែលមាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​មូស​តាមបែប​ធម្មជាតិ​។

​    ​* រឿង ៥ ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​ពី​វីរុស​ហ្ស៊ី​កា​៖
១. វីរុស​ហ្ស៊ី​កា​ពុំទាន់​មាន​វ៉ាក់សាំង​ទេ​។
២. វីរុស​នេះ​ឆ្លងតាម​រយៈ​មូស​ខ្លាខាំ​។
៣. រី​រុស​នេះ​ឥឡូវ​មាននៅ​ប្រទេស​ដូចជា​៖ បា​បា​ដូ​ស​, បូ​លី​វី​, ប្រេ​ស៊ី​ល​, Cape Verde, កូ​ឡុំ​ប៊ី​, សាធារណរដ្ឋ​ដូ​មី​និក​, អេក្វាទ័រ​, អែល​សាល់​វ៉ា​ឌ័​រ​, French Guiana, Guadeloupe, ក្វា​តេ​ម៉ា​ឡា​, Guyana, ហៃ​ទី​, ហុង​ឌុយ​រ៉ា​ស​, Martinique, ម៉ិ​ក​ស៊ិ​ក​, ប៉ា​ណា​ម៉ា​, ប៉ា​រ៉ា​ហ្គា​យ​, ព័រ​តូ​រី​កូ​, Saint Martin, Suriname, Samoa, Virgin Islands, សហរដ្ឋអាមេរិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។
៤. ដោយសារ​គ្មាន​វ៉ាក់សាំង​ឬ​ការព្យាបាល​នៅឡើយ អ្នក​ត្រូវ​ចៀសវាង​ធ្វើដំណើរ​ទៅ​ប្រទេស​ដែល​បាន​រៀបរាប់​។
៥. ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​មន្ទីរពិសោធន៍​ជុំវិញ​ពិភពលោក​ដើម្បី​បង្កើត​វ៉ាក់សាំង​ការពារ​វីរុស​ហ្ស៊ី​កា​។​

​    ​សូម​ចែករំលែក​អត្ថបទ​នេះ​ដល់​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ឱ្យ​បានដឹង​គ្រប់ៗ​គ្នា​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ជាមុន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ិ​ច​ស្ពឺ​ត​គ្រុប

អ្នកនឹងចូលចិត្ត

មតិយោបល់