ភ្នំពេញ ៖ មានមនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនិងរថយន្តរងការខូចខាតទាំងសងខាងនៅក្នុងហេតុការណ៍រថយន្តបើកបុកគ្នាទាំងកណ្តាលយប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ខាងលិចរង្វង់មូលចោមចៅ ២០០ម៉ែត្រស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
គ្រោះថ្នាក់ខាងលើនេះកើតគើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៥ខែ កុម្ភះ ឆ្នាំ២០១៦។
តាមសាក្សីពីកន្លែង ដែលបានឃើញហេតុការណ៍នេះបានប្រាប់ថាមុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Camry(ឆ្លាម)ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Y-1860 បើកតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត ។
លុះបើកមកដល់ចំណុចកើតហេតុ ជិតរង្វង់មូលចោមចៅ អ្នកបើកបររថយន្តឆ្លាមនោះបានបត់ត្រឡប់ក្រោយដោយមិនមើលក្រោយទាល់តែសោះធ្វើឲ្យរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសពាក់ស្លាកលេខភ្នំពេញ 2w-6385 បើកបរដោយបុរសជនជាតិចិន ដែលមកពីក្រោយក្នុងទិសដៅស្របគ្នា។
លុះដល់ចំណុចខាងលើក៏ បានបុកចំហៀងខាងឆ្វេងពេញទំហឹងធ្វើឲ្យម្ចាស់រថយន្ត តូយ៉ូតាព្រូសនោះរងរបួសធ្ងន់ហើយរថយន្តបានបែកពោងសុវត្ថិភាពខាងមុខ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ចំណែករថយន្ត Camry ឆ្លាមរងការខូចខាតចំហៀងខាងឆ្វេងទាំងស្រុងហើយអ្នកបើកបររបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តក្លីនិកឯកជន គឹម សុង មកដឹកយកទៅសង្គ្រោះបន្ទាន់ ។ចំណែករថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញ ធ្វើការវាស់វេង ស្ទួចយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ។
