ស្ទះចរាចរណ៍ពេក បុរសម្នាក់សម្រេចចិត្តហែលទន្លេមកធ្វើការជាប្រចាំ!!!

មនុស្សភាគច្រើនពេញចិត្តនឹងធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង ឬយានជំនិះផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់បុរសម្នាក់នេះវិញ គាត់ធ្វើដំណើរទៅកាន់ទីកន្លែងការងាររបស់ខ្លួនដោយហែលទឹក។

លោក Benjamin David មានអារម្មណ៍មិនរីករាយនោះឡើយជាមួយនឹងភាពតានតឹងនៃដំណើរលើដងវិថីដ៏មមាញឹកក្នុងទីក្រុង។ ដូច្នេះបុរសរូបនេះបច្ចុប្បន្នសម្រេចចិត្តខ្ចប់កុំព្យូទ័រយួរដៃរបស់គាត់ សម្លៀកបំពាក់ និងស្បែកជើងចូលទៅក្នុងកាបូបការពារទឹក ដោយស្ពាយវានៅពីក្រោយខ្នងរបស់គាត់ និងហែលទឹកចម្ងាយ ២គីឡូម៉ែត្រទៅកាន់កន្លែងធ្វើការរបស់ខ្លួនតាមបណ្តោយដងទន្លេ Isar River ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

អាស្រ័យទៅលើរដូវកាល គាត់ពាក់នូវជើងទាហែលទឹក ឬឈុតហែលទឹក ក៏ដូចគ្នាទៅនឹងការពាក់ស្បែកជើងកៅស៊ូផងដែរ ដើម្បីការពារជើងរបស់គាត់ពីអំបែងកញ្ចក់ ឬ វត្ថុផ្សេងៗទៀតនៅបាតទន្លេ។

ការធ្វើដំណើររបស់គាត់ពេលខ្លះទទួលបានការសើចចម្អកពីអ្នកឈរមើលពីលើស្ពាន ប៉ុន្តែគាត់និយាយថា វាលឿនជាង និងមានភាពស្រស់ស្រាយជាងអង្គុយតប់ប្រមល់នៅក្នុងចរាចរណ៍កកស្ទះ៕


 

adverise with khmeread