1

បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​

     ភ្នំពេញ ៖ ក្នុងអំឡុង​ពេលមុន ក្នុង និង ក្រោយ​បុណ្យចូលឆ្នាំ​ចិន​ខ្មែរ​រីដ សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ ទាំង​មន្ត្រី​ធំ​តូច នៅ​ទូទាំងប្រទេស​អាច​ប្រឈម​នឹង​បញ្ហា​ធំៗ ៣​ចំណុច ដែល​បងប្អូន លោកអ្នក និង ប្រិយមិត្ត​ទាំងអស់​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង ត្រូវ​ចេះ​បង្ការ​ការពារ​ខ្លួន​ជាមុន ។​

     បញ្ហា​៣​ចំណុច​ដែរ​ខ្មែរ​រីដ​លើកឡើង​ពេលនេះ គឺ ទី​១-​បញ្ហា​សុខភាព ទី​២-​បញ្ហា​សន្តិសុខ​សង្គម និង​ទី​៣-​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។​

    បញ្ហា​ទី​១- នៅ​មុនពេល​បុណ្យចូលឆ្នាំ​ប្រជាកសិករ និង អ្នក​ដាំ​ដំណាំ​ផ្លែឈើ បន្លែ​គ្រប់​ប្រភេទ ជាពិសេស​បន្លែ​ត្រូវប៉ាន់​សម្រាប់​សែន ពួកគាត់​ខិតខំ​ដាក់​ជី បាញ់ថ្នាំ​...​ដើម្បី​ឲ្យ​ឆាប់​ធំ​បាន​ផល​យកមក​លក់​។​តិច​ឬ​ច្រើន​បន្លែ​ផ្លែឈើ​ទាំងនោះ​មាន​ជាតិគីមី​ពុល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​យ៉ាងខ្លាំង​(​បុគ្គលិក​ខ្មែរ​រីដ​ម្នាក់​ពុល​បន្លែ​ទើបនឹង​ជា​)​។​

   ក្រៅពី​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រជាកសិករ​ខ្មែរ ក៏​នៅ​មានការ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង​ពី​ប្រទេសជិតខាង​គ្មាន​ការត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ ពី​មន្ត្រី​ជំនាញ ពោល​គឺមាន​បញ្ហា​ហើយ​ទើប​នាំគ្នា​ចុះ​ពិនិត្យ ចាប់ និង​បិទ​ទីតាំង​ជា​ក្រោយ​។​

    ជុំវិញ​បញ្ហា​នេះ តាម​យោបល់​ខ្មែរ​រីដ យល់ថា​រាល់​បន្លែ ផ្លែឈើ ដែល​ទិញ​ពី​ផ្សារ​គួរ​យកមក​ត្រាំ​ទឹក​ធម្មតា​ឬ​ទឹក​ពែ​រម៉ង់​ហ្កា​ណាត​ឲ្យ​បាន​យ៉ាងហោច​កន្លះ​ម៉ោង​សិន ដើម្បី​ឲ្យ​ជាតិគីមី​ចេញពី​បន្លែ ផ្លែឈើ​ទាំង​នោះបាន​មួយចំនួន មិនសូវ​ប៉ះពាល់​ដល់​សុខភាព ឬ​បើ​សង្ស័យថា​មាន​ជាតិគីមី​ច្រើន​(​ឆាប់​រលួយ​ឬ​ស្រស់​បានយូរ​ថ្ងៃ​)​គួរតែ​បោះ​វា​ចោល​។​

    បញ្ហា​ទី​២- បញ្ហា​សន្តិសុខ​សង្គម​ក៏​ជា​រឿង​ស្លា​ប់រស់ ។ មុន​បុណ្យចូលឆ្នាំ​ចិន​ឬក៏​បុណ្យចូលឆ្នាំ​ខ្មែរ ពួកចោរ​លួច ឆក់ ប្លន់​...​បានធ្វើ​សកម្មភាព ហើយ​បាននិងកំពុង​កើតឡើង​នៅ​គ្រប់​ទីកន្លែង ដើម្បី​ពួកវា​ប្រមូល​លុយ​ចូលឆ្នាំ​នឹង​គេ​ដែរ ។ សកម្មភាព​ពួកវា​មួយចំនួន​បាន​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់​និង​របួស​ពិការ​អស់​មួយជីវិត​ក៏មាន ។​

    ជាក់ស្តែង​សកម្មភាព​ប្លន់​នៅតាម​បណ្តា​ខេត្ត រាជធានី​មួយចំនួន ពួកវា​បាន​បាញ់សម្លាប់​ដោយ​ភ្នែក​ស្រស់ ខ្លះ​របួស​ពិការ ។ ចំណែក​សកម្មភាព​ឆក់​ខ្សែក ឆក់​កាបូប ឆក់​ទូរស័ព្ទ​ទំនើបៗ​តាមផ្លូវ​សាធារណ​:  ក៏បាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

    ជុំវិញ​ករណីនេះ​ខ្មែរ​រីដ​យល់ថា បងប្អូន​ត្រូវ​ចេះ​បង្ការ ការពារ​ខ្លួន​ដោយ​ខ្លួនឯង​ជាមុន ជាជាង​ពឹង​ផ្អែកទៅលើ​សមត្ថកិច្ច​ខ្លាំងពេក ដូច​ពាក្យស្លោក​"​ការពារ​ប្រសើរ​ជាង​ព្យាបាល​" ។​

    បញ្ហា​ទី​៣-​ជា​បញ្ហា​ប្រឈម​ខ្លាំងជាងគេ គឺ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​កើតមានឡើង​រាល់ថ្ងៃ ។​"​ចូលឆ្នាំ​ចិន​ស្រវឹង​ខ្មែរ "​ក៏​ជា​ដើមចម​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។​ជាពិសេស​នៅ​ថ្ងៃ​ចិន​សែន ហើយ​បញ្ហា​ដែល​អាច​កើតមានឡើង​បន្ទាប់​ការ​សែនព្រេន​មិន​ប្រុងប្រយ័ត្ន​ក៏បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អគ្គិភ័យ​ផងដែរ​។​

      ជុំវិញ​បញ្ហា​នេះ​ខ្មែរ​រីដ​យល់ថា សូម​បងប្អូន​រួមគ្នា​គោរព​ច្បា់ប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ របួស និង ខូចខាត​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ៕
(​បំណងល្អ​ពី​ខ្មែរ​រីដ​)​

មតិយោបល់