Floyd Mayweather ហៅ Conor McGregor ថា "អាមនុស្សឆ្កួត" បន្ទាប់ពីចោទអ្នកប្រដាល់អៀរឡង់នេះថា​ប្រកាន់ជាតិសាសន៍

Floyd Mayweather បានប្រើពាក្យសម្តីថា "អាមនុស្សឆ្កួត" សំដៅទៅលើ Conor McGregor បន្ទាប់ពីចោទប្រកាន់ គាត់បានរើសអើងជាតិសាសន៍ អំឡុងពេលផ្សព្វផ្សាយពីការប្រកួតរបស់ពួកគេនៅក្នុងទីក្រុង Las Vegas ថ្មីៗនេះ។

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកធម្ងន់មធ្យមប្រាំស្ថាប័នផ្សេងគ្នា Floyd Mayweather នឹងជួបជាមួយនឹងម្ចាស់ជើង​​ឯកក្បាច់គុនចម្រុះ UFC ប្រភេទទម្ងន់ស្រាល McGregor នៅក្នុងការប្រកួតប្រដាល់សកលកាត់សេចក្តី ១២ ទឹកនៅថ្ងៃទី ២៦ ខែសីហាខាងមុខ។

ដោយបញ្ជាក់ដោយអ្នកប្រដាល់អាមេរិកវ័យ ៤០ឆ្នាំអំឡុងសន្និសីទកាសែតនៅឯសង្វៀន Wembley Arena កាលពីថ្ងៃសុក្រគាត់បាននិយាយថា "គាត់បានហៅ មនុស្សស្បែកខ្មៅថា អាស្វា"។

បន្ទាប់មក ពេលដែលដៃគូប្រកួតទាំងពីរចូលទៅក្នុងសង្វៀននៅឯកម្មវិធីផ្សព្វផ្សាយផ្លូវការរបស់ខ្លួន Mayweather បាននិយាយបកទៅ McGregor វិញថា "អាថោកទាប អាខ្ទើយ អាល្ងង់"។

កំពូលអ្នកប្រដាល់មកពីស្ថាប័នផ្សេងគ្នាទាំងពីររូប បានធ្វើឱ្យសន្និសីទកាន់តែគួរឱ្យចាប់អារម្មណ៍ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះដើម្បីផ្សព្វផ្សាយការប្រកួតរបស់ខ្លួនជាមួយនឹងទីសំចតនៅក្នុងទីក្រុង Los Angeles និងតូរ៉ុនតូ មុននឹងបន្តដំណើរចុងក្រោយនៅក្នុងទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍។

អ្នកប្រដាល់គុនចម្រុះសញ្ជាតិអៀរឡង់វ័យ ២៩ឆ្នាំបានរងការរិះគន់ជាច្រើននៅការបញ្ចេញមតិ អំឡុងព្រឹត្តិការណ៍សន្និសីទកាសែត ហើយត្រូវបានចោទប្រកាន់ថាបានបង្កើតនូវមតិរើសអើងជាតិសាសន៍ អំឡុងដំណើរផ្សព្វផ្សាយទីបីនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។

Mayweather បានបន្ថែមថា "គាត់សរុបមកមិនគោរពស្រ្តីស្បែកខ្មៅទេ។ បន្ទាប់មកគាត់បាននិយាយដោយមិនគោរពទៅដល់ម្តាយរបស់ខ្ញុំ និងនិយាយមិនគោរពដល់កូនស្រីរបស់ខ្ញុំ"។

បុរសញ្ជាតិអាមេរិករូបនេះបាននិយាយបន្ថែមទៀតកាលពីថ្ងៃសុក្រថា "ការរើសអើងជាតិសាសន៍នៅតែមាន។ ខ្ញុំនឹងមិនបន្ថោកខ្លួនទៅកាន់ចរិតដ៏អន់ និងនិយាយអំពីអ្វីដែលដូចគាត់ ឬនិយាយអំពីកូនរបស់គាត់ឡើយ។ ខ្ញុំពិតរីករាយដែលគាត់មានកូនដែលមានសុខភាពល្អ និងមានគ្រួសារដ៏រីករាយមួយ"។

ឆ្លើយតបទៅកាន់ Mayweather នៅឯសន្និសីទកាសែតទីក្រុង​ញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ McGregor បាននិយាយថា "ខ្ញុំគឺជាមនុស្សពហុវប្បធម៌ ហើយខ្ញុំមិនមានអារម្មណ៍មិនល្អអីនោះឡើយទៅកាន់មនុស្សគ្រប់គ្នា។ ខ្ញុំមិនដែលប្រកាន់សូម្បីតែពណ៌សម្បុរ"។

ដោយបញ្ជាក់ទៅកាន់វេបសាយ BBC Sport បន្ទាប់ពីសន្និសីទកាសែតទីក្រុងឡុងដ៍ គាត់បាននិយាយថា "ខ្ញុំដឹងថាខ្ញុំជានរណា មនុស្សគ្រប់គ្នានៅជុំវិញខ្ញុំដឹងថាខ្ញុំជានរណា។ យើងដឹងពីប្រវត្តិរបស់គាត់ ប៉ុន្តែខ្ញុំមិនចង់លើកវាមកនិយាយនោះឡើយ។ ការប្រកួតនេះគឺគ្មានមេត្តា ហើយវាគឺជាអ្វីដែលខ្ញុំរំពឹងទុក"។

ទន្ទឹមនឹងនេះ យោងតាមវេបសាយ BBC នៅក្នុងឆ្នាំ២០១០ Mayweather ក៏ធ្លាប់បានរើសអើង និង ប្រមាថគួរឱ្យកត់សម្គាល់ទៅកាន់ស្តេចប្រដាល់អាស៊ីសញ្ជាតិហ្វីលីពីន Manny Pacquiao៕

ប្រភព៖បរទេស

adverise with khmeread