គ្មាននរណាអាចជួយបានឡើយ!!! អាជ្ញាធរអនុវត្តច្បាប់ថៃកំពុងចាប់ផ្តើមរឹបអូសយកទ្រព្យសម្បត្តិលោកស្រីយីងឡាក់ បណ្តើរៗហើយ

យោងតាមប្រភពបាងកកប៉ុស្ដិ៍នាយកដ្ឋានអនុវត្តច្បាប់នឹងចាប់ផ្តើមរឹបអូសយកទ្រព្យសម្បត្តិពីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បន្ទាប់ពីទទួលបានព័ត៌មានលម្អិតអំពីគណនីធនាគារចំនួន ១២ របស់លោកស្រី ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ។

លោកស្រី រឿនវ៉ាន់ឌី សុវ៉ាន់មង្គល អគ្គនាយកនៃនាយកដ្ឋានអនុវត្តច្បាប់ និយាយកាលពីថ្ងៃចន្ទទី២៤កក្កដាថា នាយកដ្ឋានលោកស្រីបានទទួលបញ្ជីគណនីធនាគាររួចហើយ ហើយនឹងចាត់វិធានការតាមការស្នើពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

លោកស្រីបន្ថែមថា ដោយសារស្ថានភាពដែនកំណត់នៃករណីនេះមានរយៈពេល ១០ ឆ្នាំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាចផ្ញើបញ្ជីថែមទៀត ជាបន្តបន្ទាប់មកនាយកដ្ឋានអនុវត្តច្បាប់ ដើម្បីរឹបអូសទ្រព្យសម្បត្តិលោកស្រីយីងឡាក់។

ក្រសួងហិរញ្ញវត្ថុនិយាយកាលពីថ្ងៃចន្ទនេះថា ខ្លួនបានបញ្ជូនព័ត៌មានលម្អិតអំពីគណនីធនាគារចំនួន ១២ ក្រោមឈ្មោះលោកស្រីយីងឡាក់ ទៅនាយកដ្ឋានអនុវត្តច្បាប់ កាលពីពីរសប្តាហ៍មុន ដូច្នេះចំណាត់ការបន្ថែមទៀតអាចនឹងធ្វើឡើងដើម្បីដកហូតទ្រព្យសម្បត្តិលោកស្រីយីងឡាក់។

ក្រសួងនឹងបន្តកំណត់ទ្រព្យសម្បត្តិដទៃទៀតរបស់លោកស្រី បន្ទាប់ពីក្រុមប្រឹក្សាបំណុលស៊ីវិល បានសម្រេចឱ្យលោកស្រីយីងឡាក់ត្រូវតែបង់ប្រាក់ចំនួន ៣៥ ពាន់លានបាត (​ប្រហែល ១.០០០ លានដុល្លារអាមេរិក) ក្នុងចំណោមការខូចខាតតម្លៃ ៣៥០ ពាន់លានដុល្លារ ដែលបានកើតឡើងក្នុងកម្មវិធីសន្យាទិញស្រូវអង្កររបស់រដ្ឋាភិបាលលោកស្រី។ នេះបើតាមការលើកឡើងរបស់លេខាធិការអចិន្រ្តៃ លោកសំចៃ ស៊ូចាពង់សែ នៅថ្ងៃចន្ទនេះ។

លោកសំចៃបានបដិសេធលាតត្រដាងចំនួនទឹកប្រាក់នៅក្រោមគណនីធនាគាររបស់លោកស្រីយីងឡាក់ ប៉ុន្តែនិយាយថា ក្រសួងកំពង់រង់ចាំព័ត៌មានពីបណ្តាទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត មុនពេលបញ្ជូនបញ្ជីទ្រព្យសម្បត្តិផ្សេងទៀតទៅនាយកដ្ឋានអនុវត្តច្បាប់។

ដឹកនាំដោយអគ្គនាយកលោក ម៉ាណាស់ ចែមវេហា ក្រុមប្រឹក្សាបំណុលស៊ីវិលរបស់ក្រសួង បានសម្រេចថា លោកស្រីយីងឡាក់ ត្រូវតែទទួលខុសត្រូវចំពោះការខូចខាតក្រោមឆ្នាំដាំដុះ ២០១២/១៣ និង ២០១៣/១៤ ដែលសរុបជាទឹកប្រាក់គឺ ១៧៨ ពាន់លានបាត។

ផ្អែកទៅតាមច្បាប់បំណុលស៊ីវិល រាល់បុគ្គលដែលទទួលខុសត្រូវចំពោះការខូចខាតទាំងឡាយ ត្រូវតែចែករំលែកការទទួលខុសត្រូវ។ ក្នុងករណីលោកស្រីយីងឡាក់ ក្រុមប្រឹក្សាសម្រេចឱ្យលោកស្រីទទួលខុសត្រូវការខូចខាតចំនួន ២០ ភាគរយ។

សម្រាប់ឆ្នាំដាំដុះ ២០១១/១២ និង ឆ្នាំដាំដុះ ២០១២ ដែលការខូចខាតមានទឹកប្រាក់សរុប ១១៥ ពាន់លានបាត ក្រុមប្រឹក្សាបានសម្រេចថា អតីតនាយករដ្ឋមន្ត្រីយីងឡាក់ មិនមានទំនួលខុសត្រូវទេ ព្រោះវាកើតឡើង មុនពេលលោកស្រីត្រូវបានព្រមានដោយគណៈកម្មការប្រឆាំងអំពើពុករលួយជាតិ ការិយាល័យអគ្គអធិការកិច្ច និង ការិយាល័យគ្រប់គ្រងបំណុលសាធារណៈ ដែលការខាតបង់ទាំងនោះគឺមានចំនួនសរុបដល់ទៅ ២០០ ពាន់លានបាតរួចទៅហើយ។

លោកស្រីយីងឡាក់ ក៏ប្រឈមទោសព្រហ្មទណ្ឌផងដែរចំពោះការធ្វេសប្រហែសភារកិច្ចរបស់គាត់ក្នុងកម្មវិធីទិញស្រូវអង្ករ។ តុលាការកំពូលសម្រាប់អ្នកនយោបាយ នឹងសម្រេចអំពីករណីរបស់លោកស្រីយីងឡាក់នៅថ្ងៃទី ២៥ សីហា។ ប្រសិនបើរកឃើញទោស លោកស្រីប្រឈមជាប់គុក ១០ ឆ្នាំ បើមិនអ៊ីចឹងទេ លោកស្រីអាចស្នើសុំតុលាការពិចារណាករណីរបស់គាត់ឡើងវិញ ដូចដែលបានអនុញ្ញាតក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧៕

adverise with khmeread