សាហាវណាស់! បុកពីក្រោយផ្លោងកណ្តាលផ្លូវថ្នល់...កិនធ្លាយពោះថែម...

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើង ផ្តើមចេញពីរថយន្តកូរ៉េបើកបុក ពីក្រោយគោយន្តកន្រ្តៃដឹកគ្រែ ផ្លោងអ្នកបើកបរហើយរថយន្តបង្កកិនធ្លាយពោះស្លាប់ភ្លាមៗទាំងកណ្តាលផ្លូវថ្នល់ ហើយរថយន្តបង្កព្យាយាមបើករត់គេចទៅបាត់ដោយ សុវត្តិភាព។

គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ជាងជើងសាលាកូរ៉េ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះមានឈ្មោះ អ៊ិន ឃីម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ដឹកគ្រែដើរលក់ មានទីលំនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បើកគោយន្តកន្រ្តៃ ដឹកគ្រែដើរលក់ ចេញពីស្រុកបារាយ រួមជាមួយ បងថ្លៃស្រីម្នាក់ទៀត បើកគោយន្តផ្សេង ដោយជនរងគ្រោះ បើកគោយន្តនៅពីមុខ ធ្វើដំណើរកាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ធុនធំមួយគ្រឿង មិនច្បាស់ពណ៌ គ្រាន់តែ ដឹងថា ពាក់ស្លាកលេខ 3A-0771 តែមិនច្បាស់ ជាភ្នំពេញឬមួយស្លាក លេខខេត្ត បើកបរពីជើងទៅត្បូងស្របទិសគ្នា ល្បឿនលឿនជ្រុលមកបុក ពីក្រោយគោយន្តជនរងគ្រោះ រុញផ្ទប់ទៅបុកខឿនចិញ្ចើមផ្លូវ ផ្លោងអ្នកបើកបរ មកកណ្តាលផ្លូវ រថយន្តបង្កកិនបន្ថែមធ្លាយពោះស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

បន្ទាប់មករថយន្តបង្ក បន្ថែមល្បឿនបោះពួយរត់គេចទៅបាត់ បន្សល់ទុកតែសាកសព នៅកណ្តាលផ្លូវ ក្រោមតំណក់ទឹកភ្លៀង គួរឱ្យសោកសង្រែងបំផុត៕

adverise with khmeread