adverise with khmeread 0

ទំនាយ​ឆ្នាំវក​២០១៦៖ លោកស្រី​គ្លី​ន​តុ​ន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​, អេ​ប៊ូ​ឡា​ផ្ទុះឡើង​បន្ថែម​ទម្ងន់​លើ​វីរុស​ហ៊ី​កា​

​    ​គ្រូ​ហោរាសាស្ត្រ​ម៉ាឡេស៊ី​កាត់​ចិន​ដ៏​ល្បីល្បាញ​មួយរូប​បាន​ព្យាករណ៍​ថា ស្ត្រី​កាន់តែ​ច្រើនឡើង​នឹងមាន​អំណាច​ក្នុង​ពិភពលោក​នាឱកាស​ឆ្នាំវក​នេះ ហើយ​មនុស្ស​មួយចំនួន​នឹងមាន​សុខភាព​ល្អ ប៉ុន្តែ​អំពើ​ភេរវកម្ម និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ក៏​នឹង​ប៉ះពាល់​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ក្នុង​ឆ្នាំ ២០១៦ ដោយសារតែ​វត្តមាន​របស់​ផ្កាយ​ខ្មៅ​ពីរ​ដួង​ក្នុងឆ្នាំនេះ​។

 

​    ​គ្រូ​ហោរាសាស្ត្រ​លោក ធាន អ៊ី​ណា​ង គឺជា​គ្រូ​ហុងស៊ុយ​កាន់​ព្រះពុទ្ធសាសនា និង​ជា​គ្រូ​ហោរាសាស្ត្រ​ចិន​រស់នៅ​ម៉ាឡេស៊ី ដែល​ធ្លាប់​ទាយ​ដឹង​មុន​អំពី​ការវាយប្រហារ​ថ្ងៃ ១១ កញ្ញា និង​រញ្ជួយ​ដី​នៅ​ស៊ី​ឆ័ន​ឆ្នាំ ២០០៨ និង​ថ្មីៗ​ចុងក្រោយ​បំផុត​នេះ​បាន​ទាយ​ឃើញ​ទុកជាមុន​អំពី​សំណាងអាក្រក់​របស់​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ២០១៤ នៅពេល​យន្តហោះ​អ្នកដំណើរ​មួយគ្រឿង​បាន​បាត់ដាន​ជាមួយនឹង​អ្នកជិះ​លើ​នោះ​ទាំងអស់ និង​យន្តហោះ​មួយទៀត​ត្រូវបាន​បាញ់​ធ្លាក់​ពីលើ​មេឃ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ 

​    ​ហោរាសាស្ត្រ​ចិន​គឺជា​ប្រព័ន្ធ​បុរាណ​មួយ​ដែលមាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី ២ មុន​គ​.​ស​. ដែល​ក្នុងនោះ​ជោគវាសនា និង​ព្រេងវាសនា​ត្រូវបាន​គណនា​ដោយ​ការ​គុណគូរ​ទៅលើ​ទីតាំង​របស់​ភព​ឬ​ផ្កាយ​សំខាន់ៗ រួម​ជាមួយនឹង​ថ្ងៃកំណើត ម៉ោង​កំណើត និង​រដូវ​កំណើត​របស់​បុគ្គល​នីមួយៗ​។ 

​    ​រៀងរាល់ឆ្នាំ ពីរ​បី​ខែ​មុន​ចូលឆ្នាំ​ចិន គ្រូ​ហោរាសាស្ត្រ​ល្បីៗ​ជាច្រើន​មកពី​អាស៊ី​ខាងត្បូង​និង​ខាងកើត ដូចជា​ចិន តៃវ៉ាន់ ហុងកុង និង​ម៉ាឡេស៊ី​បានចេញ​នូវ​សៀវភៅ​ទំនាយ​សម្រាប់​ឆ្នាំ​ទាំង ១២ ដែល​គ្របដណ្តប់​លើ​ការងារ ស្នេហា សុខភាព ទ្រព្យសម្បត្តិ​និង​សំណាង ក៏ដូចជា​ការប្រមើលមើល​ទូទៅ​សម្រាប់​ពិភពលោក​ផងដែរ​។ ប្រជាជន​ចិន​ភាគច្រើន​ចូលចិត្ត​ពិគ្រោះ​យោបល់​តាម​សៀវភៅ​ទាំងនេះ​នៅពេល​ត្រៀមខ្លួន​ចូលឆ្នាំថ្មី​ម្តងៗ​។ 

​    ​* ផ្កាយ​ខ្មៅ​ពីរ​ដួង​បង្ហាញ​វត្តមាន​ក្នុង​ឆ្នាំ ២០១៦ 

​    ​យោងតាម​លោក​ធាន មាន​ផ្កាយ​ខ្មៅ​ពីរ​បង្ហាញ​វត្តមាន​ក្នុង​ឆ្នាំ ២០១៦ ដែល​មានន័យថា ឆ្នាំ​ស្វា​ធាតុភ្លើង​នឹង​ឃើញ​ជម្លោះ​អន្តរជាតិ​កើនឡើង​ក៏ដូចជា​វិបត្តិ​សេដ្ឋកិច្ច​សកលលោក និង​ភាព​តានតឹង​ផ្នែក​នយោបាយ​ពិភពលោក​ផងដែរ​។ 

​    ​* "​ឆ្នាំ​នៃ​ស្ត្រី​ជា​អ្នកគ្រប់គ្រង​ផែនដី​"៖ លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​

​    ​លោក​ធាន​បាន​សរសេរ​ក្នុង​សៀវភៅ​ទំនាយ​ចុងក្រោយ​របស់លោក​ថា "​វត្តមាន​ផ្កាយ​ខ្មៅ​ពីរ​ចង្អុល​បង្ហាញថា ស្ត្រី​នឹងមាន​អំណាច​ខ្លាំង​ជាង​បុរស​។ នឹងមាន​ស្ត្រី​ច្រើនឡើង​កាន់តំណែង​គ្រប់គ្រង​កំពូល​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ក៏ដូចជា​នយោបាយ​ទូទាំង​ពិភពលោក​។ ហេតុ​ដូច្នេះហើយ ទើបបានជា​លទ្ធភាព​នៃ​បេក្ខភាព​ប្រធានាធិបតី​ក្នុង​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ មានដូចជា លោកស្រី​គ្លី​ន​តុ​ន និង​លោ​ស្រី សៃ អ៊ីង​វេន មាន​ខ្ពស់​ខ្លាំងណាស់​"​។ 

​    ​ខណៈដែល​លោក​ធាន​បានចេញ​ផ្សាយ​សៀវភៅ​ទំនាយ​កាលពី​ខែតុលា​ឆ្នាំ ២០១៥ លោក​បា​នស​បញ្ជាក់ថា​ការ​ទស្សន៍ទាយ​របស់លោក​គឺ​ត្រឹមត្រូវ​មួយ​រួចទៅហើយ ខណៈដែល​លោកស្រី​សៃ អ៊ីង​វេន អាយុ ៥៩ ឆ្នាំ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ស្រី​តៃវ៉ាន់​ជា​លើកដំបូង​កាលពី​ថ្ងៃទី ១៦ ខែមករា​ជាមួយនឹង​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ដែល​ជួយ​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ផ្តួល​គណបក្សកាន់អំណាច គូ​មីន​តាំង ដើម្បី​ដឹកនាំ​តៃវ៉ាន់​ជា​លើកដំបូង​ក្នុង​រយៈពេល ៨ ឆ្នាំ​។ 

​    ​លោក​ធាន​បាន​និយាយថា ប្រសិនបើ​ស្ត្រី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​តៃវ៉ាន់ ចិន​នឹង​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​ទាំង​ខាង​យោធា និង​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០១៦ ហើយ​ការប្រឈមមុខគ្នា​រវាង​តៃវ៉ាន់ និង​ចិន​ក៏​អាច​ចាប់ផ្តើម​លេច​ស្រមោល​ឡើង​ផងដែរ​។ 

​    ​* បញ្ហា​សុខភាព​ដ៏​សំខាន់​ក្នុងឆ្នាំនេះ​

​    ​វត្តមាន​ផ្កាយ​ខ្មៅ​ពីរ​ដួង​នឹង​បង្កើន​វត្តមាន​របួស និង​ជំងឺ​ជាច្រើន ហើយ​លោក​ធាន​បាន​ព្រមាន​ថា បម្រែបម្រួល​អាកាសធាតុ​សកលលោក​នឹង​ឈានទៅដល់​ការផ្ទុះ​ឡើង​យ៉ាងខ្លាំង​ក្លា​នៃ​ជំងឺ​អាសន្នរោគ​។ ជាពិសេស លោក​បាន​បញ្ជាក់ថា វីរុស​អេ​ប៊ូ​ឡា​នឹង​ផ្ទុះឡើង​សារជាថ្មី​ក្នុង​ទី្វ​ប​អាហ្វ្រិក​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ផ្តាសាយ និង​ជំងឺ​ជាច្រើន​ទៀត​ដូចជា​ហ្ស៊ី​កា​នឹង​ប៉ះពាល់​ដល់​ប្រជាជន និង​ការ​ចិញ្ចឹមសត្វ​នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក ឥណ្ឌា ប៉ា​គី​ស្ថាន ចិន ជប៉ុន ឥណ្ឌូនេស៊ី និង​អាមេរិក​ខាងត្បូង​។ 

​    ​ដើម្បី​ចៀសវាង​បញ្ហា​នេះ ចាំបាច់​ត្រូវមាន​ការថែទាំ​សុខភាព​បន្ថែមទៀត​នៅពេល​ទទួលទាន​អាហារ​ក្លាសេ និង​សត្វល្អិត​ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​។ លោក​ធាន​បាន​ណែនាំ​ផងដែរ​ឱ្យ​គ្រប់គ្នា​ត្រូវតែ​ប្រយ័ត្ន​បំផុត​ចំពោះ​ការរង​របួស​និង​ឧប្បត្តិហេតុ​ដោយ​ចៃដន្យ​ណាមួយ​ក្នុងឆ្នាំនេះ​។ ជាពិសេស កូនប្រុស​ដែលមាន​វ័យក្មេង ឬ​វ័យ​កណ្តាល​ក្នុង​គ្រួសារ​មានឱកាស​ខ្ពស់បំផុត​ក្នុង​ការជួប​គ្រោះថ្នាក់ របួស ឬ​ជំងឺឆ្លង​។ 

​     គ្រោះថ្នាក់​ចរាចរណ៍​ទំនង​នឹង​កើតឡើង​បំផុត​ក្នុង​ខែមករា មេសា កក្កដា និង​សីហា ឆ្នាំ​២០១៦ ដោយ​ប៉ះពាល់​ច្រើន​ទៅលើ​រថយន្ត យន្តហោះ នាវា និង​រថភ្លើង នេះ​បើតាម​សម្តី​របស់លោក​ធាន​។ 

​    ​* ការវាយប្រហារ​ភេរវកម្ម ភាព​តានតឹង​ផ្នែក​នយោបាយ និង​គ្រោះមហន្តរាយធម្មជាតិ

​    ​គ្រោះមហន្តរាយ​ទាក់ទង​នឹង​អគ្គីភ័យ​នឹង​កើតឡើង​ច្រើន​បំផុត​ក្នុងឆ្នាំនេះ ហើយ​វា​នឹង​មិនអាច​ចៀសផុត​បាន​ឡើយ នេះ​បើតាម​លោក​ធៀន ដែល​ជឿថា "​ទុក្ខវេទនា​មហា​ធំធេង​" ទំនង​កើតឡើង​ខ្ពស់បំផុត​នៅ​ប្រទេស​ដូចជា អង់គ្លេស អាមេរិក បារាំង ក៏ដូចជា​អឺរ៉ុប​ទាំងមូល និង​អាស៊ី​ប៉ែក​ខាងត្បូង​និង​លិច ដូចជា ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីរ៉ង់ កា​ហ្សា​ក់​ស្ថាន តួ​កមេ​នី​ស្ថាន តួ​ក​គី អ៊ីរ៉ាក់ និង​រុស្ស៊ី ដោយសារតែ​ការវាយប្រហារ​ភេរវកម្ម​ពី​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ 

​    ​ប្រទេស​ផ្សេងទៀត​ដូចជា​ថៃ ហ្វ៊ី​លី​ពី​ន ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា​ទំនង​ប្រឈម​នឹង​គ្រោះធម្មជាតិ និង​គ្រោះ​បង្កដោយ​មនុស្ស​។ ហើយ​ប្រទេស​ទាំង​បួន​រួមទាំង​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក​ទំនង​នឹង​ឃើញ​មានការ​ធ្វើកំណែទម្រង់​ហិរញ្ញវត្ថុ និង​នយោបាយ​ដ៏​សម្បើម ក្នុងនោះ​មាន​ទាំង​លទ្ធផល​ល្អ និង​អាក្រក់ ដោយសារតែ​អស្ថេរភាព​នយោបាយ និង​សេដ្ឋកិច្ច​។ 

​    ​* ដំណឹង​ល្អ​ទាក់ទង​នឹង​ទ្រព្យ​លាភ​

​    ​កំណត់ត្រា​មួយទៀត​របស់លោក​ធាន​គឺថា មនុស្ស​មួយចំនួន​នឹង​រីករាយ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ល្អប្រសើរ និង​ផលចំណេញ​ជាច្រើន​ក្នុង​ទ្រព្យសម្បត្តិ​។ មនុស្ស​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម អចលនទ្រព្យ សុខាភិបាល អ្នកមើលការខុសត្រូវ​ក្នុង​ពិធី​បុណ្យសព និង​ឧស្សាហកម្ម​ផ្នែក​លាង​សម្អាត​អនាម័យ​នឹង​ទទួលបាន​ចំណូល​យ៉ាង​កាក់កប ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្អ និង​ទទួលបាន​នូវ​លទ្ធផល​វិជ្ជមាន ដូចជា​ការឡើង​តំណែង និង​ការដំឡើង​ប្រាក់ខែ​ជាដើម​។ 

​    ​លោក​ធាន​បាន​និយាយ​ផងដែរ​ថា មនុស្ស​ដែលជា​ប្រធាន​នាយកដ្ឋាន​របស់​រដ្ឋាភិបាល និង "​មនុស្ស​ចាស់​" ដែល​ចូលនិវត្តន៍​ក៏​នឹងមាន​ដំណឹង​ល្អ​ទាក់ទង​លុយកាក់​ច្រើន​ផងដែរ​។ 

​    ​ទោះយ៉ាងណា ឧស្សាហកម្ម​ទាក់ទង​នឹង​ទឹក ដូចជា ទេសចរណ៍ ការកម្សាន្ត អាហារ​សមុទ្រ ហាង​លក់ដូរ និង​ការដឹកជញ្ជូន​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន​។ 

​    ​* ដំបូន្មាន​អំពី​របៀប​បញ្ចៀស​សំណាងអាក្រក់


​    ​លោក​ធាន​បាន​និយាយថា វា​ជាការ​សំខាន់​ណាស់​ក្នុងការ​ចាត់វិធានការ​ដើម្បី​កាត់បន្ថយ​នូវ​ឥទ្ធិពល​របស់​ផ្កាយ​ខ្មៅ​ទាំងពីរ ដូច្នេះ​អ្នកនឹង​អាច​ចៀស​ផុតពី​រាល់​ទុក្ខលំបាក ដែល​មក​កាត់​ផ្លូវ​របស់​អ្នក ហើយ​រាល់​វិធី​ទាំងអស់​គឺ​ចាប់ផ្តើម​នៅក្នុង​ផ្ទះ​របស់​អ្នក​។ 

​    ​ខែមករា មីនា កក្កដា សីហា និង​កញ្ញា​គឺជា​ខែ​អពមង្គល​បំផុត​ក្នុង​ឆ្នាំ ២០១៦ ដូច្នេះ​អ្នក​គួរតែ​ប្រយ័ត្នប្រយែង​បំផុត​អំឡុង​ខែ​ទាំងនេះ​។ 

​    ​ការសាងសង់​ឬ​ការជួសជុល​ផ្ទះ​ដាច់ខាត​ត្រូវតែ​ចៀសវាង​ជាពិសេស​ការជួសជុល​នៅ​កណ្តាល​ផ្ទះ ហើយ​អ្នក​ក៏​គួរតែ​ចៀសវាង​ការដាក់​គ្រឿង​អគ្គីសនី​នៅ​កណ្តាល​ផ្ទះ​ផងដែរ ដូចជា ទូរទស្សន៍ ប្រព័ន្ធ​កម្សាន្ត (​ហ្គេម​) ម៉ាស៊ីនត្រជាក់ អំពូល​ភ្លើង និង​កង្ហា​។ 

​    ​មនុស្ស​ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ក្រាល​កម្រាលព្រំ​ពណ៌​ស និង​ប្រផេះ​ជាមួយនឹង​ការដាក់​កាក់​ចិន​ចំនួន ៨ នៅក្រោម​កម្រាល​នោះ​ផងដែរ ជាពិសេស​កម្រាលព្រំ​ត្រូវតែ​ដាក់​នៅ​កណ្តាល​ផ្ទះ​។ 

​    ​ចុងបញ្ចប់ អ្នក​គួរតែ​លើក​ហុងស៊ុយ​ផ្ទះ​តាមរយៈ​ការព្យួរ​ឬ​ដាក់​នូវ​យ័ន្ត​ខ្យល់​នាំ​សំណាង មួក​អធិរាជ​ទាំង ៦ រូបចម្លាក់​វិហារ​ធាតុ​៥ ថ្ម​គុជ​ចម្រុះ​ពណ៌ រូបចម្លាក់​ដំរី​ស ឬ​រូបចម្លាក់​បក្សី​យក្ស​នៅ​ចំ​កណ្តាល​ផ្ទះ​៕   

adverise with khmeread
ប្រភព៖ ibtimes.co.uk

អ្នកនឹងចូលចិត្ត

មតិយោបល់