ដឹងគន្លឹះទាំង ៥ នេះ អ្នកនឹងមិនជួបគ្រោះអាសន្នទេ នៅពេលបើកឡានអូតូ!!

ការ​បើកបរ​រថយន្ត​លេខ​អូ​តូ​ឬ​លេខ​ស្វ័យប្រវត្តិ ថ្វីបើ​ពុំ​សូវ​មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​លេខ​ដៃ​មែន តែ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ ក្នុង​ការ​គ្រប់គ្រង​ចង្កូត​ឱ្យ​មាន​លំនឹង​លើ​ដងផ្លូវ ។ ខាងក្រោម​នេះ ជា​សេចក្តីណែនាំ​ពី​របៀប​ប្រើប្រាស់​លេខ​អូ​តូ​ឱ្យ​ប្រកបដោយ​សុវត្ថិភាព​៖

១. ​អង្គុយ​ក្នុង​រថយន្ត​ហើយ​សា​រ៉េ​កៅអីអង្គុយ​តាម​កម្ពស់​ឬ​មាឌ​របស់​អ្នក។ ក្នុង​នោះ​ ជើង​របស់​អ្នក​គួរតែ​អាច​ប៉ះ​លើ​ឈ្នាន់​ហ្គែរ ​ឬ​ហ្វ្រាំង​យ៉ាង​ងាយ ហើយ​អ្នក​ក៏​គួរតែ​អាច​កាន់ចង្កូត​បាន​ដោយ​ពុំ​ចាំបាច់​ស​ន្ធូ​រដៃ​ចេញ​អ្វី​ដែរ។ ត្រូវ​ច្បាស់​ថា អ្នក​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​រួចរាល់​ហើយ មុន​នឹង​បំ​លាស់​ទី​រថយន្ត។

២. ​សង្កេត​មើល​ឈ្នាន់​ទាំង​ពីរ​នៅ​លើ​កម្រាល​ជាន់​ជើង​របស់​អ្នក ហើយ​កត់សម្គាល់​ពី​ទីតាំង​របស់​វា។ រថយន្ត​លេខ​អូ​តូ​មាន​ឈ្នាន់ជាន់​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ គឺ​ឈ្នាន់​ហ្វ្រាំង និង​ហ្គែរ ដែល​ផ្ទុយ​ពី​រថយន្ត​លេខ​ដៃ​មាន​ឈ្នាន់​រហូត​ដល់​ទៅ​៣​ឯណោះ។ ក្នុង​នោះ​ ឈ្នាន់​ហ្វ្រាំង​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង រីឯ​ឈ្នាន់​ហ្គែរ​នៅ​ខាងស្តាំ។

៣. ​រៀន​ស្វែងយល់​ពី​តំណែង​លេខ ​ឬ​ អក្សរ ដែល​មាន​ក្រិត​ត្រង់​តំបន់​ចង្កឹះ​លេខ ហើយ​ត្រូវ​ដឹង​ពីមុខ​ងារ​ផ្សេង​ៗ​របស់​វា។ រថយន្ត​អូ​តូ​មាន​អក្សរ P,R,N,D លេខ​១ និង​លេខ​២ ។ ពួក​វា​នីមួយ​ៗសុទ្ធសឹងតែ​មានមុខ​ងារ​រៀងៗខ្លួន​។ អក្សរ P តំណាង​ឱ្យ​ការ​ចត ហើយ​វា​នឹង​ការពារ​រថយន្ត​ពី​ការ​បំ​លាស់​ទី ខណៈ​ពេល​ម៉ាស៊ីនរថយន្ត​នៅ​ដើរ​ឬ​ពុំ​ទាន់​ពន្លត់ ។ អក្សរ R សម្រាប់​ការ​បើក​ថយក្រោយ ចំណែក N គឺ​សម្រាប់​ឱ្យ​រថយន្ត​ផ្លាស់​ទី​ដោយ​ពុំ​ចាំបាច់​ប្រើ​ម៉ាស៊ីន​ វា​មាន​អត្ថប្រយោជន៍​ក្នុង​ស្ថានភាព ដែល​រថយន្ត​ត្រូវការ​បំ​លាស់​ទី​ពេល​រថយន្ត​ពន្លត់​ម៉ាស៊ីន។ D សម្រាប់​លោក​អ្នក​ប្រើ​វា​បើកបរ ចំណែក​លេខ​២​និង​១ ប្រើ​ក្នុង​លក្ខខណ្ឌ​ផ្លូវ​លំបាក​ដូច​ជា ការ​បើក​ទ្បើ​ង​ភ្នំ ឬ​ក៏​ផ្លូវ​ពិបាក​ៗ​មួយ​ចំនួន​ទៀត ។

៤. ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​តាម​រយៈ​ការ​មួល​កាច់​សោ​ដេរ​បញ្ឆេះ។ ត្រូវ​ប្រាកដ​ថា រថយន្ត​អ្នក​គឺ​ស្ថិត​ក្នុង​តំណែង​អក្សរ P មុន​នឹង​កាច់បើក​សោ​ដេរ​បញ្ឆេះ ចំណែក​រថយន្ត​ខ្លះ​នឹង​មិន​ដំណើរការ​ឬ​ឆេះ​ទ្បើ​យ ប្រ​សិន​ប្រអប់លេខ​មិន​ស្ថិត​ក្នុង​តំណែង​អក្សរ P នោះ ។

៥. ​ជាន់​ ឈ្នាន់​ហ្វ្រាំង ហើយ​រំកិល​ចង្កឹះ​លេខ​ទៅ R ឬ D ស្រប​តាម​លក្ខខណ្ឌ​ផ្លូវ​ថាតើ​បើក​ថយក្រោយ​សិន ឬ​ចេញ​ទៅ​តែ​ម្តង ។ ព្រលែង​ឈ្នាន់​ហ្វ្រាំង​យឺត​ៗ នោះ​រថយន្ត​នឹង​ចាប់ផ្តើម​បំ​លាស់​ទី​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ​ជា​មិន​ខាន ។ ប្រសិនបើ​នេះ​គឺជា​លើក​ទី​១ ក្នុង​ការ​បើករថយន្ត​លេខ​អូ​តូ​ចូរ​អ្នក​កុំ​ធ្វើ​ដូច​ជា​ភ្ញាក់​ៗ​ឱ្យ​សោះ។ ប្រើប្រាស់​ឈ្នាន់​ហ្វ្រាំង ដើម្បី​គ្រប់គ្រង​ការ​បំ​លាស់​ទី​របស់​អ្នក​ជាបឋម ហើយ​ប្រើ​ឈ្នាន់​ហ្គែរ​ដើម្បី​បង្កើន​ល្បឿន​នៅ​ពេល​អ្នកមាន​ជំនឿ​ចិត្ត​ថា មាន​សុវត្ថិភាព​ហើយ​នោះ ។ ស្រប​ពេល​អ្នក​បង្កើន​ល្បឿន​រថយន្ត​នឹង​ត្រូវ​ចូល​លេខ​ដោយ​ស្វ័យប្រវត្តិ​ជាមិន​ខាន៕

adverise with khmeread