1

Mourinho និង Guardiola វគ្គ ២?

​លោក Jose Mourinho កំពុងស្ថិត​នៅលើ​វិថី​មកកាន់​កាប់​ការងារ​ក្នុង​ក្តី​សុបិន​របស់គាត់​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​អនាគត​ដែល​មិនអាច​ព្យាករណ៍​ខាងមុខនេះ​។​

​វា​ជា​សប្តាហ៍​ដ៏​អស្ចារ្យ​សម្រាប់​បាល់ទាត់​នៅ​ទីក្រុង​ម៉ាន់​ឆេស​ស្ទឺ ជាមួយនឹង​ការប្រកាស​ជា​ផ្លូវការ​ថា គ្រូបង្វឹក​ថ្មី​របស់ Man City គឺ​ពិតជា​លោក Pep Guardiola មែន ហើយ​ពាក្យ​លេចឮ​សុសសាយ​ថា Man Utd នឹង​នាំយក​គូសត្រូវ​ចាស់​គឺ​លោក Mourinho មក​ប្រឈមមុខ​ជាមួយនឹង​អនាគត​គ្រូបង្វឹក​ក្លឹប​អ្នកជិតខាង​របស់ខ្លួន​ទៀតផង​។​

​ទោះជា​មានរឿង​យ៉ាងនេះ​ក្តី ក៏​គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ត្រូវធ្វើឡើងនៅ​ឡើយ​ទេ ប៉ុន្តែ​លោក Mourinho បានដាក់​ចិត្ត​របស់លោក​ជាមួយនឹង​ការងារ​នេះហើយ​។​

​លោក Mourinho បានបញ្ជាក់​ច្បាស់​ហើយ​ថា គាត់​ចង់​បន្តការងារ​នៅ​ក្របខ័ណ្ឌ Premier League ហើយ​បើ​យោងតាម​សារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក​បាន​បដិសេធ​ក្រុម​អធិរាជ​ស​ដល់​ទៅ​ពីរដង ដោយ​លើកទីមួយ​នៅពេលដែល Real Madrid បានតែងតាំង​លោក Rafa Benitez និង​លើក​ទី​ពីរ​នៅពេលដែល​លោក Benitez ត្រូវបាន​បណ្តេញចេញ បន្ទាប់​លោក Mourinho ត្រូវបាន​បណ្តេញ​ដែរ​ដោយ​ក្លឹប Chelsea កាលពី​ខែធ្នូ​។

​ដូច្នេះហើយ​យើង​អាចសន្និដ្ឋាន​ថា​គាត់​ចង់​ដឹក​នាំនៅ​ប្រទេស​អង់គ្លេស​បន្តទៀត​។​

​លោក​ក៏​ត្រូវបាន​គេ​រំពឹងថា ជា​អ្នក​ជំនួស​លោក Sir Alex Ferguson កាលពី​ឆ្នាំ ២០១៣ ផងដែរ ប៉ុន្តែ​គាត់​បាន​ជ្រើស​ក្រុម​តោ​ខៀវ Chelsea នៅពេលដែល​គាត់​ដឹងថា ពេលវេលា​របស់គាត់​នៅ​ទឹកដី Bernabeu ត្រូវបាន​បញ្ចប់​។​

​តំណែង​របស់លោក Louis Van Gaal កំពុងតែ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​បិសាច​ក្រហម​កំពុង​ជួប​ការលំបាក​ដើម្បី​រំកិល​ខ្លួន​មក​លំដាប់​ទី​បួន ហើយ​ក្រុម​នឹងធ្វើ​ការផ្លាស់ប្តូរ​ច្រើន​នៅ​រដូវ​កាល​ក្រោយនេះ​។​

​បើ​យោងតាម​ប្រភព​ដែល​ជិតស្និត​នឹង​លោក Mourinho បាន​ឲ្យ​ដឹងថា គាត់​គ្មាន​បំណង​មក​ដឹក​នាំនៅ​ទឹកដី Old Trafford ក្នុង​ពាក់កណ្តាល​រដូវ​កាល​បែបនេះ​ទេ ផ្ទុយទៅវិញ​លោក​ចង់​ចាប់ផ្តើម​រដូវ​កាល​ថ្មី ២០១៦/១៧ តែម្តង​៕

ប្រភព៖ ដេលីមែល

មតិយោបល់