រថយន្តឌុយម៉ិច រេចង្កូតបុករថយន្តសាំងយ៉ុង របួសធ្ងន់៤នាក់ ស្រាលម្នាក់

ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ១៧៤ ចន្លោះគីឡូម៉ែត្រលេខ ៧០ និង៧១ រវាង រថយន្តនិងរថយន្ត បើកបរ បញ្ច្រាស់ទិសគ្នា ស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យមនុស្សរបួសធ្ងន់០៤នាក់ និងស្រាលម្នាក់ ព្រមទាំងខូចខាតរថយន្ត ធ្ងន់ ២ គ្រឿង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៦ល្ងាច។

យោងតាមរបាយការណ៍របស់កម្លាំងប៉ូលិសជំនាញបានឱ្យដឹងថា អ្នកជិះក្នុងរថយន្តសាំងយ៉ុងរបួសធ្ងន់ទាំង៤នាក់ ទី១.ឈ្មោះ ស្រោង ចិន្តា ភេទប្រុសអាយុ៣១ឆ្នាំ បើកបរ រថយន្តម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ជារថយន្តរត់ឈ្នួល ពាក់ស្លាកលេខ ភ្នំពេញ 2Z-7603 រងរបួស ធ្ងន់, ទី២.ឈ្មោះ យាង ហុនភេទ ស្រី អាយុ ៤៦ ឆ្នាំ រងរបួសចង្កេះ ធ្ងន់, ទី៣.ឈ្មោះ ស្រ៊ុន ឡាឌី ភេទប្រុស អាយុ៣៤ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ បែកលើចិញ្ចើមស្តាំ, ទី៤.ឈ្មោះ ផន ស្រីឌី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិជាមួយ គ្នា ពោះ ធំគ្រប់ខែ រងរបួសបាក់ភ្លៅខាងស្តាំ។ ជនរងគ្រោះទាំង៤ខាងលើរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យទាំងអស់គ្នា។

របាយការណ៍បន្តថា ដោយឡែកខាងរថយន្តឌុយម៉ិច បើកបរម្នាក់ឯង ឈ្មោះ មុំ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិពពេលសែនជ័យ ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រងរបួស ស្រាល ជាទាហាន៤១៣ បើកបររថយន្តម៉ាក IZUZU ឌីម៉ិច ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ (ខ.ម 2-2175) ចង្កូតស្តាំ។

តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តសាំងយ៉ុងបានបើកបរពីកើតទៅលិច មានទិសដៅចេញពីស្រុកត្រពាំងប្រាសាទ ឆ្ពោះទៅខេត្តសៀមរាប។ លុះមកដល់ចំណុចកើតហេតុក៏មាន រថយន្តម៉ាក IZUZU ឌីម៉ិច រេចង្កូតទៅបុករថយន្តសាំងយ៉ុងតែម្តង បណ្តាលឱ្យខូចខាតរថយន្តទាំង២យ៉ាងដំណំ។       

ក្រោយពេលកើតហេតុ រថយន្ត ទាំងពីរគ្រឿង ផ្នែកជំនាញបានយកមករក្សានៅអធិការដ្ឋានស្រុកអន្លង់វែងនិងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង និងខេត្តសៀមរាប៕

adverise with khmeread