អាមេរិកប្រាប់មីយ៉ាន់ម៉ាឱ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង

ក្រុមអតីតមន្ត្រីនិងមន្ត្រីបច្ចុប្បន្នជាច្រើននាក់បាននិយាយថា​ យោធាមីយ៉ាន់ម៉ាបានរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង បើទោះជារដ្ឋាភិបាលដឹកនាំដោយស៊ីវិលនេះព្យាយាមបដិសេធថាមិនបានធ្វើកិច្ចសហប្រតិបត្តិការណាមួយក៏ដោយ ហើយរដ្ឋការលោក ដូណាល់ត្រាំ កំពុងជំរុញដើម្បីផ្ដាច់ទំនាក់ទំនងដែលនៅសល់ជាមួយកូរ៉េខាងជើងចោលតែម្ដង។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជូនដំណឹងអំពីបញ្ហានេះដល់ទីប្រឹក្សារដ្ឋ លោកស្រីអ៊ុងសានស៊ូជី និងមេបញ្ជាកងទ័ពលោកឧត្ដមសេនីយ៍ មីនអ៊ុងឡាង អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះកាលពីសប្ដាហ៍មុនដោយប្រេសិតពិសេសអាមេរិកប្រចាំកូរ៉េខាងជើង។

យោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Joseph Yun គូសបញ្ជាក់ពីការបន្តបារម្ភរបស់អាមេរិកជុំវិញការជាប់ទាក់ទងជាមួយកូរ៉េខាងជើង ដែលកើតមានក្នុងរបបយោធារបស់មីយ៉ាន់រាប់ទសវត្សរ៍។

មន្ត្រីរូបនោះបានប្រាប់រ៉យទ័រយ៉ាងដូច្នេះថា "វាជាឱកាសដើម្បីបញ្ជូនសារដែលថារាល់ការចូលរួមជាមួយកូរ៉េខាងជើង ជាពិសេសការចូលរួមយោធា គឺបង្កផលវិបាកក្នុងការព្យាយាមបញ្ឈប់ការគំរាមកំហែងដាក់ចេញដផយកូរ៉េខាងជើងនៅក្នុងតំបន់និងសកលលោក"។

គាត់បានបដិសេធក្នុងការបញ្ជាក់ថាតើកិច្ចសហប្រតិបត្តិការយោធាប្រភេទណាដែលបានបន្តរវាងកូរ៉េខាងជើងនិងមីយ៉ាន់ម៉ា។

គេមិនឃើញមានការឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺពីស្ថានទូតមីយ៉ាន់ប្រចាំក្រុងវ៉ាស៊ីនតោនឡើយ៕ ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread