អ្នកចាត់ការក្លឹប Swansea: John Terry បដិសេធក្លឹបនៅក្របខណ្ឌ EPL ព្រោះចង់គេចពីជំនួបជាមួយក្រុម Chelsea

គ្រូបង្វឹករបស់ក្លឹប Swansea លោក Paul Clement បានបង្ហើបប្រាប់ថា កីឡាករចាស់វស្សា John Terry បានសម្រេចចិត្តទៅលេងនៅក្របខណ្ឌ Championship ដោយសារតែកីឡាកររូបនេះមិនចង់ប្រឈមមុខជាមួយនឹងក្រុមចាស់ Chelsea របស់ខ្លួននៅក្របខណ្ឌ EPL។

កីឡាករវ័យ៣៦ឆ្នាំរូបនេះនឹងចូលរួមជាមួយក្លឹប Aston Villa នៅរដូវកាលថ្មីនេះ បន្ទាប់ពីចប់កិច្ចសន្យានៅពហុកីឡាដ្ឋាន Stamford Bridge។ មានការចាប់អារម្មណ៍ច្រើនចំពោះអតីតប្រធានក្រុម Chelsea រូបនេះ ហើយក្លឹប Swansea និងក្លឹប Bournemouth ក៏ស្ថិតក្នុងចំណោមក្លឹបដែលចង់បាន Terry ដែរ។ ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តផ្ទេរមកលេងនៅក្របខណ្ឌកម្រិតទាបមួយ។

លោក Clement បានបញ្ជាក់ពីមូលហេតុថា ដោយសារ Terry មិនចង់ប្រឈមមុខជាមួយនឹងអតីតក្លឹបដែលខ្លួនធ្លាប់លេងជាមួយអស់រយ:ពេល២២ឆ្នាំ។

Terry និងលោក Clement ធ្លាប់ធ្វើការងាររួមគ្នានៅពេលលោក Clement ធ្វើជាជំនួយការរបស់លោក Carlo Ancelotti នៅពហុកីឡាដ្ឋានStamford Bridge ។ លោក Clement បាននិយាយថា “តាមខ្ញុំយល់ ស្ថានភាពនេះគឺថា ដោយសារ តែទំនាក់ទំនងរវាង Terry និងក្លឹប Chelsea ដែលធ្វើគាត់មានអារម្មណ៍ពិបាក នឹងធ្វើជាអ្នកប្រកួតប្រជែងជាមួយពួកគេនៅក្របខណ្ឌ EPL”៕
 

adverise with khmeread