​ចិន​បង្ហាញ​មី​ស៊ី​ល​ថ្មី​ទំនើប អាច​បាញ់​ដល់​អាមេរិក​និង​អឺរ៉ុប នៅមុន​ពិធី​រំលឹក​ខួប​ទី ៩០ នៃ​ការបង្កើត​កងទ័ព​រំដោះ​ប្រជាជន​

​ប្រទេស​ចិន​បានដាក់​បង្ហាញ​ជា​សាធារណៈ​ជា​លើកដំបូង​នូវ​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់ខ្លួន​ខណៈ​យោធា​ប្រទេស​នេះ​ត្រៀម​ប្រារព្ធ​ខួប ៩០ ឆ្នាំ នៃ​ការបង្កើត​កងទ័ព​រំដោះ​ប្រជាជន​ក្នុងឆ្នាំនេះ​។​

​ម៉ូ​ដែល​មី​ស៊ី​ល Dongfeng-31AG ដែលជា​ការវិវឌ្ឍ​ពី​មី​ស៊ី​ល DF-31A ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​នៅ​ពិព័រណ៍​បញ្ជាក់​ពី​ខួប​នៅ​សារមន្ទីរ​យោធា​របស់​បដិវត្តន៍​ប្រជាជន ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​សប្ដាហ៍​មុន​។​

​ក្រុម​អ្នកជំនាញ​យោធា​បាន​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​នេះ​ត្រូវគេ​រំពឹងថា មាន​រយៈ​ចម្ងាយ ១១.០០០ គីឡូម៉ែត្រ​ស្រដៀង​នឹង DF-31A ដែល​អាច​ហោះ​ទៅ​ដល់ទី​ទាំង​ជា​ច្រើ​នៅ​អាមេរិក និង​រដ្ឋធានី​នៅ​ទ្វីបអឺរ៉ុប ប៉ុន្តែ​ប្រព័ន្ធ​ថ្មី​នេះ​អាច​ចល័ត​បាន​ដោយសារ​ការ​រចនា​យាន​ថ្មី​។​

​អ្នកជំនាញ​ខាង​យោធា​នៅ​ម៉ា​កាវ​លោក Antony Wong Dong បាន​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​នេះ​ប្រើ​បច្ចេកវិជ្ជា ដែល​ប្រើ​សម្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​មធ្យម​ដូច DF-26 និង​រយៈ​ចម្ងាយ​ឆ្ងាយ DF-41​។ ពួកវា​មិនចាំបាច់​ត្រូវការ​ទីតាំង​សម្រាប់​បាញ់​ឡើយ​ព្រោះ​យាន​ដែល​ដឹក​មី​ស៊ី​ល​នេះ​អាច​ឈប់​នៅពេលណា​ក៏បាន​ដើម្បី​បាញ់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​មី​ស៊ី​ល​ជាមួយ​ការ​ចល័ត​ខ្ពស់​ត្រូវគេ​មើលឃើញ​ជាការ​គំរាមកំហែង​ផ្នែក​យុទ្ធសាស្ត្រ​ដ៏​ធំ​ជាង​មី​ស៊ី​ល​ដែល​ដាក់​ជើង​ទម្រ ព្រោះ​ពួកវា​អាច​ប្ដូរ​ទីតាំង​និង​លាក់ខ្លួន​ដើម្បី​បញ្ចៀស​ពី​ការចាប់​បាន​ដោយ​ផ្កាយរណប​ឬក៏​ឧបករណ៍​ផ្សេងទៀត ដោយ​ធ្វើឱ្យ​ពួកវា​ពិបាក​តាមដាន​ឬក៏​កម្ទេចចោល​អំឡុងពេល​មាន​ជម្លោះ​៕

adverise with khmeread