លោកតាដែលគេថាចាប់ជាតិជាគោមករស់នៅលើផ្ទះជាមួយប្រពន្ធវិញនៅខេត្តក្រចេះ ល្បីដល់ទូរទស្សន៍ Reuters

រឿងរ៉ាវដែលល្បីរន្ទឺពាសពេញបណ្ដាញសង្គម Facebook នៅកម្ពុជានិងលើបណ្ដាញសារព័ត៌មានអន្តរជាតិធំៗនាពេលថ្មីៗនេះគឺ កូនគោអាយុ ៥ ខែមួយក្បាលត្រូវអ្នកភូមិម្នាក់ជឿថា ជាប្ដីរបស់គាត់ដែលបានមកចាប់បដិសន្ធិ។

លោកយាយ ឃឹម ហង្ស (Khim Hang) វ័យ ៧៤ ឆ្នាំ បាននិយាយថា​ មនុស្សជាង ១០០ ក្នុងមួយថ្ងៃមកលេងផ្ទះគាត់នៅឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ដើម្បីមើលកូនគោដែលគាត់បាននិយាយថា សម្ដែងឥរិយាបថស្រដៀងប្ដីរបស់គាត់គឺលោក តុល ឃុ​ត(Tol Khut) ដែលបានទទួលមរណភាពកាលពីមួយឆ្នាំមុន។

លោកយាយបានប្រាប់ទូរទស្សន៍ Reuters Television យ៉ាងដូច្នេះថា "ខ្ញុំជឿថា គោនេះគឺជាប្ដីរបស់ខ្ញុំព្រោះអ្វីក៏ដោយដែលគោធ្វើ...គឺដូចប្ដីខ្ញុំបានធ្វើនៅពេលគាត់នៅរស់"។

កូនគោនេះបានកើតកាលពីខែមីនាហើយបានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា។

នារីឈ្មោះ ថាច់វីន (Thach Vin) វ័យ ៣២ ឆ្នាំបាននិយាយទាក់ទងនឹងវីដេអូដែលនាងបានឃើញនៅលើបណ្ដាញសង្គម Facebook ដែលគោឡើងរស់នៅលើផ្ទះ យ៉ាងដូច្នេះថា "ខ្ញុំគិតថា វាហាក់ចម្លែកដោយឃើញគោឡើងលើផ្ទះបែបនេះ។ ដូច្នេះខ្ញុំមកទីនេះដើម្បីមើលដោយផ្ទាល់ភ្នែកខ្ញុំ"។

នៅពេលទៅដល់ក្នុងផ្ទះ កូនគោត្រូវបានបម្រើ សម្អាតកាយ និងដាក់ឱ្យដេកជាមួយខ្នើយដែលធ្លាប់ប្រើដោយលោកតា តុលឃុត។

ប្រទេសកម្ពុជាមានអ្នកកាន់សាសនាព្រះពុទ្ធ ៩៥ ភាគរយ ហើយមនុស្សជាច្រើនជឿលើព្រលឹងមនុស្សចាប់កំណើតឡើងវិញបន្ទាប់ពីស្លាប់។

លោកយាយខាងលើបានប្រាប់ទៀតថា "ខ្ញុំនឹងរក្សាគាត់ (គោ) ហើយមើលថែគាត់ពេញមួយជីវិតខ្ញុំ"៕

adverise with khmeread