វ៉ៃខ្នោះស្ត្រីម្នាក់ចាប់ក្មួយស្រីជីដូនមួយខ្លួនឯងជំរិតទារប្រាក់ ៤.០០០ ដុល្លារ

​កំពង់ឆ្នាំង ៖ ប៉ូលិសចាប់ឃាត់ខ្លួនស្ត្រីម្នាក់នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២២ ខែកក្កដា ២០១៧ ពីបទចាប់ជំរិតក្មេងស្រីម្នាក់ចេញពីរៀន ហើយគំរាមជំរិតទារប្រាក់ពីឪពុកម្តាយកុមារីរងគ្រោះ ៤.០០០ (៤ពាន់) ដុល្លារ។

​ប៉ូលិសនិយាយថា កុមារីរងគ្រោះឈ្មោះ ម៉ុក ​ចាន់រស្មី​ អាយុ៨ឆ្នាំ នៅភូមិព្រៃតាមួច​ ឃុំស្នំក្រពើ​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ត្រូវបានជនល្មើសចាប់យកកាលពីថ្ងៃទី២០ កក្កដា ២០១៧ ហើយជំរិតទារប្រាក់ពីឪពុកម្តាយចំនួន ៤.០០០ ដុល្លា​រតែត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្នុងខណៈដែលជនសង្ស័យជិះម៉ូតូឌុបទៅបើកប្រាក់នៅកន្លែងវេរប្រាក់ wing នៅចំណុចផ្សារលើ​ ក្រុង.ខេត្តកំពង់ឆ្នាំង។

​ចំណែកជនសង្ស័យត្រូវបានគេស្គាល់ថា ឈ្មោះ ហេង​ សុខលី​ អាយុ៣៨ឆ្នាំ រស់នៅភូមិកន្ទោក​ ខណ្ឌពោធិសែនជ័យ ត្រូវជាបងជីដូនមួយរបស់ឪពុកក្មេងរងគ្រោះ ដោយបានទៅបោកក្មេងរងគ្រោះពេលចេញពីសាលារៀនថា "ម្តាយរបស់ក្មួយឱ្យអុំមកទទួលក្មួយទៅផ្ទះ" រួចក៏នាំឡើងរថយន្ត១គ្រឿងជិះមកនៅផ្ទះសំណាក់១ ក្នុងក្រុងកំពង់ឆ្នាំង ហើយទូរស័ព្ទទៅជួបឪពុកក្មេងរងគ្រោះដោយឱ្យក្មេងរងគ្រោះនិយាយប្រាប់ឪពុកថាយកលុយ៤.០០០ដុល្លារប្រគល់ឱ្យគេទើបគេឱ្យទៅផ្ទះវិញ៕

adverise with khmeread