Real Madrid ត្រៀមដាក់សំណើដើម្បីផ្ទេរអ្នកចាំទី David De Gea ពី Man Utd ជាថ្មីទៀត

          ក្លឹប​ Man Utd កំពុងត្រៀម​ខ្លួន​ប្រឈម​មុខនឹង​ការព្យាយាម​របស់​ក្លឹប​ Real Madrid ដើម្បី​ផ្ទេរ​អ្នកចាំទី​ David De Gea ជាថ្មីទៀត។ អ្នក​ដឹងរឿងនៅពហុ​កី​ឡាដ្ឋាន​ Old Trafford ជឿថា កិច្ចប្រឹងប្រែងនេះកើតមានខណៈក្លឹប​ទាំង​ពីរ​ត្រៀម​ខ្លួន​ប្រកួតគ្នានៅ​អាមេរិក​ថ្ងៃទី​២៣ខែ​កក្កដាខាងមុខនេះ។

          Man Utd ចង់រក្សាទុក De Gea​ ហើយ​នឹងទាមទារតម្លៃលើស​ពី​៦០លាន​ដុល្លារ​សម្រាប់អ្នកចាំទីវ័យ២៦​ឆ្នាំរូបនេះ។ De Gea ដែល​នៅ​សល់កិច្ចសន្យា ពីរឆ្នាំទៀតជាមួយ Man Utd កំពុងបង្ហាញចេតនាចង់ចូល​រួម​ជា​មួយ​ក្រុម​ជើងឯក CL ប៉ុន្តែមិនជំរុញឲ្យមានកិច្ចព្រមព្រៀងផ្ទេរនោះទេ។

          គ្មានក្លឹបណាមួយ​ចង់ឲ្យរឿងចាស់កាលពីឆ្នាំ​២០១៥​កើតឡើងម្តងទៀតទេ នៅពេល​ក្លឹប Real Madrid បរាជ័យក្នុងការតាមប្រមាញ់​ De Gea ដោយសារតែ ដាក់ឯកសារមិនទាន់ពេល​។

          Man Utd លើកយក​បញ្ហារបស់ De Gea មកនិយាយដាច់ដោយឡែក​ពីការ​ចរចា​ជាមួយ Real Madrid ជុំវិញ​លទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Alvaro Morata មុន ពេល​បង្វែរចំណាប់អារម្មណ៍មក​ Romelu Lukaku ដែលមានតម្លៃ​៧៥លានផោន ។ ប៉ុន្តែនៅពេល​នេះ​​ Man Utd រំពឹង​ថា Real Madrid នឹង​ត្រឡប់មក​តុចរចាវិញ ជាមួយនឹងសំណើ​ប្រាកដប្រជា​សម្រាប់​អ្នកចាំទី​លេខ​១​រូប​នេះ។

          ក្លឹប​ Real Madrid ចង់បានកីឡាករ​អេស្ប៉ាញច្រើន​​ចូល​រួម​ក្នុងក្រុម​ ហើយ​ត្រៀម​ដាក់សំណើ​ខ្ពស់បំផុតមិនធ្លាប់មាន​ ដើម្បីនាំយក​អ្នក​ចាំទីសញ្ជាតិអេ​ស្ប៉ា​ញរូបនេះត្រឡប់​មក​ទីក្រុង ទីដែលកីឡាកររូបនេះ​ធ្លាប់លេងឲ្យក្លឹប​ Atletico Madrid មុន​ពេល​ចូល​រួម​ជាមួយ​​ Man Utd កាលពីឆ្នាំ​២០១១ ក្នុងតម្លៃ​១៨,៩ លានផោន​៕

adverise with khmeread