ខែក្រោយនៅថៃអាចនឹងកក្រើកខ្លាំង!!! ក្រុមអាវក្រហមថានឹងលើកទ័ពមកមុខតុលាការ នៅថ្ងៃចេញសាលក្រមថាតើលោកស្រីយីងឡាក់ជាប់គុកឬអត់ ខណៈយោធាប្រាប់ថាកុំមកឱ្យសោះ

រណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ (UDD) ឬក្រុមអាវក្រហម បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចៀសការហាមឃាត់អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីការប្រមូលផ្តុំនៅតុលាការនាខែក្រោយនេះ ដោយនិយាយថា ការហាមឃាត់នេះបានត្រឹមតែនាំឱ្យមានការប្រឈមមុខគ្នាប៉ុណ្ណោះ។

នាយកដ្ឋានព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយរបស់តុលាការកំពូលនិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងសម្រេចនៅថ្ងៃទី ២៥ ខែសីហា ថាតើលោកស្រីយីងឡាក់មានទោសកំហុសពីបទធ្វេសប្រហែសតួនាទីក្នុងការគ្រប់គ្រងគម្រោងទិញស្រូវអង្កររបស់រដ្ឋាភិបាលលោកស្រីឬក៏អត់។ អតីតនាយករដ្ឋមន្ត្រីរូបនេះមានគម្រោងថ្លែងសារបិទបញ្ចប់ការកាត់ក្តីដោយផ្ទាល់មាត់នៅថ្ងៃទី ១ សីហា។ ហើយប្រសិនបើរកឃើញទោសកំហុស លោកស្រីនឹងត្រូវជាប់គុក ១០ ឆ្នាំ និងពិន័យ ១០០០ លានដុល្លារ។

អ្នកគាំទ្រជិត ១.០០០ នាក់បានបង្ហាញខ្លួនដើម្បីគាំទ្រលោកស្រីនៅតុលាការកាលពីថ្ងៃសុក្រ នៅពេលលោកស្រីចូលរួមស្តាប់សវនាការចុងក្រោយរបស់គាត់។ មានការសន្និដ្ឋានថា អ្នកគាំទ្រដ៏ច្រើនលើសលុបរបស់លោកស្រីនឹងបង្ហាញខ្លួនដើម្បីលើកទឹកចិត្តលោកស្រីនៅខែក្រោយនេះ។

មេដឹកនាំអាវក្រហម លោក Weng Tojirakarn និយាយកាលពីថ្ងៃសៅរ៍ថា ការគំរាមពីសំណាក់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ប្រឆាំងអ្នកគាំទ្រលោកស្រីយីងឡាក់ នៅមុនការបង្ហាញខ្លួនរបស់លោកស្រីយីងឡាក់នៅតុលាការកាលពីថ្ងៃសុក្រ បានញ៉ាំងឱ្យអ្នកគាំទ្ររឹតតែនាំគ្នាចេញមកកាន់តែច្រើន។

អ្នកគាំទ្រគ្រប់គ្នាមានបំណងជំរុញទឹកចិត្តលោកស្រីយីងឡាក់ ហើយនៅពេលរដ្ឋាភិបាលព្យាយាមឃាត់ឃាំងពួកគេ ពួកគេចេញមករឹតតែច្រើន។

លោក Weng និយាយថា "ខ្ញុំចង់ផ្តល់មតិខ្លះដល់ឧត្តមសេនីយ៍ប្រាយុទ្ធនៅថ្ងៃទី ១ និង ២៥ សីហាថា គាត់មិនគួរហាមប្រជាជនមកចូលរួមម្តងទៀតនោះទេ បើមិនដូច្នោះទេ ការបង្ហាញខ្លួនរបស់អ្នកគាំទ្រនឹងកាន់តែធំជាងកាលពីថ្ងៃសុក្រទៅទៀត ហើយការទប់ទល់មនុស្សដ៏ច្រើននៅមុខតុលាការច្បាស់ជាលំបាក។ ប្រសិនបើមានរឿងអ្វីកើតឡើង រដ្ឋាភិបាលនឹងបង្កការបំផ្លាញដោយខ្លួនឯង"។

ទន្ទឹមនេះ ប្រភពពីក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) និយាយថា មនុស្សយ៉ាងច្រើនរំពឹងចូលរួមនៅព្រឹត្តិការណ៍ ២៥ សីហា។ ប្រភពនិយាយថា NCPO នឹងដាក់ពង្រាយទាហានដើម្បីបង្កើតការយល់ដឹងក្នុងចំណោមប្រជាជន និង សុំឱ្យពួកគេតាមដានការកាត់ក្តីនៅផ្ទះ កុំមកចូលរួមនៅមុខតុលាការ។

ប្រភពនិយាយទៀតថា NCPO ប្រាប់ប្រជាជនកុំឱ្យចេញមកមុខតុលាការ ព្រោះវាអាចនឹងរំខានដំណើរការនីតិវិធីកាត់ក្តីរបស់តុលាការ និងបង្កការកកស្ទះចរាចរណ៍។

ប្រភព NCPO ដដែលបន្ថែមថា "មេៗយោធាបួនភូមិភាគបានណែនាំកងកម្លាំងទាំងអស់ឱ្យរក្សាការតាមដានចលនានយោបាយទាំងអស់ ដើម្បីធានាសណ្តាប់ធ្នាប់"។

ប្រភពបន្ថែមថា ប្រសិនបើមានសកម្មភាពណាមួយដែលគាំទ្រដល់ការដឹកប្រជាជនដ៏ច្រើនចូលក្រុងបាងកក កងកម្លាំងយោធានឹងត្រូវដាក់ពង្រាយ ដើម្បីនិយាយពន្យល់ប្រជាជន ដោយបន្ថែមថា ពួកទាហាននឹងស្នើឱ្យប្រជាជនកុំប្រើប្រាស់ការប្រមូលផ្តុំដើម្បីដាក់សម្ពាធលើដំណើរការកាត់ក្តីរកយុត្តិធម៌៕ ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread