adverise with khmeread Image %281%29

ឃាត់ខ្លួននារីម្នាក់ចាប់ក្មេងស្រីអាយុ ៩ឆ្នាំជំរិតទារប្រាក់ជិត២លានរៀល

     កំពង់ចាម ៖  ជនសង្ស័យជានារីម្នាក់ ដែលបានចាប់ជំរិតក្មេងស្រីអាយុ៩ឆ្នាំដែលត្រូវជាក្មួយជីដូនមួយ ដើម្បីជំរិតទារប្រាក់១០០ដុល្លារនិង១លាន៥០មុឺនរៀលរួមនឹងការលួចយកម៉ូតូហុងដាសេ១២៥ឆ្នាំ២០១៣ មួយគ្រឿងរបស់ឪពុកក្មេងរងគ្រោះដែលត្រូវជាបងថ្លៃជីដូនមួយរបស់ជនសង្ស័យ ត្រូវបានប៉ូលិសខេត្តកំពង់ ចាមចាប់ខ្លួនកាលពីថ្ងៃទី៥ធ្នូឆ្នាំ២០១៥នៅឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
     ប៉ូលិសខេត្តកំពង់ចាមបានឲ្យដឹងថា រឿងហេតុចាប់ជំរិតខាងលើនេះកើតឡើងនៅរសៀលម៉ោង៤ថ្ងៃទី៤វិច្ចិកា ឆ្នាំ២០១៥ នៅភូមិទួលទ្រាត្បូង  ឃុំជប់ ស្រុកខេត្ត  ត្បូងឃ្មុំ  ។ក្រោយទទួលបានពាក្យបណ្តឹងពីលោកឆែម សារុំ អាយុ៣៥ឆ្នាំ ជាពលរដ្្ឋនៅភូមិទួលទ្រាត្បូង ឃុំ ជប់នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៥វិច្ឆិកាស្តីពីករណីចាប់កូនគាត់ឈ្មោះលីហ្សា អាយុ៩ឆ្នាំភេទស្រី  ដើម្បីជំរិតទារប្រាក់។
     ក្រោយកើតហេតុភ្លាមឪពុកជនរងគ្រោះបានមកដាក់ពាក្យប្តឹងនៅអធិការដ្ឋានប៉ូលិសស្រុកត្បូងឃ្មុំ  និង បន្ទាប់ពីសង្ស័យថាជនល្មើសកំពុងលាក់ខ្លួននៅក្រុងកំពង់ចាម គាត់បានមកប្តឹងប៉ូលិសក្រុងកំពង់ចាមបន្ថែមទៀត ។
    ប៉ូលិសខេត្តកំពង់ចាមបន្តថា ក្រោយពីស្តាប់របាយការណ៍និងវិភាគហេតុផលបានច្បាស់លាស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការប៉ូលិសខេត្តកំពង់ចាម បានណែនាំដល់ប៉ូលិសជំនាញដោយប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ឯក ហេង  វុទ្ធី ដឹកនាំកម្លាំងផ្ទាល់ចេញប្រតិបត្តិការពិសេសរាយបណ្តាញប្រទាក់ក្រឡា ក្នុងខេត្តនិងសហការជាមួយកម្លាំងជំនាញអគ្គស្នងការដ្ឋានប៉ូលិសជាតិ ធ្វើយ៉ាងណាបំផ្លាញករណីនេះឲ្យខាងតែបាន ពិសេសធានាសុវត្តិភាពជូនជនរងគ្រោះដើម្បីបានជួបជុំឪពុកម្តាយវិញ ។
     ប៉ូលិសបន្តថា ដោយមានការសហការល្អនិងទាន់ពេលវេលាពីឪពុកជនរងគ្រោះ  នៅវេលាម៉ោង៣រសៀលនេះកម្លាំងប្រដេញរបស់ប៉ូលិសស្រុកព្រៃឈរ ខេត្តកំពង់ ចាម បានស្ទាក់ចាប់នៅក្នុងភូមិសាស្រ្តឃុំស្រង៉ែដោយចាប់បានជនល្មើសម្នាក់ជាស្រ្តីក្នុងបណ្តឹងឈ្មោះ វ៉ន សាវី អាយុ២៤ឆ្នាំ  នៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម  ដែលត្រូវជាប្អូនជីដូនមួយរបស់ម្តាយជនរងគ្រោះនិងរំដោះកុមាររងគ្រោះត្រឡប់មកវិញដោយសុវត្តិភាព ។ប៉ុន្តែគូកនម្នាក់បានគេចខ្លួន  តែកម្លាំងប្រដេញកំពុងតាមប្រមាញ់
    បច្ចុប្បន្នជនល្មើសនិងម៉ូតូត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ ចាម  ដើម្បីអនុវត្តនិតិវិធី មុននឹងបញ្ជូនទៅខេត្តត្បូងឃ្មុំ ជាម្ចាស់ករណីដើម្បីចាត់ការបន្ត ។ឯជនរងគ្រោះប៉ូលិសបានទាក់ទងទៅអាណាព្យាបាលឲ្យមកទទួលយកទៅបីបាច់ថែរក្សាវិញ។
     យោងតាមច្បាប់ជនល្មើសត្រូវប្រឈមនិងមាត្រា២៥៣ ២៥៤ នៃច្បាប់ ព្រហ្មទណ្ឌស្តីពីស្ថានទំងន់ទោសត្រង់ចំណុច៣ ចែងថា"ជនណាប្រព្រឹត្តក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិឬទាមទារឲ្យបំពេញលក្ខណ្ឌអ្វីមួយត្រូវផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ"។ប៉ុន្តែបើតាមមាត្រា២២នៃច្បាប់ប្រឆាំងការជួញដូរមនុស្សជននេះត្រូវជាប់ទោសអស់មួយជិវិតព្រោះច្បាប់បានចែងថា "បុគ្គលដែលចាប់បង្ខាំងជនដទៃ ដោយគ្មានអំណាចផ្លូវច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់១ជិវិត ក្នុងករណី១-ធ្វើទារុណ កម្ម ឬអំពើឃោឃៅ ២- បណ្តាលឲ្យមានមនុស្សស្លាប់និង៣-ប្រព្រឹត្តក្នុងគោលដៅជំរឹតយកប្រាក់"។
   ក្នុងឱកាសនោះលោកតាហ៊ល ហៃ និងលោកយាយលឹម យ៉ុនព្រមទាំងឪពុកកុមារីរងគ្រោះបានសម្តែងនូវការអបអរសាទរដោយរំភើបព្រមទាំងថ្លែងអំណរគុណដល់កងកម្លាំងប៉ូលិសកំពង់ចាមដែលបាននាំចៅស្រីរបស់គាត់ត្រឡប់មកវិញដោយជោគជ័យនិងសុវត្តិភាព៕

adverise with khmeread

មតិយោបល់