គ្រូបង្វឹកក្លឹប PSG លោក Unai Emery បានបញ្ចប់ភាពស្ងប់ស្ងៀមជុំវិញពាក្យចរចាមអារាមដែលភ្ជាប់ក្លឹបយក្សបារាំងនេះទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Neymar របស់ក្រុម Barcelona ក្នុងតម្លៃ១៩៦លានផោន។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ក្លឹប PSG ដោយអះអាងថា វត្តមានរបស់ Neymar នឹងជួយជំរុញពួកគេឲ្យក្លាយជាក្រុមខ្លាំងមួយនៅក្របខណ្ឌ CL។
Emery បាននិយាយថា “ PSG ចង់បានកីឡាករឆ្នើមក្នុងពិភពលោកហើយ នៅក្នុងក្លឹបខ្លាំងបំផុតរបស់ពិភពលោក”។ លោកបន្តថា “កីឡាករប្រេស៊ីលរូបនេះស្ថិតក្នុងចំណោមកីឡាករកំពូលទាំង៥ក្នុងពិភពលោក”។
បើទោះបីជាក្លឹប Barcelona បានប្តេជ្ញារក្សាទុកខ្សែប្រយុទ្ធរូបនេះនៅពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែ PSG ចង់សម្រេចអ្វីដែលពួកគេហៅថា ជាកិច្ចព្រមព្រៀងផ្ទេរខ្ពស់បំផុតក្នុងពិភពលោក៕
