​ចិន​ចង់​ហាម​ប្រជាជន​កុំឱ្យ​ដាក់​ដៃ​លើ​ទ្រូង​ឆ្វេង ពេល​គោរព​ទង់ជាតិ ព្រោះ​វា​ជា​កាយវិការ​របស់​អាមេរិក​

​    ​ការដាក់​ដៃ​លើ​បេះដូង​អំឡុងពេល​គោរព​ភ្លេងជាតិ​គឺជា​ការអនុវត្ត​ទូទៅ​ចំពោះ​មនុស្ស​ជាច្រើន​លើ​សកលលោក ដោយ​បង្ហាញ​ពី​ការគាំទ្រ​និង​គោរព​ដល់​ប្រជាជាតិ​របស់​ពួកគេ​។ ទោះយ៉ាងណា សមាជិកសភា​ចិន​ម្នាក់​ចង់ឱ្យមាន​ការហាម​ឃាត់​កាយវិការ​នេះ​នៅ​ប្រទេស​ចិន​។​

​    ​នាពេល​ថ្មីៗ​នេះ​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ចិន​បាន​ជួបពិភាក្សា​អំពី​លក្ខខណ្ឌ​ថ្មី និង​បទបញ្ញត្តិ​ទាក់ទង​នឹង​ភ្លេង​ជាតិចិន​។ អំឡុង​ការពិភាក្សា សមាជិក​គណៈកម្មការ​ម្នាក់​ឈ្មោះ ឈិន​ក័​រលីង (Chen Guoling) បាន​ស្នើថា ការដាក់​ដៃ​លើ​បេះដូង​អំឡុង​ភ្លេង​ជាតិចិន គួរតែ​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់​ចិន​ព្រោះ​កាយវិការ​នេះ​មាន​ប្រភព​ចេញពី​សហរដ្ឋអាមេរិក និង​គ្មាន​ប្រវត្តិ​នៅ​ចិន​ឡើយ​។​

​    ​លោក​ឈិន​បាន​ថ្លែងប្រាប់ CGTN យ៉ាង​ដូច្នេះ​ថា "​មនុស្ស​ជំនាន់​ក្រោយ​តែង​ដាក់​ដៃស្ដាំ​លើ​បេះដូង​របស់​ពួកគេ​នៅពេល​មាន​ភ្លេងជាតិ ជាពិសេស​កីឡាករ​។ ប៉ុន្តែ​គេ​មិនអាច​ទទួលយកបាន​ព្រោះនេះ​គឺជា​កាយវិការ​ដែលមាន​ប្រភពពី​អាមេរិក​ក្នុង​ឆ្នាំ ១៩៤២"​។ 

​    ​លោក​បាន​បន្ថែមថា "​យើង​គួរ​ដើរ​តាម​លក្ខណៈ​និង​ច្បាប់​របស់​ចិន​" ដោយ​ស្នើថា ឃ្លា​មួយ​អាច​ត្រូវ​បន្ថែម​ក្នុង​សេចក្ដីព្រាងច្បាប់​ដែល​បាន​សរសេរ​នាពេល​ថ្មីៗ​នេះ ដោយ​ហាមឃាត់​កាយវិការ​មាន​លក្ខណៈ "​បរទេស សាសនា​គេ និង​ច្នៃ​ដោយ​ខ្លួនឯង​" អំឡុងពេល​គោរព​ភ្លេងជាតិ​។​

​    ​ស្របពេល​មិនទាន់មាន​ការហាមឃាត់​កាយវិការ​ជាក់ច្បាស់​ត្រូវបាន​រួមបញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់ ក្នុងនោះ​ក៏បាន​សរសេរថា នៅពេល​មានការ​ចាក់​ភ្លេងជាតិ ប្រជាជន​ត្រូវតែ​មើល​ទង់ជាតិ ស្របពេល​ទាហាន​និង​មន្ត្រីប៉ូលិស​ក្នុង​ឈុត​ឯកសណ្ឋាន ត្រូវ​បង្ហាញ​កាយវិការ​គោរព​។​

​    ​ខណៈពេល​នេះដែរ ការស្នើ​របស់លោក​ឈិន បាន​បង្ក​ការជជែក​ពិភាក្សា​ដ៏​ក្ដៅគគុក​នៅលើ​បណ្ដាញ​សង្គម​ចិន​ជុំវិញ​ការដាក់​ដៃ​លើ​ដើមទ្រូង​ខាងឆ្វេង​និង​គោរព​ប្រទេស គឺ​មិនមែនជា​របស់​អាមេរិក​តែម្នាក់ឯង​ឡើយ​៕

ប្រភព៖ បរទេស

​    ​* វីដេអូ ៖ តាំងពី​វ័យក្មេង​ខ្ចី សិស្ស​តូចៗ​នៅ​សាលា​ចិន​ត្រូវបាន​បង្រៀន​ឱ្យ​គោរព​ភ្លេងជាតិ​របស់​ពួកគេ​។​

 

adverise with khmeread