ក្លឹបបាល់ទាត់តោខៀវ Chelsea នៅតែមិនព្រមចុះចាញ់ក្នុងការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Antoine Griezmann ឲ្យមកក្លឹបរបស់ពួកគេនៅឡើយ ខណៈកីឡាករវ័យក្មេង Eden Hazard អាចនឹងចាកចេញទៅក្លឹបអធិរាជស Real Madrid នៅរដូវកាលក្រោយ។
ប្រសិនបើកីឡាកររូបនេះពិតជាចង់ចាកចេញពីប្រទេសអេស្ប៉ាញមែននោះ រូបគេនឹងជ្រើសរើសយកក្របខ័ណ្ឌ Premier League ជាក់ជាមិនខាន។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់មិត្តភក្កិជិតស្និទ្ធរបស់គេថា ខ្លួនចង់មកប្រទេសអង់គ្លេស ហើយព័ត៌មាននេះនឹងធ្វើឲ្យក្រុម Chelsea ឆក់ឱកាសដើម្បីទិញរូបគេមកកាន់ទឹកដី Stamford Bridge តែម្តង។
ក្រុមតែខៀវមិនមែនទើបតែចាប់អារម្មណ៍លើអតីតកីឡាកររបស់ក្រុម Real Sociedad រូបនេះទេ ពួកគេបានសង្កេតកីឡាកររូបនេះអស់ជាច្រើនឆ្នាំមកហើយ។
Chelsea ក៏បានព្យាយាមបញ្ចុះបញ្ចូល Griezmann ឲ្យមកកាន់ទីក្រុងឡុងដ៍ដែរកាលពីរដូវកាលមុន ប៉ុន្តែ Atletico Madridបានបដិសេធដាច់ខាតថាកីឡាកររូបនេះមិនមែនសម្រាប់លក់នោះទេ។
ប៉ុន្តែ Chelsea ត្រៀមរួចរាល់ហើយសម្រាប់ការតាមប្រមាញ់កីឡាករ Griezmann ក្នុងរដូវក្តៅខាងមុខនេះ និងសញ្ញាណនានាបានបង្ហាញថាកីឡាកររូបនេះគ្មានជម្រើសអ្វីក្រៅពីមកចូលរួមជាមួយតោខៀវនោះឡើយ។
គួរបញ្ជាក់ថា Chelsea មិនមែនជាក្រុមតែមួយនោះទេដែលចាប់អារម្មណ៍ទៅលើ Griezmann ក្រុមអ្នកមាន Manchester City និង Manchester United ក៏កំពុងប្រជែងគ្នាយកកីឡាករឆ្នើមរូបនេះផងដែរ ប៉ុន្តែ Chelsea ប្រហែលជាប្រញាប់យកហត្ថលេខារបស់កីឡាករសញ្ជាតិបារាំងរូបនេះមុនគូប្រជែងរបស់ខ្លួនហើយ។
ជាការពិត Griezmann ជាកីឡាករដែលគេរំពឹងថានឹងលេចធ្លោក្នុងយុទ្ធនាការបាល់ទាត់ Euro ២០១៦ ខាងមុខ ហើយចំណាប់អារម្មណ៍ចំពោះកីឡាកររូបនេះកំពុងតែកើនឡើងពាសពេញទ្វីបអឺរ៉ុប។
ប៉ុន្តែក្លឹប Atletico Madrid មិនទាន់បោះបង់ចោលនៅឡើយទេចំពោះបំណងមិនលក់កីឡាករឆ្នើមរបស់ខ្លួន បើទោះជាមានការចាប់អារម្មណ៍ពីក្រុមក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ។
ប្រធានក្លឹប Atletico លោក Enrique Cerezo បានប្រាប់វិទ្យុអេស្ប៉ាញ Cadena Ser ថា ពួកគេគ្មានបំណងលក់ Antoine Griezmann ក្នុងរដូវក្តៅនេះទេ៕
