adverise with khmeread 2

កូរ៉េខាងជើង​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​ស្វាគមន៍​បុណ្យចូលឆ្នាំ​ចិន​

​    ​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ កុម្ភៈ​នេះ ដែល​ផ្គើន​ទៅនឹង​ការព្រមាន​ពី​សំណាក់​អាមេរិក និង​កូរ៉េខាងត្បូង​។ 

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​បាន​បាញ់​រ៉ុក្កែត​ចេញពី​មូលដ្ឋាន​បាញ់​មី​ស៊ី​ល Dongchang-ri នៅ​ភាគ​ពាយ័ព្យ​ប្រទេស​នៅ​រង្វង់​ម៉ោង ៩​និង​៣០ នាទី​ព្រឹក​។ 

​    ​ជប៉ុន​និយាយថា រ៉ុក្កែត​បាន​ហោះ​រំលង​កោះ​អូ​គី​ណា​វ៉ា​។ បំណែក​របស់​រ៉ុក្កែត​បាន​ធ្លាក់​លើ​សមុទ្រ​លឿង និង​ដែនទឹក​នៅ​កោះ​ជេ​ជូ​របស់​កូរ៉េខាងត្បូង​ភាគ​និរតី នេះ​បើតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ​យ៉ុ​ន​ហាប់​។​

​     យោងតាម​ប្រទេស​ជប៉ុន គេ​រំពឹងថា​គ្រាប់​រ៉ុក្កែត​នេះ​បាន​ផ្តាច់ចេញ​ជា ៥ បំណែក ហើយ​កម្ទេចកម្ទី​អាច​នឹង​ធ្លាក់ចូល​សមុទ្រ​លឿង សមុទ្រ​ចិន​ខាងកើត និង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។ 

​    ​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា ការបាញ់​រ៉ុក្កែត​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​បរាជ័យ​មួយ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​បន្ថែមទៀតថា រ៉ុក្កែត​បាន​បាត់ដាន​ពី​ស្គ្រី​ន​រ៉ា​ដា​អំឡុង​ដំណាក់កាល​រ៉ុក្កែត​ផ្តាច់ខ្លួន​ជា ៥​។ 

​    ​បន្ទាប់ពី​សេចក្តីរាយការណ៍​អំពី​ការបាញ់​រ៉ុក្កែត​នៅ​ថ្ងៃអាទិត្យ​នេះ​មក កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​នឹងធ្វើ​សេចក្តីប្រកាស​ពិសេស​មួយ​នៅ​ពាក់​កណ្តាលរាត្រី​ថ្ងៃអាទិត្យ​នេះ​។ កូរ៉េខាងជើង​មុននេះ​បានប្រកាសថា រ៉ុក្កែត​របស់ខ្លួន​នឹងត្រូវ​បាញ់​បង្ហោះ​នៅ​ចន្លោះ​ថ្ងៃទី ៧ ដល់ ១៤ កុម្ភៈ​៕  

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់