​មិនដែល​ដឹង​ទាល់តែសោះ​!!! កាល​អាយុ​៥​ឆ្នាំ​ម្តាយ​គាត់​ស្លាប់ចោល​, ឪពុក​ពិការភ្នែក​និង​អវៈយវៈ តែ​សព្វថ្ងៃ​គាត់​ជា​ស្ត្រី​មាន​បំផុត​របស់​ពិភពលោក និង​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​កញ្ចក់​អេក្រង់​ឱ្យ Motorola, HTC, Nokia, Samsung និង Apple

​ជួប​ជាមួយ​លោកស្រី ចូ​វ​ឈុន​ហ្វៃ (Zhou Qunfei) អតីត​កម្មករ​រោងចក្រ និង​បាន​បោះបង់ចោល​ការសិក្សា​ថ្នាក់​វិទ្យាល័យ ហើយ​ឥឡូវ​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៨ ពាន់​លាន​ដុល្លារ ដែលជា​ស្ត្រី​មាន​ជាងគេ​បំផុត​នៅលើ​ផែនដី​ដោយសារ​ការខិតខំ​ដោយ​ខ្លួនឯង ដែល​ទាំងនេះ​គឺ​យោងតាម​ទស្សនាវដ្ដី Forbes​។​

​លោកស្រី ចូ​វ គឺជា​សហគ្រិន​ចិន​ដែល​បង្កើត​ក្រុមហ៊ុន Lens Technology ដែល​ផលិត​និង​លក់​កញ្ចក់​អេក្រង់​និង​ស្រោម​ឱ្យ​ក្រុមហ៊ុន​ដូចជា Apple និង Samsung​។​

​លោកស្រី ចូ​វ​ឈុន​ហ្វៃ វ័យ ៤៧ ឆ្នាំ គឺជា​សេដ្ឋី​ពាន់​លាន​ដោយសារ​ខំ​ដោយ​ខ្លួនឯង វ័យក្មេង​ជាងគេ​នៅលើ​បញ្ជី​ទស្សនាវដ្ដី Forbes ហើយ​ការចាប់ផ្តើម​ដ៏​តូច​ទាប​បំផុត​របស់​លោកស្រី​បានធ្វើឱ្យ​គាត់​ជោគជ័យ​មិន​នឹកស្មាន​ដល់​។​

​យោងតាម New York Times បានឱ្យដឹងថា លោកស្រី​បាន​ធំ​ដឹងក្ដី​នៅ​ភាគ​កណ្ដាល​ប្រទេស​ចិន​។ ម្ដាយ​របស់គាត់​បានទទួល​មរណភាព​នៅពេល​លោកស្រី​មាន​អាយុ ៥ ឆ្នាំ​ហើយ​ឪពុក​របស់គាត់​ក៏​ចាប់ផ្តើម​មើល​អ្វី​ក៏​លែង​សូវ​ច្បាស់​ហើយ​បាន​បាត់បង់​ម្រាមដៃ​មួយ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ឧស្សាហកម្ម​មួយ​។ ជា​ក្មេងស្រី​តូច​ម្នាក់ លោកស្រី​បានចាប់ផ្ដើម​ចិញ្ចឹម​ជ្រូក​និង​ទា​ដើម្បី​រក​ម្ហូបអាហារ​និង​លុយកាក់​សម្រាប់​គ្រួសារ​។​

​នៅ​អាយុ ១៦ ឆ្នាំ អនាគត​សហគ្រិន​រូបនេះ​ត្រូវបាន​បង្ខំចិត្ត​ឈប់​ពី​វិទ្យាល័យ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ មិនយូរ​មិនឆាប់​គាត់​បាន​រក​ការងារ​នៅ​រោងចក្រ​ផលិត​កញ្ចក់​នាឡិកា ដោយ​រកបាន​ប្រមាណ ១ ដុល្លារ​ក្នុង​មួយថ្ងៃ​។​

​លោកស្រី​បាន​ប្រាប់​កាសែត​ខាងលើ​ថា ស្ថានភាព​រោច​ក្រ​ពិតជា​យ៉ាប់យ៉ឺន ៖ ខ្ញុំ​បានធ្វើការ​ពី​ម៉ោង ៨ ព្រឹក​ដល់ ១២ យប់ ហើយ​ជួនកាល ២ ទៀបភ្លឺ​។​

​នៅ​អាយុ ២២ ឆ្នាំ លោកស្រី​បានចាប់ផ្ដើម​រកស៊ី​ដោយ​ខ្លួនឯង​។ ជាមួយ​លុយ​ត្រឹមតែ ៣០០០ ដុល្លារ លោកស្រី​ចូ​វ និង​ញាតិសន្តាន​ប៉ុន្មាន​នាក់​ទៀត​បានចាប់ផ្ដើម​បើក​សិប្បកម្ម​មួយ​ដោយ​ធ្វើ​កញ្ចក់​នាឡិកា​ឱ្យ​អតិថិជន​។​

​បើទោះជា​ក្រុមហ៊ុន​វិវឌ្ឍន៍​ទៅមុខ លោកស្រី​បានធ្វើការ​សម្រេចចិត្ត​ដែល​បាន​ផ្លាស់ប្ដូរ​មុខមាត់​របស់គាត់ គឺ​នៅពេល​គាត់​ចាប់ផ្ដើម​ផលិត​កញ្ចក់​ទូរស័ព្ទ​ដោយ​ធ្វើឱ្យ​ជំនួញ​របស់​លោកស្រី​ចាប់ផ្ដើម​ស្ទុះ​ឡើង​។​

Motorola គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ទាក់ទង​ក្រុមហ៊ុន​គាត់​ក្នុង​ឆ្នាំ ២០០៣ និង​បន្ទាប់មក​ក៏មាន​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ដូចជា HTC, Nokia, Samsung ហើយ​ចុងក្រោយ​គេ​គឺ​ក្រុមហ៊ុន Apple ក្នុង​ឆ្នាំ ២០០៧ ដែល​សុទ្ធតែ​ស្នើ​អេ​ក្រក់ Touch Screen ដោយ​ជួយ​ទ្រព្យសម្បត្តិ​ពាន់​លាន​ដុល្លារ​របស់គាត់​ឈានដល់​កម្រិត​កំពូល​។​

​លោកស្រី​បាន​ទទួលស្គាល់ថា ការរៀបចំ​អាជីវកម្ម​មិន​ងាយស្រួល​ឡើយ​។ ជា​ការពិត​លោកស្រី​បាន​ប្រាប់ AFR ថា គាត់​ធ្វើការ ១៨ ម៉ោង​ក្នុង​ថ្ងៃ​ខ្លះ​ហើយ​រក្សា​បន្ទប់​ស្នាក់​នៅក្នុង​ការិយាល័យរ​បស់​គាត់​។​

​ការខិតខំ​ប្រឹងប្រែងរ​បស់​លោកស្រី​ចូ​វ​ពិតជា​ទទួលបាន​ផល​។ ក្រុមហ៊ុន Lens Technology បាន​ធំធាត់​យ៉ាងខ្លាំង​ក្លា​ហើយ​ឥឡូវ​មាន​បុគ្គលិក​ប្រមាណ ៧៤.០០០ នាក់​នៅ​រោងចក្រ​ចំនួន ៣២ ក្នុង​តំបន់ ៧ ផ្សេងគ្នា​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ New York Times លោកស្រី​បាន​ប្រាប់​ពី​ដំណើរ​ជីវិត​ដែល​គាត់​បាន​ឆ្លងកាត់​។ នៅ​តំបន់​ដែល​គាត់​បាន​ធំ​ដឹងក្ដី ស្ត្រី​ដូច​គាត់​មិនមាន​លទ្ធភាព​បន្ត​ថ្នាក់​វិទ្យាល័យ​ឡើយ​។ ជម្រើស​តែមួយគត់​គឺ​ភ្ជាប់ពាក្យ​ឬ​រៀបការ​និង​ចំណាយពេល​មួយជីវិត​ក្នុងភូមិ​។ ប៉ុន្តែ​លោកស្រី​សុខចិត្ត​មិន​ដើរ​តាមផ្លូវ​នេះ​ទេ​។ គាត់​បាន​និយាយថា "​ខ្ញុំ​ជ្រើសរើស​ធ្វើ​ជំនួញ​ហើយ​ខ្ញុំ​គ្មាន​វិប្បដិសារី​ឡើយ​"៕

adverise with khmeread