ទើបតែប្រកាសខួងយកឧស្ម័នកាលពីខែមុនក្នុងសមុទ្រចិនខាងត្បូង ដោយថាមិនខ្លាចចិន ឥឡូវវៀតណាមបញ្ឈប់ខួងភ្លាមៗ ក្រោយចិនគំរាមវាយប្រហារ

តាមសេចក្តីរាយការណ៍ វៀតណាមបានបញ្ឈប់ដំណើរខួងឧស្ម័នក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការគំរាមកំហែងខ្លាំងៗពីចិន។

ប្រភពក្នុងឧស្សាហកម្មប្រេងនៅអាស៊ីអាគ្នេយ៍បានប្រាប់សារព័ត៌មាន BBC ថា ក្រុមហ៊ុននៅពីក្រោយការខួងឧស្ម័ន គឺ Repsol of Spain ត្រូវបានបញ្ជាឱ្យចាកចេញពីតំបន់។

ការបញ្ឈប់នេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនប្រកាសអំពីវត្តមានតំបន់ឧស្ម័នដ៏ធំ។ របាយការណ៍ទាំងនោះត្រូវបានបញ្ជាក់អះអាងដោយប្រភពការទូតវៀតណាម។

យោងតាមប្រភពឧស្សាហកម្ម ក្រុមមន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Repsol ត្រូវបានរដ្ឋាភិបាលក្រុងហាណូយប្រាប់កាលពីសប្តាហមុនថា ចិនបានគំរាមវាយប្រហារមូលដ្ឋានទ័ពវៀតណាមក្នុងប្រជុំកោះស្ព្រាតលី ប្រសិនបើការខួងឧស្ម័នមិនបញ្ឈប់ទេនោះ។

ចិនអះអាងកាន់កាប់សមុទ្រចិនស្ទើរទាំងស្រុង ក្នុងនោះរួមទាំងកោះថ្មប៉ប្រះទឹក និង កោះនានា ដែលអះអាងទាមទារដោយបណ្តាប្រទេសផ្សេងទៀតផងដែរ។

ដំណើររុករកនិងខួងឧស្ម័ននេះបានចាប់ផ្តើមកាលពីខែមុនក្នុងតំបន់ប្រហែល ៤០០ គីឡូម៉ែត្រនៃឆ្នេរភាគអាគ្នេយ៍វៀតណាម។

វៀតណាមហៅតំបន់នោះថា ប្លុក ១៣៦-០៣ និង បានជួលវាឱ្យទៅក្រុមហ៊ុនមួយហៅថា Talisman-Vietnam ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Repsol ។

ចិនហៅវាថា តំបន់វ៉ាណាន ប៉ី ២១ និងបានជួលតំបន់ដូចគ្នានេះដែរឱ្យទៅក្រុមហ៊ុនមួយផ្សេងទៀត។

គេមិនដឹងថាចិនជួលឱ្យក្រុមហ៊ុនមួយណាឱ្យប្រាកដទេ។ ក្នុងឆ្នាំ ២០១៥ សិទ្ធិខួងឧស្ម័នរបស់ចិនបានលក់ឱ្យទៅក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ហៅថា Brightoil ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធថ្មីៗនេះថាមិនបានទទួលសិទ្ធិខួងឧស្ម័នទេ។

នាយកពីរនាក់របស់ក្រុមហ៊ុន Brightoil គឺជាសមាជិកជាន់ខ្ពស់នៃគណបក្សកុំម្មុយនីស្តចិន។ ក្រុមហ៊ុន Talisman-Vietnam ពីមុនគឺកាន់កាប់ដោយក្រុមហ៊ុនកាណាដា Talisman ប៉ុន្តែតាំងពីឆ្នាំ ២០១៥ មក បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនអេស្ប៉ាញ Repsol ។

អ្នកវិភាគម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានព្យាករណ៍ថា ក្រុមហ៊ុន Repsol បានចំណាយប្រហែល ៣០០ លានដុល្លារលើការអភិវឌ្ឍតំបន់ឧស្ម័ននោះ គិតមកទល់ឥឡូវនេះ។ ហេតុដូច្នេះហើយ ទើបគេមានការភ្ញាក់ផ្អើលដែលវៀតណាមដកថយចេញពីតំបន់ខួងឧស្ម័នលឿនដូច្នេះ។

ក្នុងឆ្នាំ ២០១៤ នាវាល្បាត និងនាវាជាច្រើនគ្រឿងទៀតរបស់ចិននិងវៀតណាមបានប្រឈមមុខដាក់គ្នានៅតំបន់ផ្សេងទៀតនៃសមុទ្រចិនខាងត្បូង ស្ថិតនៅភាគខាងជើងក្បែរប្រជុំកោះផារ៉ាសែល។ តាំងពីពេលនោះមក ប្រទេសទាំងពីរបានព្យាយាមបញ្ចៀសការប្រឈមមុខដាក់គ្នាសាជាថ្មី៕ ប្រភព៖BBC

adverise with khmeread