adverise with khmeread 03311

អាជ្ញាធរ​រាជធានី​ដាក់ពង្រាយ​រថយន្ត​ពន្លត់អគ្គីភ័យ​៤៨​គ្រឿង​ត្រៀម​ជួយសង្គ្រោះ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

       ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង​អភិបាលរង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ទី​៥​កុ​ម្ភះ​២០១៦​នេះ បាន​ក្រើនរំឭក និង​ណែនាំ​ដល់​អង្គភាព​ប៉ូលិស​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ពី​ការត្រៀម​រៀបចំ​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​កត្តា​ហានិភ័យ​នៃ​ភ្លើង​ធូប ទៀន ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ។​

    លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​បែបនេះ ក្នុង​កិច្ចប្រជុំ​ពី​ការត្រៀម បង្ការ និង​ពន្លត់​អគ្គិសនី​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន បង្ការ​និង​ពន្លត់អគ្គីភ័យ នៃ​ក្រសួងមហាផ្ទៃ​,​មន្ត្រីរាជការ​ពាក់​ព​ន្ធ័​ក្រោម​ឱវាទ​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​អាជ្ញាធរ​ទាំង​១២​ខណ្ឌ​ផងដែរ ។​

      លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អង្គភាព​ប៉ូលិស​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ អនុវត្ត​សកម្មភាព​ត្រៀម​បង្ការ​ប្រកបដោយ​ស្មារតី​ខ្ពស់ ដើម្បី​បម្រើ​ដល់​សុវត្ថិភាព និង​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ត្រូវ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​នៅតាម​ផ្សារ និង​កន្លែង​កម្សាន្ដ​សប្បាយ​ពី​ការបង្ការ​អគ្គិភ័យ និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការអុជ​ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និង​ចរន្ដអគ្គិសនី​ដែល​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​។​

      មន្ត្រី​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១០ ខែកុម្ភៈ​ខាងមុខនេះ អង្គភាព​បាន​ត្រៀម​ពង្រាយ​រថយន្ត​ចំនួន​៤៨​គ្រឿង​ដោយ​ពង្រាយ​៨​គោលដៅ​ធំៗ​នៅ​ទូទាំង​រាជធានី​។ នៅតាម​គោលដៅ​នីមួយៗ​មាន​រថយន្ត​២​គ្រឿង​នៅ​ប្រចាំការ ហើយ​គោលដៅ​ទាំងនោះ​មានដូចជា​៖ សាលាខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ​សែន​ជ័យ នាយកដ្ឋានអង្គរក្ស និង​អធិការដ្ឋាន​ខណ្ឌទួលគោក​។​

    ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​ដែរ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​លិខិត ហាម​មិន​ឲ្យ​សាធារណជន​ដុត​ផាវ និង​កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​។ ជាមួយគ្នានេះ ការដុត​ក្រដាសសែន ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំងដី ដើម្បី​ដុត និង​ហាម​ដាច់ខាត​មិន​ឲ្យ​ដុត​នៅលើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ​សាធារណៈ ។​

     តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​ប៉ូលិស​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៤-២០១៥ នៅ​ទូទាំងប្រទេស​បានកើត​គ្រោះ​អគ្គិភ័យ​ចំនួន​៥៩០​លើក ក្នុង​នោះបាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣៧​នាក់​។ ដោយឡែក នៅ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១​ខែ​ដើមឆ្នាំ​២០១៦​នេះ មាន​អគ្គិភ័យ​៩​លើក​បាន​កើតឡើង​៕

(​អត្ថបទ : លោក​ច​ន ណា​រិ​ទ្ធ​)​

adverise with khmeread

មតិយោបល់