adverise with khmeread 1

គ្រូបង្វឹក Juventus បដិសេធ​ពី​ការដឹកនាំ​ក្រុម​តោ​ខៀវ Chelsea

​លោក Massimiliano Allegri បាន​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ការផ្ទេរ​ណាមួយ​ទៅកាន់​ក្រុម Chelsea ទៅហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​អតីត​គ្រូបង្វឹក​ក្រុម​យក្ស AC Milan រូបនេះ​បាន​ជាប់ទាក់ទង​ពី​ការចាកចេញ​ទៅ​ដឹកនាំ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ដ៍​មួយ​នេះ ហើយ​គាត់​បាន​ទទូច​ទៀតថា គាត់​កំពុងតែ​ផ្តោតលើ Juventus តែប៉ុណ្ណោះ​។​

​គាត់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា "​គ្មាន​អ្វីដែល​ជាប់ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម Chelsea នោះទេ​។ ខ្ញុំ​មិនអាច​បញ្ជាក់​បានទេ​ឬក៏​បដិសេធថា​រឿងនេះ​មិនបាន​កើតឡើង​នោះដែរ ។ ខ្ញុំ​ចង់​ចេញមក​បញ្ជាក់ថា​រឿងនេះ​សូម​ចប់​ត្រឹមហ្នឹង​បាន​ហើយ​"​។​

​គាត់​បាន​បន្តទៀតថា "​វា​ពិតណាស់​ដែលថា​ខ្ញុំ​កំពុង​ពង្រឹង​ភាសា​អង់គ្លេស​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ភាសា​នេះ​តាំងពី​ខ្ញុំ​ដឹកនាំ​ក្រុម Cagliari មកម្ល៉េះ​"​។​

​ក្រុម​សេះបង្កង់ Juventus នឹងមាន​ភារកិច្ច​ដ៏​ធំ​ក្នុង​ក្របខ័ណ្ឌ Serie A ដែល​ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ក្រុម​កំពូល​តារាង Napoli នៅ​ថ្ងៃ​សៅរ៍​នេះ និង​លោក Allegri សង្ឃឹមថា ពួកគេ​នឹង​លើក​ពាន​នៅ​ម្តងទៀត​នៅ​ខែឧសភា​ខាងមុខនេះ បន្ទាប់ពី​លើក​ពាន​ធំ​ចំនួន​ពីរ​កាលពី​រដូវ​កាល​មុន​។​

​គ្រូបង្វឹក​បាន​បញ្ជា​ក់ម្ត​ង​ទៀតថា "​អ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ​ពេលនេះ​គឺ​បញ្ចប់​រដូវ​កាល​ជាមួយ Juventus​។ យើង​កំពុងតែ​តម្រង់ទិស​ចំពោះ​ពានរង្វាន់ ទោះជា​យ៉ាងណាក៏ដោយ វា​ក៏​មិន​ងាយស្រួល​នោះដែរ​។ យើង​នឹង​ព្យាយាម​ឆ្លងទៅ​វគ្គ​បន្ទាប់​ក្នុង​ក្របខ័ណ្ឌ Champions League​។ Bayern Munich ច្បាស់​ជា​ក្រុម​ដ៏​លំបាក​ប៉ុន្តែ​កាលពី​រដូវ​កាល​មុន យើង​មាន​ជំនឿ​ក្នុង​ការបំបាក់​ក្រុម​ទាំងអស់​"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់