adverise with khmeread Index

ចោរលួច​កង់​ត្រូវបាន​ពលរដ្ឋ​ស្វាគមន៍​ហូរឈាម​ពេញ​ក្បាល​

  ភ្នំពេញ ៖ ជន​សង​សង្ស័យ​ម្នាក់​ខណ​:​កំពុងតែ​លួច​កង់ ត្រូវបាន​ជនរងគ្រោះ​ឃើញ​ទាន់​ហើយ​ស្រែកថា​ចោរៗ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន ស្វាគមន៍​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម​ពេញមុខ រួច​បានប្រគល់​ឲ្យ​សមត្ថកិច្ច​។​

    ករណី​លួច​កង់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ ខាងជើង​ផ្សារ​អូរឫស្សី ស្ថិតក្នុង​សង្កាត់​ផ្សារ​អូរឫស្សី​៣ ខណ្ឌ​៧​មករា​។​

    ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​មាន​ជនរងគ្រោះ​ម្នាក់​បាន​ជិះ​កង់​មក​ហូប​ចំណី​នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​ជនរងគ្រោះ​ក៏បាន​ទុក​កង់​នៅក្បែរ​ខ្លួន​ប្រហែល​៥០​ម៉ែត្រ ។​

    ខណ​:​កំពុងតែ​អង្គុយ​ហូប​ចំណី​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ ដើរមក​យក​កង់​របស់ខ្លួន​ជិះ ភ្លាមៗ​ជនរងគ្រោះ​ក៏បាន​ឃើញ​ទាន់​ស្រែកថា​ចោរៗ ។​ក្រោយមក​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែង​នោះ​ក៏បាន​នាំគ្នា​ដេញ​និង​ចាប់បាន ហើយ​ក៏បាន​ស្វាគមន៍​ទៅលើ​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម​ពេញមុខ​។​

    បន្ទាប់​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​នាំយក​ជនសង្ស័យ​រូបនោះ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ផ្សារ​អូរឫស្សី​៣ និង​រង់ចាំ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់