អ្នកភូមិចិនមួយក្រុមបានធ្វើដំណើរទៅប្រទេសហូឡង់ដើម្បីទាមទារឱ្យអ្នកដើរប្រមូលវត្ថុបុរាណហូឡង់ម្នាក់ប្រគល់រូបសំណាកព្រះពុទ្ធដែលមានផ្ទុកសាកសពសង្ឃមួយអង្គអាយុកាល ១.០០០ ឆ្នាំ និងមានកម្ពស់ប្រមាណ ១,២ ម៉ែត្រ។
ក្រុមអ្នកភូមិអះអាងថា រូបសំណាកនោះគឺជា ចាងកងជូសឺ ដែលជាព្រះបរមគ្រូគួរឱ្យគោរពមួយអង្គ ដែលធ្លាប់ជាមោទនភាពនិងភាពរីករាយរបស់អ្នកភូមិយ៉ាងឈុនរហូតទាល់តែត្រូវបានចោរលួចកាលពី ២២ ឆ្នាំមុន ពីវត្តក្នុងស្រុករបស់ពួកគេនៅចិនភាគអាគ្នេយ៍ក្នុងឆ្នាំ ១៩៩៥។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកប្រមូលជនជាតិហូឡង់ឈ្មោះ Oscar van Overeem បាននិយាយថា គាត់នឹងប្រគល់រូបសំណាកនិងរបស់សេសសល់ទាំងប៉ុន្មាន ប៉ុន្តែគាត់មិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយជនជាតិចិនលើលក្ខខណ្ឌប្រគល់ជូនទេ។
ការជំនុំជម្រះបណ្ដឹងនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងអាមស្ទើដាម។
ទោះយ៉ាងណាលោក Overeem បានប្រាប់តុលាការថា គាត់នឹងប្រគល់វត្ថុបុរាណនេះប៉ុន្តែជនជាតិចិនមិនយល់ព្រមតាមសំណើរបស់គាត់នៃការទទួលបានសំណងសមហេតុផល។
គាត់ក៏បាននិយាយថា ប្រហែលអាចជាកំហុសនៃការសម្គាល់រូបសំណាក ហើយរូបសំណាកនេះប្រហែលមិនមែនជាវត្ថុបុរាណដែលត្រូវបានលួចពីភូមិយ៉ាងឈុនទេ។
លៀវយ៉ាង ដែលបានដឹកនាំក្រុមអ្នកច្បាប់បានយ៉ាងជោគជ័យក្នុងការប្រមូលវត្ថុបុរាណដែលត្រូវបានលួចពីសួនច្បារយ័នមីងយ័នក្នុងទីក្រុងប៉េកាំង កំពុងតំណាងឱ្យអ្នកភូមិក្នុងការទាមទាររូបព្រះពុទ្ធ។ លោកលៀវពិតជាមានទំនុកចិត្តថានឹងឈ្នះករណីនេះ។
គាត់បានប្រាប់ Telegraph មុនការជំនុំជម្រះយ៉ាងដូច្នេះថា "រូបសំណាកនេះជាកម្មសិទ្ធិរបស់អ្នកភូមិ ហើយខ្ញុំគិតថា ម្ចាស់ជនជាតិហូឡង់គួរសម្ដែងការសមរម្យដើម្បីដកខ្លួនគាត់ចេញពីស្ថានការណ៍លំបាកនេះ"៕
