adverise with khmeread 1

Inter, Roma និង Juventus កំពុងដណ្តើម​គ្នា​យក​ខ្សែការពារ​ក្លឹប​អ្នកមាន Man City

​ក្រុម​យក្ស Inter, Roma និង Juventus របស់​ប្រទេស​អ៊ីតាលី កំពុង​សម្លឹង​ឃើញ​ខ្សែការពារ​ស្លាប Aleksandar Kolarov របស់​ក្លឹប​សេដ្ឋី​ប្រេង​អារ៉ាប់ Man City​។​

​កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ​មួយ​នេះ​កាលពី​ឆ្នាំ ២០១០ និង​បាន​បន្ត​កុងត្រា​កាលពី​ឆ្នាំ ២០១៤ ដើម្បី​ស្នាក់នៅ​ទឹកដី Etihad ដល់​ឆ្នាំ ២០១៨ ប៉ុន្តែ​កាលពី​រដូវ​កាល​មុន គាត់​បាន​និយាយថា គាត់​ពេញចិត្ត​នឹងចូលរួម​ជាមួយ​ក្រុម​ក្នុងប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ណាមួយ​។​

​បើ​យោងតាម​សារព័ត៌មាន Calciomercato បាន​ឲ្យ​ដឹងថា ក្រុម​ខ្លាំង Inter និង Roma នឹង​នាំយក​កីឡាករ​រូបនេះ​មក​ចូលរួម​ជាមួយ​ខ្លួន​ប្រសិន​ពួកគេ​អាច​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ ខណៈ​សេះបង្កង់​នឹង​ឆ្លៀតឱកាស​ដើម្បី​ទិញ​កីឡាករ​ដើមកំណើត​នៅ​ទីក្រុង​ប៊ែ​ល​ក្រេ​ដ​រូបនេះ ប្រសិនបើ​កិច្ចសន្យា​របស់ Patrice Evra មិនអាច​ព្រមព្រៀងគ្នា​បាន​។​

​កុងត្រា​របស់ Evra នឹង​ផុតកំណត់​ក្នុង​ខែមិថុនា​ខាងមុខនេះ​។​

​អតីត​ខ្សែការពារ​របស់​ក្រុម OFK Beograd កីឡាករ Kolarov បានបង្ហាញ​ខ្លួន ៨២ ដង​ឲ្យ​ក្រុម Lazio ក្នុង​ក្របខ័ណ្ឌ Serie A ក្នុង​ចន្លោះ​ឆ្នាំ ២០០៧ ដល់ ២០១០ និង​រកបាន​ប្រាំមួយ​គ្រាប់​មុននឹង​ចាកចេញ​ទៅ​ប្រទេស​អង់គ្លេស​ក្នុងតម្លៃ ២១ លាន​យ៉ូ​រ៉ូ​៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់