adverise with khmeread 213

ឃាត់​បុរស​៣​នាក់​លួច​-​ឆបោក​ម៉ូតូ​និង​ស្ត្រី​ម្នាក់​តាម​ដីកា​

      បាត់ដំបង ៖ នៅ​ខេត្តបាត់ដំបង​កាលពី​ម្សិល​ម៊ិ​ញ​ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​៤​នាក់​ក្នុង​២​ករណី​ផ្សេងគ្នា គឺ​១-​ឃាត់​បុរស​៣​នាក់​ពីបទ​ឆបោក​និង​លួច​ម៉ូតូ​ពី​បាត់ដំបង​ទៅ​លក់​នៅ​ខេត្តបន្ទាយមានជ័យ​និង ឆបោក​និង​លួច​ពី​ខេត្តបន្ទាយមានជ័យ​មក​នៅ​ខេត្តបាត់ដំបង​ដោយ​ដកហូត​ម៉ូតូ​បាន​៦​គ្រឿង និង មួយ​ករណី​ទៀត​ឃាត់​ស្ត្រី​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​។​

   ១-​ថ្ងៃទី​៩​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពីបទ​ឆបោក លួច​ម៉ូតូ​និង​ជន​ទទួលផល​ចោរកម្ម​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​នួន ខូច​ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​រស់នៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​(​អ្នកធ្វើ​សកម្មភាព​)២-​ឈ្មោះ​ខែម រ៉ា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​និង​៣-​ឈ្មោះ​មុំ វ៉ា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហារ ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​(​អ្នក​ទាំងពីរ​ទទួលផល​ចោរកម្ម​)​។​

    ប៉ូលិស​បន្តថា​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ប៉ូលិស​បានធ្វើ​ការដកហូត​បាន​ម៉ូតូ​ចំនួន​៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ឆបោក​នៅ​ខេត្តបន្ទាយមានជ័យ​ចំនួន​២​គ្រឿង​និង​នៅ​ខេត្តបាត់ដំបង​៤​គ្រឿង​។​

    តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​នួន ខូច​ហៅ​ម៉ៅ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក​និង​លួច​ពិតប្រាកដ​មែន​ដោយ​បបួលគ្នា​ផឹកស៊ី​ស្រវឹង​ខ្ចី​ម៉ូតូ​ជិះ​ដើម្បី​យកទៅលក់​ខេត្តបន្ទាយមានជ័យ​និង​ឆបោក​ពី​បន្ទាយមានជ័យ​យកមក​លក់​នៅ​ខេត្តបាត់ដំបង​។​

    ជនសង្ស័យ​ទាំង​៣​ខាងលើ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី ។ ចំពោះ​វត្ថុតាង​ម៉ូតូ​ចំនួន​៦​គ្រឿង​ខាងលើ​សមត្ថកិច្ច​កំពុង​ពិនិត្យ​និង​រៀបចំ​ឯកសារ​ដើម្បី​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

    ២-​ថ្ងៃទី​៩​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង​២​រសៀល​នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​១៥១​ដប​ចខ​ចុះ​ថ្ងៃទី​២៣​មេសា​២០១៥​របស់​សាលាដំបូង​ខេត្តបាត់ដំបង​ចាប់ខ្លួន​ឈ្មោះ​ជោតិ​បូរ​មី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ពីបទ​រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល កាលពី​ថ្ងៃទី​១៥​ធ្នូ​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

adverise with khmeread

មតិយោបល់