អ្នកចូលរួមបុណ្យសពម្នាក់ ដែលបានចូលរួមបុណ្យសពរបស់កុមារា Bradley Lowery បានចែករំលែករូបថតពពកដុំៗនៅលើមេឃ រំលងពីលើកន្លែងធ្វើបុណ្យសព ដែលមើលទៅស្រដៀងនឹងមុខរបស់កុមារា Bradley Lowery និង មានពពករង្វង់រាងបេះដូងទៀតផង។ នេះបើតាមប្រភព Daily Mail កាលពីថ្ងៃសៅរ៍ ទី១៥ កក្កដា។
អ្នកចូលរួមបុណ្យសពឈ្មោះ Mark Shields ដែលបង្ហោះរូបថតនេះនៅលើ Facebook បានសរសេរថា "ខ្ញុំបានថតរូបនេះនៅពិធីបុណ្យសព Bradley ថ្ងៃនេះ (ថ្ងៃសៅរ៍)។ គ្រាន់តែចាប់អារម្មណ៍ថតពេលខ្ញុំមើលទៅលើមេឃឃើញរាងបេះដូងខៀវនៅលើពិធីបុណ្យសពនៅព្រះវិហារ ប៉ុន្តែរូបថតបែរជាមានអ្វីមួយផ្សេងទៅវិញ។ មើលទៅខាងស្តាំដៃផ្នែកខាងលើ នឹងឃើញមុខក្មេងតូចនេះ។ នេះពិតជាមិនគួរឱ្យជឿមែន"។
មនុស្សជាង ៣.០០០ នាក់ដែលភាគច្រើនពាក់អាវបាល់ទាត់ បានចូលរួមពិធីបុណ្យសព Bradley នៅភូមិ County Durham ចក្រភពអង់គ្លេស ដើម្បីសម្តែងការគោរពលាចុងក្រោយនូវក្មេងប្រុសអាយុ ៦ ឆ្នាំ ដែលបានបំផុសទឹកចិត្តមនុស្សរាប់លាននាក់។
ប្រិយមិត្តបាល់ទាត់របស់ក្រុម Sunderland រូបនេះបានតស៊ូជម្នះជំងឺមហារីកសរសៃប្រសាទយ៉ាងក្លាហាន ហើយទំនាក់ទំនងរវាងគេ និង ខ្សែប្រយុទ្ធឆ្មាខ្មៅ Defoe បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោករំភើបចិត្តជាខ្លាំង៕ ប្រភព៖Dailymail
