ចង់ដឹងថា តើអ្នកផលិតយន្តហោះដោយខ្លួនឯងលើកដំបូងនៅកម្ពុជា និយាយប្រាប់អ្វីខ្លះដល់ BBC?

    ​អស់​រយៈពេល​បី​ឆ្នាំ ជាង​ជួសជុល​រថយន្ត លោក ប៉ែន​ឡុង (Paen Long) បាន​នៅ​ដល់​យប់​ជ្រៅ​បន្ទាប់ពី​ប្រពន្ធ​របស់គាត់​ចូលសម្រាន្ត ជា​រៀងរាល់​យប់​ដោយ​ចំណាយពេល​រាប់មិនអស់​ដើម្បី​មើល​វីដេអូ YouTube​។ ប៉ុន្តែ​វីដេអូ​ទាំងនោះ​មិនមែនជា​ចម្រៀង​ឬ​ឃ្លី​ប​ប្លែកៗ​ឡើយ​។ លោក ឡុង ដែល​រស់នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កម្ពុជា មាន​ភាព​ងប់​ង​ល់​មួយ​គឺ យន្តហោះ​។ នេះ​បើតាម​ប្រភព BBC ចុះមក​សម្ភាសន៍​ផ្ទាល់​។​

​    ​លោក​បាន​និយាយថា "​ដំបូង​ខ្ញុំ​សរសេរ​ពាក្យ យន្តហោះ​"​។ ត្រង់ចំណុច​នេះ គាត់​ត្រូវបាន​នាំទៅដល់​វីដេអូ​ដែល​បង្ហាញ​ពី​យន្តហោះ​ហោះហើរ​និង​ចុះចត ការហោះហើរ​សិប្បនិម្មិត និង​រោងចក្រ​ផលិត​យន្តហោះ​។​

​    ​មាន​ដើមកំណើត​មកពី​គ្រួសារ​មាន​បងប្អូន​ប្រាំមួយ​នាក់​នៃ​គ្រួសារ​កសិករ លោក ឡុង បាន​ធំ​ដឹងក្ដី​ក្នុង​គ្រា​ប្រទេស​កម្ពុជា​កំពុង​ស្ដារ​ពី​របប​ខ្មែរក្រហម ហើយ​លោក​មិនដែល​ជិះ​យន្តហោះ​ឡើយ​។ លោក​បាន​និយាយថា បន្ទាប់ពី​ឃើញ​ឧទ្ធម្ភាគចក្រ​នៅពេល​លោក​មាន​អាយុ​៦​ឆ្នាំ យន្តហោះ​បាន​ឌិ​ត​ក្នុង​អារម្មណ៍​របស់លោក​អស់​ជាច្រើន​ទសវត្សរ៍​។ លោក​បាន​និយាយថា "​ខ្ញុំ​តែង​យល់សប្ដិ​ឃើញ​យន្តហោះ​ជា​រៀងរាល់​យប់​។ ខ្ញុំ​តែង​ចង់​មាន​យន្តហោះ​ផ្ទាល់ខ្លួន​"​។​

​    ​ដំបូង​ឡើយ​លោក​មានតែ​សុបិន​តែប៉ុណ្ណោះ​។ លោក​ឡុង​បាន​ឈប់រៀន​ហើយ​ទទួល​ការហ្វឹកហាត់​ជាជាង​មេកា​និក ជា​ជំនាញ​មួយ​ចាំបាច់​មួយ​សម្រាប់​បុរស​វ័យក្មេង​ដែល​គ្មាន​ការអប់រំ​នៅ​វិទ្យាល័យ​ក្នុង​ស្រុកកំណើត​ខេត្តស្វាយរៀង​របស់គាត់​។ 

​    ​គិត​ត្រឹម​ឆ្នាំមុន ចំណាប់អារម្មណ៍​របស់​គាត់​អំពី​ការហោះហើរ​បាន​វាយលុក​ខ្លាំងក្លា​ដល់​កំពូល ហើយ​លោក​ឡុង ដែល​ឥឡូវ​មាន​វ័យ ៣០ ឆ្នាំ និង​មាន​យានដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ខេត្តព្រៃវែង បានសម្រេច​ថា គាត់​បាន​សន្សំ​លុយកាក់​គ្រប់គ្រាន់ ដើម្បី​សម្រេច​ក្តី​សុបិន​ពី​កុមារភាព​។ លោក​បាន​និយាយថា "​ខ្ញុំ​បានចាប់ផ្ដើម​ផលិត​យន្តហោះ​ដោយ​សម្ងាត់​។ ខ្ញុំ​ខ្លាច​ថា មនុស្សម្នា​នឹង​ចម្អក​ឱ្យ​ខ្ញុំ​ដូច្នេះ ជួនកាល​ខ្ញុំ​ធ្វើការ​ពេលយប់​"​។​

​    ​ដោយ​ជឿថា ឧទ្ធម្ភាគចក្រ​មាន​ភាព​ស្មុគស្មាញ​ជាង​យន្តហោះ លោក​ឡុង​បាន​ផ្តោត​ការ​រចនា​របស់គាត់​តាម​យន្តហោះ​ចម្បាំង​ជប៉ុន​ដែល​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាមលោក​ទី​ពីរ​។ យន្តហោះ​កៅអី​មួយ​នេះ ដែលមាន​ស្លាប​លាតសន្ធឹង​៥​ម៉ែត្រ បានធ្វើឱ្យ​លោក​ឡុង​ចំណាយពេល​ជិត​មួយឆ្នាំ​ក្នុងការ​ផលិត ដែល​ភាគច្រើន​គឺ​ចេញពី​របស់​អេតចាយ​។​

​    ​កន្លែង​អង្គុយ​គឺ​បំពាក់​កៅអី​ប្លា​ស្ទិ​ក​ជាមួយ​ជើង​ត្រូវ​កាត់ចោល ប្រអប់​តា​ប្លូ​រថយន្ត និង​តួ​ធ្វើ​ពី​ធុងសាំង​ចាស់ៗ​។​

​    ​រឿងរ៉ាវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៨ ខែមីនា​នេះ​។ មុន​ម៉ោង​៣​រសៀល លោក​ឡុង​បាន​បញ្ឆេះ​ម៉ាស៊ីន​។ មនុស្ស​បីនាក់​បាន​ជួយ​គាត់​រុញ​យន្តហោះ​ទៅ​ផ្លូវលំ​នៅក្បែរ​វាលស្រែ​។ យោងតាម​អ្នកភូមិ មនុស្ស​ប្រហែល ២០០ ទៅ ៣០០ នាក់​បានមក​ទស្សនាកា​រ​ធ្វើតេស្ត​ហោះហើរ​។ គាត់​បាន​ពាក់មួក​សុវត្ថិភាព​និង​អង្គុយ​ក្នុង​កាប៊ីន​។ យន្តហោះ​បានចាប់ផ្ដើម​បង្កើន​ល្បឿនខណៈ​គាត់​ត្រៀម​ហោះហើរ មុននឹង​យន្តហោះ​ហោះ​ទៅក្នុង​អាកាស​។ លោក​ឡុង​បាន​និយាយថា គាត់​ហោះ​បាន​កម្ពស់ ៥០ ម៉ែត្រ​និង​ធ្លាក់​មក​ដី​ភ្លាមៗ​។​

​    ​ស្នូរ​សើច​ក្អាកក្អាយ​បាន​ស្វាគមន៍​ពី​ការវិល​ត្រឡប់មក​ដី​វិញ​។ លោក​បាន​និយាយថា "​ខ្ញុំ​បាន​ឈរ​នៅ​ទីនោះ​ហើយ​ទឹកភ្នែក​ក៏​ស្រក់​ចុះមក​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ព្រោះ​ខ្ញុំ​មិនអាច​ទប់​នឹង​ទទួលយក​អ្វីដែល​ពួកគេ​និយាយ​មក​ខ្ញុំ​"​។ លោក​បាន​បន្ទោស​បរាជ័យ​ចំពោះ​ទម្ងន់ ៥០០ គីឡូក្រាម​នៃ​ម៉ាស៊ីន​របស់គាត់​។​

​    ​បរាជ័យ​បាន​ជំរុញ​ឱ្យ​គាត់​រឹតតែ​ចង់​ជោគជ័យ ហើយ​គាត់​បាន​ងាក​ទៅរក​គម្រោង​ថ្មី​មួយទៀត​។ ឥឡូវ​គាត់​កំពុង​ផលិត​យន្តហោះ​សមុទ្រ ដែល​ភាគច្រើន​ធ្វើ​ពី​សំណល់​អេតចាយ ដែល​គាត់​ជឿថា គាត់​អាច​ផលិត​ឱ្យ​ស្រាល​ដើម្បី​ហោះហើរ​លើ​មេឃ​។ មិន​ថា​ភូមិ​របស់គាត់​ក្នុង​ឃុំ​ព្រៃឈរ​មាន​ចម្ងាយ​ពី​សមុទ្រ ២០០ គីឡូម៉ែត្រ នៅពេល​យន្តហោះ​ផលិត​រួចរាល់ លោក​ឡុង​មាន​គម្រោង​បញ្ជូន​គំរូ​ថ្មី​របស់គាត់​ត្រឡប់​ទៅ​ខេត្ត​ស្វា​រៀង​ដោយ​រថយន្ត និង​ហោះហើរ​ពី​ទន្លេ​វ៉ៃ​កូ​។​

​    ​លោក​បាន​ប៉ាន់​ស្មានថា លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ ១០.០០០ ដុល្លារ​សម្រាប់​ម៉ូ​ដែល​យន្តហោះ​ដំបូង ហើយ​មកទល់​ឥឡូវ​គាត់​បាន​ចំណាយ ៣.០០០ ដុល្លារ​សម្រាប់​យន្តហោះ​សមុទ្រ​។ លោក​បាន​និយាយថា "​ខ្ញុំ​មិនដែល​គិតពី​ការ​ចំណាយលុយ​លើ​រឿង​ផ្សេង​ឡើយ​។ ខ្ញុំ​មិនដែល​មាន​វិប្បដិសារី​អំពី​ការចំណាយ​លុយ​ទាំង​នេះឡើយ​"​។​

​    ​ចំណែកឯ​ប្រពន្ធ​របស់លោក​វិញ​គឺ​លោកស្រី ហ៊ីង​មួយ​ហេង (Hing Muoyheng) វ័យ ២៩ ឆ្នាំ​បាន​និយាយថា គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ប្ដី ជាពិសេស​អ្នក​ទាំងពីរ​មានកូន​ប្រុស​ពីរ​នាក់ ប៉ុន្តែ​គាត់​នៅតែ​បន្ត​គាំទ្រ​ប្ដី​រហូត​។ លោកស្រី​បាន​និយាយថា "​ខ្ញុំ​មិនដឹងថា​តើ​យន្តហោះ​ដំណើរការ​យ៉ាងដូចម្ដេច​ទេ ហើយ​គាត់​ក៏​មិនមាន​អ្នកជំនាញ​ចាំ​ជួយ​។ ខ្ញុំ​បាន​ព្យាយាម​ស្នើ​គាត់​ឱ្យ​ឈប់​ជា​ច្រើនដង ព្រោះ​ខ្ញុំ​ខ្លាច ប៉ុន្តែ​គាត់​បាន​និយាយថា​គាត់​នឹងមិន​បង្ក​គ្រោះថ្នាក់​ឡើយ ដូច្នេះ​ខ្ញុំ​ក៏​ស្របតាម​គំនិត​របស់គាត់​"​។​

​    ​បើទោះជា​លោក​ឡុង​សង្ឃឹមថានឹង​បន្ថយ​ហានិភ័យ​ដល់​ខ្លួនឯង​និង​អ្នកដទៃ​ដោយ​ធ្វើតេស្ត​នៅលើ​ទឹក​នៅ​ខែកក្កដា​ខាងមុខ គាត់​ដឹង​ច្បាស់​ណាស់​ថា ការហោះ​សាកល្បង​នឹងមាន​រឿង​អាច​កើតឡើង​ជាច្រើន ដែល​នៅក្រៅ​ការគ្រប់គ្រង​របស់លោក​។ លោក​បាន​និយាយថា "​គ្រោះថ្នាក់​, យើង​មិនអាច​ទស្សន៍​វា​បានឡើយ​"៕

ប្រភព៖BBC

adverise with khmeread

អ្នកនឹងចូលចិត្ត