អ្នកនៅរដ្ឋ North Carolina ភ្ញាក់ផ្អើល ឃើញកោះថ្មីដុះចេញមកក្នុងពេលតែមួយយប់

ឆ្នេរសមុទ្រជាតិ Cape Hatteras នៃរដ្ឋ North Carolina តែងមានទេសភាពដ៏ស្រស់ត្រកាល ប៉ុន្តែឥឡូវគេឃើញមានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយទៀតបានកើតឡើង។

ទេសភាពនោះគឺកោះថ្មីមួយបានកើតឡើងនៅក្នុងមហាសមុទ្រត្រឹមតែមួយយប់ប៉ុណ្ណោះ។ នេះបើតាមប្រភព CNN កាលពីថ្ងៃទី ២៧ មិថុនា។

ដោយប្រទះឃើញដោយអ្នកស្រុក និងថតដោយជាងថតរូប Chad Koczera ពំនូកខ្សាច់មួយបានដុះពីកោះតូចមួយទៅជាផ្ទៃដីដ៏ធំ។ ឥឡូវភ្ញៀវទេសចរនាំគ្នាឆ្លងសមុទ្រដើម្បីដើរលេងនៅលើកោះថ្មីជាប់ឆ្នេរខ្សាច់ខាងលើ។

ភ្ញៀវទេសចរម្នាក់ឈ្មោះ Janice Regan បានប្រាប់វេបសាយ The Virginian Pilot ថា អ្នកខ្លះបានហៅកោះនេះថា កោះ "Shelly" ដោយសារវាជាកន្លែងដ៏ល្អបំផុតដើម្បីប្រមូលសំបកសត្វសមុទ្រ។

កោះថ្មីនេះមានប្រវែង១គីឡូម៉ែត្រនិងមានទីតាំងចំកន្លែងជិះស្គីទឹក Cape Point។ ប៉ុន្តែមន្ត្រីជំនាញបានព្រមានថា មនុស្សមិនគួរព្យាយាមហែលទឹកទៅកោះនេះឡើយព្រោះទឹកមានជម្រៅជ្រៅ។

លោក Dave Hallac អគ្គនាយក Cape Hatteras បានប្រាប់ The Virginian Pilot ថា ឆ្នេរសមុទ្រ Cape Point នឹងផ្លាស់ប្ដូរជានិច្ច។ កោះនេះអាចបាត់ខ្លួនលឿនដូចវាកើតឡើងដែរ៕

adverise with khmeread