adverise with khmeread 1

Juventus ចង់​រក្សា​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោ​ខៀវ Chelsea បន្តទៀត​

​ក្រុម​សេះបង្កង់ Juventus ជិត​ឈានទៅដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម Chelsea ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​ខ្ចី​ជើង Juan Cuadrado ស្នាក់នៅ​ទីក្រុង​ទូ​រី​ន​ជា​អចិន្ត្រៃយ៍​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​វ័យ ២៧ ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ក្រុម Fiorentina កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​បាន​វិល​ត្រឡប់មក​ក្របខ័ណ្ឌ Serie A វិញ បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ​បាន​ប្រាំបី​ខែ​ប៉ុណ្ណោះ ដោយសារ​មិន​រីករាយ​ក្នុង​ជីវិត​ក្រោម​ការបញ្ជា​របស់លោក José Mourinho​។​

​អំឡុងពេល​គាត់​រួមរស់​ជាមួយ Chelsea ក្នុង​ទីក្រុង​ឡុង​ដ៍​នោះ កីឡាករ​រូបនេះ​បាន​ចូលរួមបាន ១៣ ប្រកួត​ដែរ និង​បានចាប់ផ្តើម​លេង​ពេញ​តង់​បាន​បួន​ប្រកួត​។​

​ជាមួយនឹង​កិច្ចសន្យាខ្ចី​ជើង​កីឡាករ Cuadrado ជាមួយ Juventus នឹង​មកដល់​ទីបញ្ចប់​ក្នុង​ខែមិថុនា​ខាងមុខនេះ កាសែត​អ៊ីតាលី Tuttosport បាន​រាយការណ៍​ថា ក្រុម​សេះបង្កង់​កំពុងមាន​គម្រោង​ជាមួយ​ក្លឹប Chelsea ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ទិញ​កីឡាករ​រូបនេះ​ដាច់​តែម្តង​។

​បើទោះជា​ការជជែក​គ្នា​ចំពោះ​ការយល់ព្រម​នេះ​បាន​កើតឡើង​ក៏ដោយ ក៏​ក្រុម​ទាំងពីរ​នៅតែ​ត្រូវ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​សិន​។​

Cuadrado បានបង្ហាញ​ខ្លួនឯង​ថា​សក្តិសម​នឹង​ក្លឹប បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​កាលពី​យប់​ថ្ងៃ​ពុធ​ដោយបាន​យកឈ្នះ​ក្រុម Genoa ក្នុង​លទ្ធផល ១-០ នៅពេលដែល​ការ​ស៊ុត​របស់គាត់​បាន​លង​ទៅ​ប៉ះ​ខ្សែការពារ Sebastian De Maio​។​

​កីឡាករ​មកពី​ទ្វីបអាមេរិក​ខាងត្បូង​រូបនេះ បានបង្ហាញ​ខ្លួន​បាន ១៧ ដង​ក្នុង​ក្របខ័ណ្ឌ Serie A ឲ្យ​ក្រុម​សេះបង្កង់ Juventus ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន​ពីរ​គ្រាប់​និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ប្រាំ​គ្រាប់​ផងដែរ​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់