adverise with khmeread Lpbt

អំណាច​នៃ​ស្នាមញញឹម​

+ មេត្រីភាព​តែង​បង្ក​ឲ្យ​មានរឿង​ល្អៗ​កើតឡើង​.....

​    ​មនុស្ស​ម្នាក់ៗ​រួមផ្សំ​ដោយ​ផ្នែក​រូបី​និង​អរូបី​។ រូប​កាយ គឺជា​ផ្នែក​ដែល​យើង​មើលឃើញ​ដោយ​ភ្នែក គឺជា​ផ្នែក​រូបី ដែល​យើង​អាច​មើល​ដឹង​ពី​រូបរាង​លក្ខណៈ​ទ្រង់ទ្រាយ សកម្មភាព រួមទាំង​ការសម្ដែង​របស់​ចិត្ត​ផងដែរ ដូចជា​ពេល​ខឹង ពេល​សប្បាយ ពេល​កើតទុក្ខ​.... សុទ្ធតែ​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​តាម​ឥរិយាបថ​របស់​រូបកា​យ​ផងដែរ​។ ចិត្តគំនិត​និង​អារម្មណ៍ ទោះបីជា​យើង​អាច​កាត់​យល់បាន​ខ្លះ​តាមរយៈ​កាយវិការ ប៉ុន្ដែ​វា​ក៏​មិនអាច​ឲ្យ​យើង​មើល​ដឹង​យ៉ាង​ជាក់លាក់ ថា​វា​នៅត្រង់ណា ឬ​មាន​រូបរាង​ដូចម្ដេច​ដែរ​។ នោះ​គឺជា​ផ្នែក​អរូបី​របស់​មនុស្ស​។​

​    ​អ្វីដែល​យើង​កត់សម្គាល់​រវាង​ផ្នែក​រូបី​និង​អរូបី ឬ​ដែល​យើង​ហៅ​តាម​វិធី​ដ៏​ស្រួល​ថា កាយ​និង​ចិត្ត នោះ វា​តែងមាន​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ មិនអាច​កាត់ផ្ដាច់​ពីគ្នា​បានឡើយ​។ ឧទាហរណ៍ ពេល​យើង​មាន​របួស​លើ​រូប​កាយ ចិត្ត​របស់​យើង​ក៏​ទទួលបាន​ការឈឺចាប់​ជាមួយ​កាយ​... ពេល​យើង​មាន​សុខ​ភាពល្អ អារម្មណ៍​របស់​យើង​ក៏មាន​ភាពស្រស់​ស្រាយ​... ផ្ទុយទៅវិញ ពេល​យើង​កើតទុក្ខ សព៌ាង្គកាយ​យើង​ក៏​ចុះខ្សោយ ទៅជា​អស់កម្លាំង​ល្ហិតល្ហៃ​.... ឬ​ពេល​យើង​មាន​អារម្មណ៍ល្អ សប្បាយរីករាយ​សព៌ាង្គ​កាយ​របស់​យើង​ហាក់ដូចជា​រឹងប៉ឹង មាន​កម្លាំងកំហែង​ពេញលេញ ធ្វើ​អ្វីៗ​ក៏​ចេះតែ​ត្រូវ ចេះតែ​សម​អញ្ចឹង​ទៅ​។​

​    ​អំពើ​ណាមួយ​ដែល​បង្ក​ឲ្យ​ខ្លួនឯង​ឬ​អ្នកដទៃ​មានការ​ពេញចិត្ត មាន​អារម្មណ៍​រំភើប​រីករាយ ជួយ​ឲ្យ​ផ្នែក​ផ្លូវចិត្ត​និង​ផ្លូវកាយ​ធ្វើការ​បានល្អ យើង​តែង​ហៅថា ការផ្ដល់​កម្លាំងចិត្ត​។​

+ ការផ្ដល់​កម្លាំងចិត្ត តែង​បង្ក​ឲ្យ​មានរឿង​ល្អៗ​កើតឡើង​....

​    ​នេះ​ជា​ថ្ងៃ​ដំបូង​ដែល វីល្លៀម ត្រូវ​ចូលខ្លួន​ទៅ​បង្រៀន​នៅ​មហាវិទ្យាល័យ​កាលី​ហ្វ​ញ៉ា ក្នុងឋានៈ​ជា​គ្រូឧទ្ទេស​នាម​ពិសេស​។ វិ​ល្លៀម​ដើរចូល​ទៅក្នុង​សាល​ដោយ​ក្ដីរំភើប​ញាប់​ញ័រ​ក្នុង​ចិត្ត​។ គេ​ញញឹម​និង​និយាយ​រាក់ទាក់​បន្ដិចបន្តួច​ទៅកាន់​និស្សិត​ដោយ​ក្ដី​អៀនប្រៀន​។ ប៉ុន្ដែ​ពួក​និស្សិត​ដែល​កំពុង​អង្គុយ​នៅក្នុង​សាល​ដ៏​ធំ​នោះ បែរជា​អង្គុយ​ធ្វើ​ភ្នែក​ស្លឺ ពុំមាន​នរណាម្នាក់​បាន​សម្ដែង​ការស្វាគមន៍​តបត​អ្វី​ឡើយ​។ នៅពេលនោះ វិ​ល្លៀម​មាន​អារម្មណ៍​ថា ខ្លួន​ធ្វើ​អ្វី​ដូចជា​មិនត្រូវ​ទំនង​ទាល់តែសោះ​។ គេ​ខំ​បន្លប់​ចិត្ត​របស់ខ្លួន​ដោយ​ធ្វើជា​ខំ​ពិនិត្យ​ឯកសារ​ចុះឡើង​មួយសន្ទុះ ទើប​ចាប់​ផ្ដើមធ្វើ​អធិប្បាយ​មេរៀន​ទាំង​រតាក់រ​តុ​ប​។ ចំណែក​ពួក​និស្សិត​ដែល​អង្គុយ​នៅក្នុង​បន្ទប់​នោះ ហាក់ដូចជា​ពុំមាន​នរណា​យកចិត្តទុកដាក់​ស្ដាប់​ការពន្យល់​របស់ខ្លួន​ទាល់តែសោះ​។​

​    ​ក្នុងពេលដែល​អារម្មណ៍​កំពុងតែ​ច្របូកច្របល់​ជាមួយ​ស្ថានការណ៍​ដ៏​ស្មុគស្មាញ​នៅ​ចំពោះមុខ​បែបនេះ វិ​ល្លៀម ក្រឡេក​ទៅ​ឃើញ​និស្សិត​ស្រី​ម្នាក់​អង្គុយ​នៅ​ជួរ​ទី​៥ កំពុង​អង្គុយ​យ៉ាង​ត្រង់​ខ្លួន និង​ផ្ដោត​ការយកចិត្តទុកដាក់​ម​កលើ​បទ​អត្ថាធិប្បាយ​របស់ខ្លួន​ជាខ្លាំង​។ នាង​មាន​សម្បុរ​ស្រអែម កែវភ្នែក​ភ្លឺ​ថ្លា សក់​ពណ៌​ទង់ដែង ទំនងជា​មនុស្ស​ស្រស់ស្រាយ​និង​ឈ្លាសវៃ​គួរសម​។ ភ្នែក​នាង​សម្លឹង​មកកាន់​វិ​ល្លៀម ភ្ជាប់​ជាមួយនឹង​ស្នាមញញឹម ជាការ​បញ្ជាក់​ឲ្យ​ដឹងថា នាង​កំពុង​ចាប់អារម្មណ៍​និង​ផ្ដល់​តម្លៃ​ស្នាមញញឹម ជាការ​បញ្ជាក់​ឲ្យ​ដឹងថា នាង​កំពុង​ចាប់អារម្មណ៍​និង​ផ្ដល់​តម្លៃ​អំពី​អ្វីដែល វិ​ល្លៀម កំពុងតែ​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ពេលនេះ​។ ពេល វិ​ល្លៀម និយាយ​បញ្ជាក់​ដល់​ចំណុច​សំខាន់ៗ នាង​ងក់ក្បាល់​យល់ស្រប ប្រកបដោយ​ទឹកមុខ​សម្ដែង​ការពេញចិត្ត​ព្រមទាំង​កត់ត្រា​ទៅក្នុង​សៀវភៅ​របស់ខ្លួន​ផងដែរ​។​

​    ​វិ​ល្លៀម ប្រៀប​ដូច​មនុស្ស​ដែល​កំពុងតែ​ស្រេកទឹក​ឡើង​ស្ងួត​បំពង​ក ហើយ​ទទួលបាន​ទឹក​ត្រជាក់​មួយ​កែវ ក្រេប​ចូលទៅក្នុង​ពោះ​ដូច្នោះ​ដែរ​។ គេ​ស្រាប់​តែមាន​កម្លាំង​ប្រឺស ធ្វើ​អត្ថាធិប្បាយ​បន្ត​ដោយ​ភាពកក់ក្ដៅ ប្រកបដោយ​ការជឿជាក់​នៅក្នុង​ចិត្ត ព្រោះ​គេ​ទទួលបាន​អារម្មណ៍​ថា អ្វីដែល​ខ្លួន​កំពុង​ធ្វើ​អត្ថាធិប្បាយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ពួក​និស្សិត​ពិតប្រាកដ​មែន​។​

​    ​អ្វីៗ​ក៏​ប្រែ​មកជា "​ល្អ​ឡើងវិញ​"​។ វិ​ល្លៀម កាន់​តែមាន​លក្ខណៈ​ស្វាហាប់​ជាង​មុន​បន្តិច​ម្ដងៗ អធិប្បាយ​បាន​លះៗ មុតៗ ជា​បន្តបន្ទាប់​។ មួយសន្ទុះ​ក្រោយមក វិ​ល្លៀម សង្កេតឃើញថា និស្សិត​ដទៃ​ផ្សេងទៀត​កំពុង​យកចិត្តទុកដាក់​ស្ដាប់​ក្ដី​អធិប្បាយ​និង​ខំ​កត់ត្រា​កាន់តែច្រើន​ទៅៗ​ផងដែរ​។​

​    ​និស្សិត​ស្រី​ដ៏​គួរ​ឲ្យ​ពេញចិត្ត​ម្នាក់នេះ បាន​ជួយ វិ​ល្លៀម ឲ្យ​ឆ្លង​រួច​ផុតពី​ដំណាក់កាល​ដ៏​តានតឹង​បំផុត​មួយ​។ ក្រោយ​ម៉ោង​បង្រៀន វិ​ល្លៀម បាន​រកមើល​ក្នុង​បញ្ជី​ឈ្មោះ​របស់​និស្សិត ទើប​ស្គាល់​ថា​នាង​ឈ្មោះ លី​ដៀ​។ ជាច្រើន​សបា្ដហ៍​បន្ទាប់ពី​នោះមក​ទៀត វិ​ល្លៀម​បាន​ពិនិត្យមើល​របាយការណ៍​ព្រមទាំង​លំ​ហាត់​និង​កិច្ច​ការដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ គេ​មើលឃើញថា កិច្ចការ​គ្រប់យ៉ាង​របស់ លី​ដៀ បង្ហាញ​ឲ្យ​ឃើញ​ពី​គំនិត​ច្នៃប្រឌិត ភាព​ហ្មត់ចត់ និង​មាន​លក្ខណៈ​កំប្លែង​ស្ងួត​ប្រកបដោយ​អារម្មណ៍​ស្រស់ថ្លា​មួយបែប​។​

​    ​វិ​ល្លៀម សុំ​ឲ្យ​និស្សិត​ដែល​បាន​រៀន​ជាមួយ​ខ្លួន​ទាំងអស់គ្នា មកជួប​សំណេះសំណាល​នៅឯ​ការិយាល័យ​របស់ខ្លួន ដើម្បី​បង្ក​ឲ្យ​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា និង​ដើម្បី​បានដឹង​ពី​បញ្ហា​ផ្សេងៗ​របស់គេ​ម្នាក់ៗ​ផងដែរ​។ ជាការ​ពិតណាស់ និស្សិត​ដែល​គេ​រង់ចាំ​ជាពិសេស​នោះ​គឺ លី​ដៀ​។ វិ​ល្លៀម​ចង់​ថ្លែងអំណរគុណ​និង​ចង់​និយាយប្រាប់​ឲ្យ​នាង​ដឹងថា នាង​បាន​ជួយសង្គ្រោះ​ខ្លួនគេ​ឲ្យ​ឆ្លង​ផុតពី​ស្ថានការណ៍​ដ៏​សែន​អាប់អួរ​ដូចម្ដេចខ្លះ កាលពីពេល​ទើបនឹង​ចូលមក​បង្រៀន​ជា​លើកដំបូង​នោះ ហើយ​ព្រមទាំង​ចង់​លើកទឹកចិត្ត​ឲ្យ​នាង​បន្ដ​រក្សា​នូវ​សន្ដាន​ចិត្ត​ស្រស់ស្រាយ ផ្ដល់នូវ​ក្ដី​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​អ្នកដទៃ​ជា​រៀងរហូត​តទៅ​។​

​    ​ជាការ​ពិតណាស់ ការផ្ដល់​កម្លាំងចិត្តរ​វាង​គ្នា​នឹង​គ្នា តែង​បង្ក​ឲ្យ​កើតរឿង​ល្អៗ មនោសញ្ចេតនា​ល្អៗ ធ្វើ​ឲ្យ​ពិភពលោក​រីក​ស្រស់ញញឹម​... និង​ជាពិសេស​ទៅទៀត​វា​ពុំមាន​អ្វីដែល​គួរ​ឲ្យ​ពិបាកធ្វើ​នោះឡើយ​ដូចជា គ្រាន់តែ​ប្រើ​ស្នាមញញឹម សម្ដែង​ការយល់​ចិត្ត​នៅពេល​គ្នា​មាន​វិបត្តិ លើកសរសើរ​បង្ហាញ​ពី​សន្ដាន​ចិត្ត​ឈឺឆ្អាល មិន​និយាយ​ឲ្យ​គេ​ឈឺចាប់ ដែល​អ្វី​ទាំងនេះ វា​ពុំមាន​ពិបាក​ត្រូវ​ចាយលុយ ឬ​ធ្ងន់ធ្ងរ​ដូច​ជាលី​បាវ​អង្ករ​អ្វី​ទេ ប៉ុន្ដែ​ហេតុអ្វី​ក៏​នៅតែមាន​អ្នកខ្លះ​មិន​ព្រមធ្វើ​? ឬមួយ​ត្រឡប់​ជា​ធ្វើ​ផ្ទុយទៅវិញ​?

​    ​និយាយ​ពី​ច្បាប់​កម្មផល បើ​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​គេ​អ្នកនឹង​បានទទួល​ក្ដី​ស្រឡាញ់​ត្រឡប់មកវិញ​។ បើ​អ្នកផ្ដល់​កាន់តែច្រើន អ្នកនឹង​ទទួល​ការ​រាប់អាន​កាន់តែច្រើន​មកវិញ​។ បើ​ផ្ដល់​សេចក្ដីសុខ អ្នកនឹង​ទទួល​សេចក្ដីសុខ បើ​អ្នកផ្ដល់​ការក្ដៅក្រហាយ អ្នក​ក៏ត្រូវ​ត្រៀម​ទទួល​រឿង​ក្ដៅក្រហាយ​ដែល​នឹង​ឡង​បញ្ច្រាស​មកវិញ​ទៅតាម​ហ្នឹង​ដែរ​ទៅ​។​

+ ការផ្ដល់​កម្លាំងចិត្ត ធ្វើ​ឲ្យ​អ្នកចាញ់​ទៅជា​ឈ្នះ​...
+ ធ្វើ​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ ធ្វើ​ឲ្យ​រឿង​អាក្រក់​មកជា​ល្អ​...
+ ស្នាមញញឹម ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​រីករាយ​ស្រស់ស្រាយ​...
+ ការ​មាន​ក្ដី​សន្តោស ធ្វើ​ឲ្យ​មនុស្ស​មាន​បីតិ​សោមនស្ស​...
+ អ្វី​ទាំងនេះ​មិន​ពិបាក​ចំណាយ​ដើមទុន​អ្វី​ច្រើន​ទេ​...
+ សុំ​ឲ្យ​តែ​អ្នក​តាំង​សតិ ហ្វឹកហាត់​ឲ្យ​វា​ទៅជា​និស្ស័យ ពេលនោះ​អ្នកនឹង​ដឹងថា​... គួរតែ​ធ្វើ​តាំងពី​យូរ​មកហើយ​...​។

"​មនុស្ស​គ្រប់គ្នា អាច​ក្លាយទៅជា​មនុស្ស​ដ៏​អស្ចារ្យ​បាន​...​
ព្រោះ​អ្នកណា​ក៏​អាចជួយ​ដល់​អ្នកដទៃ​បានដែរ​
​គ្រាន់តែ​ជួយ​អ្នកដទៃ
អ្នក​មិនចាំបាច់​មាន​បរិញ្ញាប័ត្រ​ឬ​រក​ហេតុផល​អ្វី​ទេ
អ្នក​គ្រាន់​តែមាន​សន្ដាន​ចិត្ត​ពោរពេញ​ដោយ​អំពើ​ល្អ​
​និង​មនោសញ្ចេតនា​ដែល​កើតឡើង​ដោយ​ក្ដី​ស្រឡាញ់​តែប៉ុណ្ណោះ​"​។
- ម៉ារ​ទីន លូ​ធ័​រ ឃិ​ង​ -

​​មនុស្ស​តែងមាន​អ្វីដែល​ត្រូវ​ទទួលស្គាល់​និង​អ្វីដែល​ត្រូវ​ផ្លាស់ប្ដូរ​
ប្រការ​សំខាន់​វា​ស្ថិតនៅលើ
យើង​ត្រូវ​ទទួលស្គាល់​អ្វី​? និង​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​?
រឿង​ត្រូវ​ទទួលស្គាល់​បែរជា​ផ្លាស់ប្ដូរ នោះ​ពិតជា​ពុំបាន​ផល​អ្វី​ឡើយ​៕
- ទទួលស្គាល់​ខ្លួនឯង​និង​ធម្មជាតិ​ -

adverise with khmeread
ប្រភព៖ គឹម ចាន់ណា

អ្នកនឹងចូលចិត្ត

មតិយោបល់