លោក សោម អូន "មូលហេតុដែលធ្វើឱ្យបញ្ហាបាតកម្ម និងកូដកម្មរបស់កម្មករនៅតាម បណ្តារោងចក្រមានការថយចុះ"

ភ្នំពេញ ៖​ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានថ្លែងបញ្ជាក់ប្រាប់ពីមូលហេតុ ដែលធ្វើឱ្យមានការថយចុះបញ្ហា បាតុកម្ម និងកូដកម្ម តាមបណ្តារោងចក្រនានាក្នុងប្រទេសកម្ពុជា គឺដោយសារកត្តាគួបផ្សំមួយចំនួនរួមមាន ទី១ សហជីពមានភាពចាស់ទុំ និងចូលរួមអនុវត្តច្បាប់ ជាពិសេស ទំនាក់ទំនងវិជ្ជាជីវៈរវាងក្រុមសហជីពជាមួយនឹងថៅកែ ចូលរួមដោះស្រាយបញ្ហាជូន កម្មករតាមនីតិវិធីបានល្អប្រសើរនិងទាន់ពេលវេលា, ទី២ និយោជក គោរពច្បាប់កាន់ប្រសើរជាងមុន និង ទី៣ ការអនុវត្តច្បាប់ស្តីពីសហជីព ដែលធ្វើឱ្យភាគីពាក់ព័ន្ធ រវាងក្រុមសហជីព និយោជិក និង និយោជិកកាន់តែយល់ដឹងប្រសើរជាងមុន​។

​ការលើកឡើងរបស់លោក សោម អូន បែបនេះក្នុងការចូលរួមអបអរសាទរថ្នាក់ដឹកនាំ របស់ក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ក្នុងភោជនីយដ្ឋានមួយ នារាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។

​ជាមួយគ្នានេះដែរ លោក ឡុង សុផាត ​ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជាក៏បានថ្លែង "ប្តេជ្ញាចិត្តបន្តចូលរួមអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តី ពីសហជីព និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែទូលំទូលាយនិងកាន់ តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍និងសិទ្ធិសេរីភាព ជូនទាំង ភាគីនិយោជកនិង ភាគីនិយោជិតដែលកំពុងមានវត្តមានការវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា​"។

​លោក ឡុង​ សុផាត​ ក៏សូមអំពាវនាវដល់ក្រុមសហជីពមួយចំនួនតូច ដែលតែងយកមុខ​ងារជាសហជីព ដើម្បីបម្រើដល់នយោបាយ និងផលប្រយោជន៍បុគ្គលនោះ សូមបញ្ឈប់សកម្មភាព បែបនេះទៅ ហើយងាកមកចូលរួមអនុវត្តច្បាប់​ និងឈរលើគោលការណ៍បម្រើផលប្រយោជន៍ជូន កម្មករទាំងអស់គ្នា​។ ព្រោះថា ការចូលរួមជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកម្មករ និង រក្សាឱ្យបានអ្នកវិនិយោគ​។ 

​លោកបន្តទៀតថា​ ពិតជាក់ច្បាស់ណាស់ បើក្រុមសហជីពកៀងគរក្រុមកម្មករឱ្យដើរ លើផ្លូវខុស នោះពួកគាត់នឹងជួបនូវការអន្តរាយផ្នែកសេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ក៏ដូចទៅថ្ងៃអនាគត​។ ប៉ុន្តែ បើក្រុមសហជីពនាំពួកគាត់ដើរនៅលើផ្លូវត្រូវ នោះពិតប្រាកដណាស់កម្មករទាំងនោះ ត្រូវតែទទួលបាន នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដែលអាចធ្វើឱ្យពួកគាត់មានការអភិវឌ្ឍន៍ជីវភាពកើនឡើងពីមួយ ថ្ងៃទៅមួយទៅ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងពិតប្រាកដ​​៕

adverise with khmeread