បោចពុកមាត់ខ្លា!!! អាវុធហត្ថឃាត់ខ្លួនឧកញ៉ា សុខ ហេង និងបក្ខពួក រឿងដីធ្លី...

ភ្នំពេញ ៖ លោកឧកញ៉ា សុខ ហេង និងបក្ខពួក ចំនួន ៦នាក់ផ្សេងទៀត ត្រូវបានកម្លាំង កងរាជរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ក្លែងឯកសារ រំលោភយក ដីពលរដ្ឋនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាច្រើនហិកតាកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យរួមមាន ទី១.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨ WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ទី២ ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣ ឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនិងមានកម្មករចំនួន ៤ នាក់ទៀត។

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដាក់ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានរៀបរាប់ថា លោកឧកញ៉ា សុខ ហេង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ពាក្យស្នើសុំធ្វើរបងដីមួយកន្លែង មានទំហំ ២១៤.៨០០ ម៉ែត្រការ៉េ ទៅសាលាសង្កាត់ពន្សាំង និងសាលាខណ្ឌព្រែកព្នៅ។

មន្ត្រីដដែលបន្តថា ទីតាំងដីដែលត្រូវធ្វើរបងនោះនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានព្រំប្រទល់ខាងជើងទល់នឹងដីពលរដ្ឋ, ខាងត្បូងទល់នឹងដីរួមសង្កាត់ស្នោរ សង្កាត់ឱឡោក និងអូរ, ខាងកើតទល់នឹងផ្លូបេតុង និងខាងលិចទល់នឹងផ្លូវលំគ្រួសក្រហម។

លុះដល់ថ្ងៃទី៧ ដល់ទី៩ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា សុខ ហេង និងបក្ខពួកចំនួន ៦នាក់ទៀតបាន យកបង្គោលស៊ីម៉ងត៍ បង្គោលឈើ លួសបន្លា ទៅដាំធ្វើរបងនៅលើដីជាកម្មសិទ្ធិរបស់ពលរដ្ឋឈ្មោះ លីវ សុហួង, ឈ្មោះ លឹម សុជាតិ និងឈ្មោះ មាស រ៉ាវុធ ដែលជាដីនៅខុសពីទីតាំង ដែលបានស្នើសុំធ្វើរបងទៅវិញ។

ក្រោយពេលដែលពលរដ្ឋឃើញ ឧកញ៉ា សុខ ហេង និងបក្ខពួក ធ្វើរបងរំលោភយក ដីបែបនោះពួកគាត់ក៏បានដាក់ពាក្យប្តឹងទៅ អាជ្ញាធរមូលដ្ឋាន រហូតមាន មន្ត្រីភូមិបាលខណ្ឌព្រែកព្នៅ ចុះទៅឃាត់លោកឧកញ៉ា សុខ ហេង និងបក្ខពួក កុំឱ្យធ្វើរបងរំលោភដីពលរដ្ឋ។ ប៉ុន្តែក្រុមជនសង្ស័យមិនព្រមឈប់ និងបានប្រើហិង្សារំលោភធ្វើរបងយកដីពលរដ្ឋ ដោយមិនស្តាប់អាជ្ញាធរឡើយ ទើបមានការប្តឹងឱ្យចាប់ខ្លួនលោកឧកញ៉ា សុខ ហេង និងបក្ខពួកតែម្តង។

ជនសង្ស័យ ទាំង៧នាក់កំពុង ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក៏មានមេភូមិ មេភូមិរង ចំនួន ៨នាក់ ទៅដាក់ពាក្យប្តឹង លោកឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី ជាជំនួយការ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ ពាក់ព័ន្ធនឹងករណី ដែលលោកឧកញ៉ា និងជំនួយការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាឱ្យពួកគាត់ជាមេភូមិ មេភូមិរង កោសលុប និងកែព្រំប្រទល់ដីធ្លី ចំនួន ៨២ ហិកតា មានទីតាំងនៅតំបន់វាលស្មោញ ចំនួន ៦១ហិកតា និងតំបន់ភូមិចុងថ្នល់ ចំនួន ២១ ហិកតា ទៅដាក់ព្រំប្រទល់ថ្មីលើឯកសារចាស់ ដែលផ្ទេរកម្មសិទ្ធិរួច ចំនួន ៤ ច្បាប់ ដោយកែដាក់ព្រំថ្មីរំលោភ យកដីប្រជាពលរដ្ឋចំនួន ១៣០ ហិកតា នៅចំណុចក្តាន់ពង ដែលជាដីរួម ៧ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ ភូមិទួល ភូមិតាស្គរ និងភូមិព្រៃស្វាយ នៅទីតាំងផ្សេងពីដីដែល លោកឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី បានទិញពីពលរដ្ឋ។

ក្រោយពីបាន កោសលុប និងកែព្រំប្រទល់ដីរួច លោកឧកញ៉ា សុខ ហេង បានយកឯកសារកោសលុបទៅឱ្យលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ចុះហត្ថលេខា ទទួលស្គាល់ឯកសារកោសលុប និងធ្វើឯកសារឱ្យលោកឧកញ៉ា សុខ ហេង អាចលក់ដី ១៣០ហិកតា នៅតំបន់ក្តាន់ពង ទៅឱ្យក្រុមហ៊ុនពិភពថ្មីបាន។ ប៉ុន្តែនៅពេលនោះលោកស្រី ឌី សារៀម មិនព្រមធ្វើតាម ព្រោះតែលោកស្រីមើលឃើញថា ឯកសារនោះ ជាឯកសារខុសច្បាប់៕

adverise with khmeread