បទអេស្ប៉ាញ Despacito ចេញទើបជិត៧ខែមានអ្នកចុចមើលជិត ៣០០០ លានដង ត្រូវម៉ាឡេស៊ីហាមឃាត់លើស្ថានីយវិទ្យុនិងទូរទស្សន៍ព្រោះ...

មន្ត្រីជាន់ខ្ពស់មួយរូបនិយាយថា ម៉ាឡេស៊ីបានហាមឃាត់ការចាក់បទចម្រៀងបែបអាសអាភាស Despacito បន្ទាប់ពីក្រុមអ្នករិះគន់ចាត់ទុកវា ផ្ទុយទៅនឹងគោលលទ្ធិនៃសាសនាអ៊ីស្លាម។

ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើននេះ នឹងលែងចាក់ផ្សាយបទចម្រៀងល្បីនេះលើស្ថានីយសាធារណៈរបស់ខ្លួនតទៅទៀតហើយ បន្ទាប់ពីរដ្ឋាភិបាលបានទទួលការតវ៉ាជាច្រើនជុំវិញសាច់អត្ថន័យពោរពេញដោយភាពអាសគ្រាមរបស់បទនេះ។

អ្នកនយោបាយម្នាក់ថែមទាំងទៅកាន់តែជ្រៅជាងនេះទៀត ដោយចាត់ទុកបទចម្រៀងភាសាអេស្ប៉ាញ ដែលមានពាក្យថា "បងចង់ស្រាតសម្លៀកបំពាក់អូនជាមួយការថើបសន្សឹមៗ" ថា "អាសអាភាស"។

រដ្ឋមន្ត្រីគមនាគមន៍ និង ប្រព័ន្ធផ្សព្វផ្សាយចម្រុះ លោក សាឡេស សាអ៊ីដ កេរូអាក់ បាននិយាយថា ខ្លឹមសារចម្រៀង "មិនសមនឹងស្តាប់ទេ" និងបន្ថែមទៀតថា លោកសង្ឃឹមថា​ស្ថានីយឯកជននឹងធ្វើតាមគំរូរដ្ឋាភិបាល។

គួរបញ្ជាក់ថា​ បទ Despacito ជាភាសាអេស្ប៉ាញនេះបានបង្ហោះលើ YouTube កាលពីថ្ងៃទី១២ មករា ២០១៧ ប៉ុន្តែគិតមកទល់ឥឡូវនេះមានអ្នកចុចមើលដល់ទៅ ២.៧៦៦.២៨៦.៩៤១ ដងឯណោះ៕

adverise with khmeread