ថ្មមាសដ៏អច្ឆរិយៈមិនចេះរលំនេះ តាមការនិយាយតៗគ្នា គឺដោយសារ សរសៃសក់ព្រះពុទ្ធជួយទប់

ថ្មមាស (Golden Rock) ដ៏ធំគឺជាអ្វីដែលធ្វើឱ្យភ្នំ "Kyite Htee Yoe" កម្ពស់ ១១០០ ម៉ែត្រមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ដោយមានទីតាំងនៅកំពូលភ្នំ ថ្មមាសនៅរដ្ឋមន ក្នុងប្រទេសមីយ៉ាន់ម៉ានេះគឺជាទីសាសនាដ៏ពិសិដ្ឋមួយនៅក្នុងប្រទេស ដោយអមជាមួយទីតាំងដូចជាវត្ត "Shwedagon" និងប្រាសាទ "Mahamuni"។ អ្នកធ្វើធម្មយាត្រាតែងមកភ្នំនេះដើម្បីគោរពបូជា និងបន្ថែមសន្លឹកមាសលើថ្ម។

* ប្រវត្តិថ្មមាស
ប្រវត្តិថ្មមាសគឺជាប់ទាក់ទងនឹងរឿងរ៉ាវរបស់ព្រះពុទ្ធដែលបាននិមន្តទស្សនកិច្ចមួយក្នុងចំណោមការធ្វើដំណើរជាច្រើន។ នៅក្នុងដំណើររបស់ព្រះអង្គ ព្រះអង្គបានប្រគល់សរសៃសក់ទៅឱ្យឥសីឈ្មោះ "Taik Tha" ដែលក្រោយមកបានលាក់សរសៃសក់នោះចូលក្នុងថ្មមាសនោះយ៉ាងមានសុវត្ថិភាព។ បន្ទាប់មកទៀត សរសៃសក់នោះក៏ត្រូវបានយកទៅថ្វាយស្ដេច ជាមួយបំណងតម្កល់សក់នេះនៅក្នុងដុំថ្មដូចក្បាលឥសី។

ស្ដេចអង្គនេះត្រូវគេជឿថា ទទួលមរតកឫទ្ធិអំណាចពីបិតា ព្រះនាម "Zawgyi" ដែលជាអាគីមេដ៏ស្ទាត់ជំនាញ និងមាតាដែលជាព្រះនាងនាគ។ បន្ទាប់ពីរកឃើញថ្មនៅបាតសមុទ្រ និងជាមួយជំនួយរបស់ស្ដេចឋានសួគ៌ "Tawadeintha" ឈ្មោះ "Thagyamin" ស្ដេចអង្គនេះបានរកឃើញទីតាំងដ៏ល្អនៅភ្នំ "Kyite Htee Yoe" ដើម្បីតម្កល់ថ្មមាស និងសាងសង់វត្តថ្មមាស កន្លែងដែលសរសៃសក់ត្រូវបានយកមកតម្កល់ជាអចិន្ត្រៃយ៍។

យោងតាមចាស់ៗ សក់ព្រះពុទ្ធជួយបញ្ចៀសថ្មពីការបាក់ទៅក្រោមភ្នំ។ ទូកដែលធ្លាប់ប្រើប្រាស់សម្រាប់ដឹកថ្មបានប្រែទៅជាថ្មដែរ ដែលបានបង្កើតកន្លែងមួយទៀតសម្រាប់អ្នកធ្វើធម្មយាត្រាគោរពបូជាដែលមានទីតាំងពីថ្មមាសប្រមាណ ៣០០ ម៉ែត្រ។ ទីតាំងនោះត្រូវគេស្គាល់ជាវត្ត "Kyaukthanban" (ចេតិយទូកថ្ម)។

គេក៏ជឿថា ឣ្នកធ្វើធម្មយាត្រាចាប់ផ្ដើមធ្វើធម្មយាត្រាដោយដើរពីជំរំមូលដ្ឋានឈ្មោះ "Kinpun" បីដងជាប់គ្នាក្នុងមួយឆ្នាំ នឹងទទួលការប្រទានពរជាមួយទ្រព្យនិងកេរ្តិ៍ឈ្មោះ៕

adverise with khmeread