adverise with khmeread 1

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៣១​នាក់​ទៅ​តុលាការ​មាន​ជប៉ុន​និង​កូរ៉េ​

     ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​៣១​នាក់​ក្នុងនោះ​មាន​ជនជាតិ​ជប៉ុន​ម្នាក់​និង​កូរ៉េខាងត្បូង​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើសគ្រឿងញៀន​រាជធានី​បង្ហាញមុខ ហើយ​ក្រុម​ចុង​ក្រោយនេះ​ត្រូវបាន​បង្ហាញមុខ​កាលពី​រសៀល​ថ្ងៃទី​៨​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ មុនពេល​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមនីតិវិធី ។​

     មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​សហការ​ជាមួយ​ខណ្ឌ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ជា​បន្តបន្ទាប់​ក្នុង​សប្តាហ៍​កន្លងទៅនេះ​ពីបទ​ចែកចាយ​និង​ប្រើប្រាស់គ្រឿងញៀន​ចំនួន​៤​លើក​គឺ​លើក​ទី​១ នៅវេលា​ម៉ោង ១១​និង​៤៥​នាទី​ថ្ងៃទី​០២​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​៣ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​និង​លើក​ទី​២​នៅ​ខណ្ឌ​៧​មករា​ថ្ងៃ​ដដែល​និង​យប់​ថ្ងៃទី​៦​កុ​ម្ភះ​ចំនួន​២​លើក​ទៀត​នៅ​ខណ្ឌដូនពេញ​។​

     មន្ត្រី​អាវុធហត្ថ​បាន​បន្តថា ក្នុងការ​បង្ក្រាប​គ្រឿងញៀន​៤​លើក​នេះ​អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​ថ្នាំ​ម៉ា​ទឹកកក ៣១​កញ្ចប់ កញ្ឆា​មួយ​ដុំ​និង​វត្ថ​តាង​មួយចំនួនទៀត​រួម​នឹង​ជនសង្ស័យ​៣១​នាក់​ក្នុងនោះ​ជនបរទេស​២​នាក់​គឺ​កូរ៉េខាងត្បូង​ម្នាក់​និង​ជប៉ុន​ម្នាក់​។​ចំណែក​នៅ​ខណ្ឌ​ច្បារអំពៅ​ដកហូត​វត្ថុតាង​បាន​ម៉ា​ទឹក​ក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​តូច​,​ដាវ​ចំនួន​៣​ដើម​,​ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​,​កន្ត្រៃ​មួយចំនួនធំ​, ដំបង​២​កំណាត់​ចំនួន​១,​កាំបិត​មួយចំនួនធំ​,​ដែក​ទីប​ចំនួន​១ ។​

     នៅ​យប់​ថ្ងៃទី​៦​កុ​ម្ភះ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ម្ចាស់ការ​បង្ក្រាប​នៅ​ប្លុក​ផ្សារ​ស៊ី​ធី​ម៉​ល​ខណ្ឌដូនពេញ​និង​សហការ​បង្ក្រាប​ជាមួយ​អាវុធហត្ថ​ខណ្ឌដូនពេញចាប់ខ្លួន​ជនបរទេស​២​នាក់​។​

     បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​ចាត់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​រសៀល​ថ្ងៃទី​៨​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​៕​

adverise with khmeread

មតិយោបល់