ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្ដាល ៖ ឃាត់ខ្លួនបុរសម្នាក់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ​នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៩​ និង១០នាទី នៅចំណុច​ មុខសាលាបឋមសិក្សាព្រែកគយ ស្ថិតក្នុងភូមិ ក្បាលជ្រោយ​ ឃុំព្រែកគយ​ស្រុកស្អាង ខេត្តកណ្តាល​។

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ឈ្មោះ ធី​ ចាន់ដារ៉ា​ ហៅពិត​ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន​៖ -ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២​កញ្ចប់តូច ។

ប៉ូលិសបន្តថា នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង​១៩ និង១០នាទី​ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ​ បានចុះល្បាតតាមភូមិសាស្រ្ត​ ពេលនោះក៏បានជួបជនសង្ស័យកំពុងឈរនៅខាងកើតចិញ្ចើមផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិក្បាលជ្រោយ​ ឃុំព្រែកគយ​ ស្រុកស្អាង​ ក៏មានការសង្ស័យ បានធ្វើការត្រួតពិនិត្យ​ រកឃើញថ្នាំញៀន​ ចំនួន០២កញ្ចប់តូច​ ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារី​ រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីសាកសួរ​។ 

​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន​០២កញ្ចប់តូច ទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅចំនុចភូមិព្រែកសំរោង ឃុំរកាខ្ពស់​ ស្រុកស្អាង ខេត្តកណ្តាល ទិញ០២កញ្ចប់ក្នុងតម្លៃ ២០.០០០ រៀល(០១កញ្ចប់១៥.០០០រៀល និង០១កញ្ចប់ទៀត៥.០០០រៀល)  បន្ទាប់មកបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread