ទប់មិនបានវាយធ្វើបាបសឹងរាល់ថ្ងៃ ត្រូវប្រពន្ធប្តឹងឱ្យចាប់ខ្លួនប្តីដៃជំនាញខាងដាល់

កណ្តាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារប្រពន្ធទប់មិនបានវាយធ្វើបាបសឹងរាល់ថ្ងៃ ត្រូវប្រពន្ធប្តឹងឱ្យចាប់ខ្លួនប្តីដៃជំនាញខាងដាល់នៅថ្ងៃទី២២ កក្កដា ២០១៧ វេលា ម៉ោង៩ និង៣០នាទីយប់នៅចំណុចផ្ទះសាម៉ីខ្លួនទាំងពីរស្ថិតភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៀង សុភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើមានស្នាម ហើម ជាំភ្នែកខាងឆ្វេងចំនួន ១កន្លែង។

ចំណែកជនសង្ស័យឈ្មោះ ចាន់ គឹមជឿន ភេទប្រុស អាយុ៣៦ឆ្នាំ (ត្រូវជាប្ដី) ជនជាតិ ខ្មែរ មុខរបរកសិករ (ឃាត់ខ្លួន) មានទីលំនៅ ៗ ភូមិឃុំ កើតហេតុខាងលើ។

ប៉ូលិសបន្តថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់ ពេលនោះឈ្មោះ ចាន់ គឹមជឿន មានសភាពស្រវឹងស្រាបៀរ ហើយមកដល់ផ្ទះផឹកស្រាបៀរបន្ដទៀត ក៏បានឃើញមុខប្រពន្ធឈ្មោះ សៀង សុភាព នឹកឃើញរឿងអតីតកាលដែលប្រច័ណ្ឌប្រពន្ធមានប្រុសលួចលាក់ពេលលែងលះគ្នា។

ភ្លាមនោះឈ្មោះ ចាន់ គឹមជឿន បានដាល់ ប្រពន្ធចំនួន ១ដៃចំភ្នែកខាងឆ្វេង បណ្ដាលឱ្យហើមជាំតែម្ដង។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្ដិ៍ តាលន់ បានអន្ដរាគមន៍ ដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនឈ្មោះ ចាន់ គឹមជឿន មកសាកសួរដើម្បីបន្ដអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថាឈ្មោះចាន់ គឹមជឿន បានប្រព្រឹត្ដអំពើហិង្សាទៅលើប្រពន្ធឈ្មោះសៀង សុភាពជាប្រចាំ ធ្វើឱ្យប្រពន្ធទ្រាំលែងបានទើបប្ដឹងមកសមត្ថកិច្ច៕

adverise with khmeread