ចាប់បានចោរឆក់កាបូបស្ពាយម្នាក់...អ្នកដំណើរព្រួតវាយទក់សាច់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទឆក់កាបូបពុំបានសម្រេច បណ្តាលឱ្យ ជនរងគ្រោះដួលម៉ូតូរងរបួសប្រព្រឹត្តនៅលើដងផ្លូវ មុខផ្ទះលេខ៣០ ផ្លូវលេខ ២៨៩ ក្រុមទី៤១ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១០ និង២០នាទីយប់ហើយជនសង្ស័យត្រូវបានអ្នកដំណើរវ៉ៃទក់សាច់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឡន ឡាំហេង ហៅ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះពុំស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល ជាង២០ឆ្នាំ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស (ពុំបានដាក់ពាក្យបណ្តឹងទេ)។

វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ក្រហម-ស គ្មានស្លាក លេខ មានលេខតួ 32 6634 និងលេខម៉ាស៊ីន 326641 ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព។

ប៉ូលិសបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១០ និង២០នាទីយប់ជនរងគ្រោះប្រុស- ស្រីពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស តាមបណ្តោយផ្លូវលេខ២៨៩ ពីត្បូងមកជើង។

ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល ៥ទៅ ៦នាក់ ជិះម៉ូតូធុនទំនើបចំនួន ០៤គ្រឿងតាមមកពីក្រោយក្នុងទិសដៅស្របគ្នា ហើយបានចាប់ឆក់យកកាបូបដែលជនរងគ្រោះកំពុងស្ពាយ តែពុំបានសម្រេច បណ្តាលឱ្យទាក់ដៃម៉ូតូដួល ទាំងអស់គ្នា។ 

ពេលនោះជនរងគ្រោះបានស្រែកចោរៗ ទើបប្រជាពលរដ្ឋ និងអ្នកដំណើរ បាននាំគ្នាវាយជនសង្ស័យឈ្មោះ ឡន ឡាំហេង បណ្តាលឱ្យរបួស សន្លប់បាត់ស្មារតី។ ចំណែកជនសង្ស័យផ្សេងទៀតជិះម៉ូតូគេចខ្លួនបាត់។ 

ដោយឡែក ជនរងគ្រោះក៏មានរបួសដែរ បានជិះម៉ូតូទៅបាត់ ពុំបានដាក់ពាក្យបណ្តឹងទេ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឡន ឡាំហេង កំពុងឃាត់ ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab