លែងចោលលុយទៀតហើយ!!! អាចដឹងប្រភពទុរេន ខ្មែរ ឬ ទុរេននាំចូលពីបរទេស ហើយជាទុរេនទុំឬខ្ចី ដោយប្រើវិធីងាយមិននឹកស្មានដល់

ដោយខ្មែររីដ ៖ លោកអ្នកដឹងស្រាប់ហើយ នេះជាខែទុរេន ហេតុដូច្នេះហើយ មុនពេលទិញវាមកទទួលទាន លោកអ្នកច្បាស់ជាចង់ធានាបានទាំងរសជាតិ និង គុណភាព ដែលមិនបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសទុរេននាំចូលពីបរទេស ដែលមានថ្នាំគីមី ជំនួយដើម្បីឱ្យឆាប់ទុំ។

ប្រជាជនខ្មែរខ្លះប្រហែលបានជ្រាបរួចមកហើយអំពីវិធីពិនិត្យមើលទុរេន ថាតើវាមានប្រភពមកពីណា ឬ ថាតើវាទុំដើមឬក៏អត់។ ក្នុងករណី លោកអ្នកមិនទាន់បានជ្រាបទេ ថ្ងៃនេះខ្មែររីដសូមយកបច្ចេកទេសសាមញ្ញបំផុត ដែលទទួលបានពីលោកគ្រូបង្រៀនភាសាចិន និងជាអ្នកដាំផ្លែទុរេននៅក្នុងស្រុកទឹកឈូ ខេត្តកំពត គឺលោក សុខ លី។

លោកសុខ លីបានមានប្រសាសន៍រៀបរាប់អំពីរបៀបមើលទុរេនខ្មែរ ឬទុរេនបរទេស និងរបៀបមើលថាតើវាទុំដើមឬក៏អត់ដូចខាងក្រោម៖

១. មើលលើបន្លា
ប្រសិនបើបន្លានោះស្រួចខ្លាំង មានន័យថាជាទុរេនខ្មែរ តែបើសិនជាបន្លាទាល មានន័យថាជាទុរេននាំចូល ព្រោះពេលគេបេះពីដើមរបស់វាមក គឺគេបោះចូលក្នុងឡានមិនសំចៃដៃទេ ដើម្បីប្រញាប់ដឹកមកលក់ក្រៅស្រុក ជាហេតុនាំឱ្យទុរេននាំចូលភាគច្រើន មានបន្លាទាល។

ទុរេនខ្មែរ ដែលលក់ចេញពីចម្ការបោះដុំ (១ផ្លែ ១៤.០០០ រៀល តម្លៃដើម) គឺបេះមកដាក់ឡានមានរបៀបរៀបរយ ហេតុដូច្នេះ ពុំសូវសឹកមុខបន្លានោះទេ។

២. មើលលើទងទុរេន
ប្រសិនបើជាទុរេនខ្មែរ នោះទងវានៅស្រស់រលោងល្អ និងពុំមានលាបថ្នាំគីមីជំនួយនៅខាងចុងទងនោះឡើយ។ ចំណែកទុរេនបរទេស ដែលបេះប្រញាប់លក់បំពេញតម្រូវការទីផ្សារ ភាគច្រើនគឺមានលាបថ្នាំគីមីនៅខាងចុង ព្រោះធ្វើបែបនេះដើម្បីឱ្យទុរេនទុំល្មម ពេលនាំចូលដល់ស្រុកខ្មែរ។ ចំណែកទុរេនក្នុងស្រុក គឺពុំមានលាបថ្នាំគីមីដូចទុរេនប្រទេសគេឡើយ។ នេះបើតាមការបញ្ជាក់របស់លោក សុខ លី។

៣. របៀបមើលទុរេនទុំដើម
លោកអ្នកគ្រាន់តែយកក្រចកដៃផ្ទាត់ពីលើចុងបន្លា បើសិនស្តាប់ទៅរាងហាប់ៗ និងឮសូរសំឡេងទឹកៗខាងក្នុង នោះបានន័យថាជាទុរេនទុំដើម ។ ប៉ុន្តែប្រសិនបើ យកក្រចកដៃផ្ទាត់ហើយ ឮសូរប៉ឹងៗ នោះជាទុរេនខ្ចីទេ។

បញ្ជាក់៖ វិធីសាស្ត្រនេះក៏អាចអនុវត្តលើទុរេនបរទេសផងដែរ៕

adverise with khmeread