adverise with khmeread 000

ភ្នំភ្លើង Sakurajima ផ្ទុះ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​ផ្អើល​ប្រទេស​ជប៉ុន​

​    ​ភ្នំភ្លើង សាគូ​រ៉ា​ជី​ម៉ា (Sakurajima) របស់​ជប៉ុន​បាន​ផ្ទុះ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ ដោយ​ព្រួស​ចេញ​នូ​វក​ម្អែ​ភ្នំភ្លើង​ហូរ​ធ្លាក់​តាម​ជម្រាលភ្នំ និង​បាញ់​ផេះផង់​និង​ដុំថ្ម​ឡើងទៅ​លើ​មេឃ​ដ៏​ងងឹត​ទៀតផង​។ 

​    ​រូបភាព​ទស្សនីយភាព​ភ្នំភ្លើង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បានបង្ហាញ​ពន្លឺ​ផ្លេកបន្ទោរ​របស់​ភ្នំភ្លើង ដែល​កើតឡើង​ដោយសារ​កកិត​គ្នា​រវាង​ភាគល្អិត​របស់​ផេះ និង​ឧស្ម័ន​។ 

​    ​ភ្នំភ្លើង​ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត​កា​ហ្គូ​ស៊ី​ម៉ា (Kagoshima) បានបង្ហាញ​សកម្ម​រឹតតែ​ខ្លាំង​ឡើង​តាំងពី​ខែសីហា​ឆ្នាំមុន​មកម្ល៉េះ នៅពេល​អ្នកស្រុក​ត្រូវបាន​ប្រាប់​ឱ្យ​ត្រៀម​សម្រាប់​ការផ្ទុះ​ដ៏​ធំ​និង​លទ្ធភាព​ធ្វើការ​ជម្លៀសចេញ​ទៀតសោត​នោះ​។ 

​    ​ទោះយ៉ាងណា គ្មាន​របាយការណ៍​អំពី​របួស​នៅក្នុង​តំបន់​ក្បែរ​ភ្នំភ្លើង​កម្ពស់ ១.១១៧ ម៉ែត្រ​មួយ​នេះ​ទេ​។ តំបន់​នេះ​មាន​អ្នករស់នៅ​ប្រហែល ៤.០០០ នាក់​ប៉ុណ្ណោះ​។ 

​    ​លោក កា​ស៊ូ​ហ៊ី​រ៉ូ អ៊ី​ស៊ី​ហា​រ៉ា (Kazuhiro Ishihara) សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kyoto University បាន​និយាយថា "​ដូច​ជាមាន​ដុំថ្ម​ប៉ើង​ប្រហែល ២ គីឡូម៉ែត្រ​ចេញពី​មាត់​ភ្នំភ្លើង ប៉ុន្តែ​តំបន់​នេះ​នៅ​ឆ្ងាយ​ពី​សហគមន៍​ប្រជាជន​ណាស់​"​។ 

​    ​លោក​បាន​បន្ថែមថា "​ខ្ញុំ​គិតថា​វា​នឹង​ពុំមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចេញពី​ប​ន្ទុះ​ភ្នំភ្លើង​មួយ​នេះ​ទេ​។ ប៉ុន្តែ​ពិតណាស់ យើង​ត្រូវតែ​ឃ្លាំមើល​សកម្មភាព​របស់​ភ្នំភ្លើង​មួយ​នេះ​"​។ 

​    ​រោងចក្រ​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​សេន​ដាយ (Sendai) មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​តែ ៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ភ្នំភ្លើង​នេះ ប៉ុន្តែ​ពុំមាន​សញ្ញា​ព្រមាន​អ្វី​នោះទេ​។ 

​     ទោះយ៉ាងណា អង្គការ Greenpeace បាន​និយាយថា ផលប៉ះពាល់​ប្រកបដោយ​សក្តានុពល​នៃ​ផេះផង់​ចេញពី​ប​ន្ទុះ​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​គេ "​មើលស្រាល​ពេក​ហើយ​"​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អង្គការ​បរិស្ថាន​មួយ​នេះ​បាន​អះអាងថា ម្ចាស់​រោងចក្រ​លោក គ្យូស៊ូ អេ​ឡិច​ត្រិ​ច (Kyushu Electric) ឥឡូវ​បានចាប់ផ្តើម​អនុវត្ត "​ការវិភាគ​ហានិភ័យ​នៃ​គុណវិបត្តិ​ភ្នំភ្លើង​" មួយ​នេះហើយ​។​

​    ​គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន​មាន​ភ្នំភ្លើង​សកម្ម​ជាង ១០០ កន្លែង​ដែល​ស្ថិតនៅតាម​បណ្តោយ "​វង់​ព្រះ​អគ្គី​" សំដៅលើ​ខ្សែ​ដុំ​ភ្លើង​រាង​ដូច​ក្រចកសេះ​ស្ថិតនៅក្រោម​ស្រទាប់ផែនដី​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​៕

adverise with khmeread
ប្រភព៖ sky news

មតិយោបល់